អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​ការ​ប្រជែង​ក្នុង​បក្ស​កាន់តែ​ស្រួចស្រាល់ ក្រោយ សេន​ដឺ និង​ថេត គ្រុស ឈ្នះ​នៅ​រដ្ឋ Wisconsin
06, Apr 2016 , 12:05 pm        
រូបភាព
​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​លោក ប៊ែ​នី សេន​ដឺ (Bernie Sanders) និង​បេក្ខជន​បក្ស​សាធារណរដ្ឋ​លោក ថេត គ្រុស (Ted Cruz) បានទទួល​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត  (Primaries)​នៅ​រដ្ឋ​Wisconsin ថ្ងៃ​អង្គារ​ទី ៥ ខែមេសា​។ ជ័យជម្នះ​របស់​អ្នក​ទាំងពីរ​បង្ហាញថា ការ​ប្រជែង​គ្នា​ដើម្បី​ឆ្ពោះទៅរក​ការតែងតាំង​ពី​បក្ស​មិនទាន់​ដល់ទី​បញ្ចប់​នៅឡើយ​ទេ​។​

 
​ក្នុងការ​បោះឆ្នោត​សាកល្បង​ក្នុង​បក្ស នៅ​រដ្ឋ Wisconsin លោក ប៊ែ​នី សេន​ដឺ បាន​​ផ្តួល​គូប្រជែង​លោក​គឺ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន (Hillary Clinton)។ យោងតាម​លទ្ធផល​បោះឆ្នោត សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont  លោក សេន​ដឺ បានទទួល​សំឡេងគាំទ្រ ៥៧​ភាគរយ ខណៈ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​បាន​សំឡេងគាំទ្រ​ត្រឹមតែ ៤៣​ភាគរយ​ប៉ុណ្ណោះ​។ 
 
​លោក សេន​ដឺ កាន់តែ​មានសង្ឃឹម​ជាង​មុន ក្រោយ​ពេលដែល​លោក​បានឈ្នះ​នៅក្នុង​រដ្ឋ​នេះ ហើយ​វា​ក៏​សារ​មួយ​សម្រាប់​លោកស្រី អតីតរដ្ឋមន្ត្រី​ការបរទេស ហ៊ី​ឡា​រី គ្លី​ន​តុ​ន ផងដែរ​ថា សមរភូមិ​នយោបាយ​ឆ្ពោះទៅរក​ការតែងតាំង​ពី​បក្ស​មិនទាន់​ឈានដល់​ទីបញ្ចប់​នៅឡើយ​ទេ​។ តែ​លោកស្រី​នឹង​នាំមុខ​លោក សេន​ដឺ វិញ​នៅក្នុង​ការបោះឆ្នោត​នៅ​ទីក្រុង ញ៉ូ​វ​យ៉​ក ថ្ងៃ ១៩ ខែមេសា​ខាងមុខ   ហើយ​និង​ការបោះឆ្នោត​នៅ​រដ្ឋ Pennsylvania ដែល​ត្រូវ​រៀបចំឡើង​ក្នុងពេល​មួយ​សប្តាហ៍​បន្ទាប់​គ្នា​នោះ​។​
 
​ចំណែក​ខាង​គណបក្ស​សាធារណរដ្ឋ​វិញ សមាជិក​ព្រឹទ្ធសភា​រដ្ឋ​តិច​សាស លោក ថេត គ្រុស បាន​យកឈ្នះ​លើ​សេដ្ឋី​អចលនទ្រព្យ ដូ​ណា​ល់ ត្រាំ (Donald Trump) ដែល​នេះ​ជា​ក្តីសង្ឃឹម​ថ្មី​មួយទៀត​សម្រាប់​លោក​ក្នុង​ឈានទៅ​ទទួលបាន​ការតែងតាំង​ពី​បក្ស​។  លោក​បាន​សំឡេងគាំទ្រ ៤៩ ភាគរយ ខណៈ​លោក ដូ​ណា​ល់ ត្រាំ បាន​ត្រឹម​៣៥​ភាគរយ ហើយ​លោក ច​ន កា​សិ​ក (John Kasich) បានការ​គាំទ្រ​ត្រឹម ១៤​ភាគរយ​ប៉ុណ្ណោះ​។​
 
​តាមពិត​ទៅមុន​បោះឆ្នោត លោក ដូ​ណា​ល់ ត្រាំ ឯណោះ​ទេ​ដែល​រំពឹងថា នឹង​ទទួល​ជ័យជម្នះ​ក្នុង​រដ្ឋ Wisconsin តែ​ចុងក្រោយ​លោក ថេត គ្រុស ​ឯណោះ​ទេ​ដែលមាន​ប្រៀប​នោះ​។  ជ័យជម្នះ​របស់លោក ថេត គ្រុស ពេលនេះ កាន់តែ​ធ្វើ​ឲ្យ​ការ​ប្រជែង​គ្នា​ក្នុង​បក្ស​កាន់តែ​ស្រួចស្រាល់​ខ្លាំង ហើយ​វា​ក៏​ធ្វើ​ឲ្យ​សេដ្ឋី​អចលនទ្រព្យ ដូ​ណា​ល់ ត្រាំ បារម្ភ​ផងដែរ ព្រោះ​លោក​ធ្លាប់មាន​សុទិដ្ឋិនិយម​ខ្ពស់​ថា មានតែ​ខ្លួន​ម្នាក់​ទេ​នឹង​អាច​ទទួលបាន​ការតែងតាំង​ពី​បក្ស​ក្នុង​សមាជ​ខែកក្កដា​នោះ​។ សម្រាប់​បក្ស​សាធារណរដ្ឋ ដើម្បី​ទទួលបាន​ការតែងតាំង​ពី​បក្ស បេក្ខជន​នោះ​ត្រូវ​រក​ចំនួន​អ្នកតំណាង (delegate) ឲ្យ​បាន ១២៣៧​នាក់​៕
 

Tag:
 ថេត គ្រុស​
  ប៊ែ​នី សេន​ដឺ​
  Primarie
© រក្សាសិទ្ធិដោយ thmeythmey.com