ជាតិ
ទូត បារាំង និង​អាមេរិក ត្រៀម​ធ្វើការ​ជាមួយ​លោក ប្រាក់ សុខុន​
06, Apr 2016 , 3:30 pm        
រូបភាព
​ស្ថានទូត​បារាំង និង​អាមេរិក​បាន​សាទរ​ចំពោះ​លោក ប្រាក់ សុខុន ដែល​បាន​ក្លាយជា​ប្រមុខ​ការទូត​នៃ​ប្រទេស​កម្ពុជា ជំនួស​លោក ហោ ណាំហុង ដែល​បាន​ចូល​និវត្ត​។ ទាំង​ស្ថានទូត​បារាំង និង​ស្ថានទូត​អាមេរិក បាន​សំដែង​ការពេញចិត្ត​ក្នុងការ​បំពេញការងារ​ជាមួយ​លោក​រដ្ឋមន្ត្រីការបរទេស​ថ្មី​របស់​កម្ពុជា​។​

 
​ស្ថានទូត​បារាំង​បាន​សំដែង​ការពេញចិត្ត​ខ្លាំង​ចំពោះ​វត្តមាន​របស់លោក ប្រាក់ សុខុន ក្នុង​តំណែង​ថ្មី​ជា​ប្រមុខ​ការទូត​កម្ពុជា​។ ស្ថានទូត​បារាំង​បានចាត់ទុក​លោក ប្រាក់ សុខុន អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង ថា​ជា​អ្នក​ស្គាល់​ច្បាស់​អំពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​បារាំង​។ ការអត្ថាធិប្បាយ​របស់​ស្ថានទូត​បារាំង​យ៉ាងនេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​លោក នី​កូ​ឡា បូ​ដ្វាំ​ង (Nicolas BAUDOUIN) លេខាទីមួយ និងជាអ្នកនាំពាក្យ​​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ដែល​បាន​ឆ្លើយតប​សំនួរ​របស់​សារព័ត៌មាន​ថ្មីៗ តាម​សារ​អេឡិចត្រូនិក​។ លោក​លេខា​ស្ថានទូតបារាំង​​ដដែល​ក៏​មិនបាន​ភ្លេច​លើកសរសើរ​ស្នាដៃ​របស់​លោក ហោ ណាំហុង ដែល​បាន​ចូលរួម​ពង្រឹង​ចំណង​ការទូត​រវាង​ប៉ារីស និង​ភ្នំពេញ​ក្នុង​អាណត្តិ​របស់លោក​នោះទេ​។​
 
«​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​ត្រូវបាន​បង្កើតឡើង​ដ៏​យូរលង់​មកហើយ និង​ក្រោម​បុព្វហេតុ​នៃ​មិត្តភាព និង​ភាព​ទុកចិត្ត​គ្នា​។ ជាមួយនឹង​ការតែងតាំង​លោក ចែម វិ​ដ្យ៉ា ជា​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ប៉ារីស និង​ការឡើង​កាន់តំណែង​រប​ស់លោក ប្រាក់ សុខុន ជា​រដ្ឋមន្ត្រីការបរទេស​កម្ពុជា យើង​សង្ឃឹមថា ការសន្ទនា​ផ្នែក​នយោបាយ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម និង​ធនធានមនុស្ស​នឹង​បន្ត​រីកចម្រើន ហើយ​ស្ថានទូត​បារាំង​ពេញចិត្ត​នឹងធ្វើ​ការ​ជាមួយ​លោក ប្រាក់ សុខុន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក នី​កូ​ឡា បូ​ដ្វាំ​ង​។​
 
​ពី​ស្ថានទូត​មហាអំណាច​អាមេរិក​ឯណោះ​វិញ ក៏​ដូចគ្នា​ដែរ​។ ប្រធានការិយាល័យ​កិច្ចការ​សាធារណៈ និង​ជា​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Jay R. Raman បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា​ស្ថានទូត​អាមេរិក​សាទរ​រដ្ឋមន្ត្រី​ថ្មី និង​មន្ត្រីជាន់ខ្ពស់​នានា​ផ្សេងទៀត ដែលជា​សមាសភាព​ថ្មី​ក្នុងការ​រុះរើ​គណៈរដ្ឋមន្ត្រី ហើយ​ដែល​រដ្ឋសភា​បានផ្តល់​សេចក្តីទុកចិត្ត​។​
 
​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​បាន​ឆ្លើយតប​យ៉ាង​ដូច្នេះ​៖«​យើង​ស្វាគមន៍​ឱកាស​នៃ​ការធ្វើការងារ​ជាមួយ​គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បន្ត​ទំនាក់ទំនង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​»៕
 

Tag:
 ទំនាក់ទំនង​ការទូត​
  ប្រាក់ សុខុន​
  Jay Raman
  Nicolas Baudouin
© រក្សាសិទ្ធិដោយ thmeythmey.com