អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Nguyen Xuan Phuc ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​វៀតណាម
07, Apr 2016 , 9:52 am        
រូបភាព
 
 
​សភាជាតិ​វៀតណាម​បាន​បោះឆ្នោត​ជ្រើសរើស​លោក Nguyen Xuan Phuc ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​សម្រាប់​អាណត្តិ​ប្រាំ​ឆ្នាំ​។ លោក Nguyen Xuan Phuc ជា​មេដឹកនាំ​ចុងក្រោយ​គេ​ដែល​ត្រូវ​ជ្រើសរើស​ក្នុង​តំណែង​ដឹកនាំ​សំខាន់ៗ​ទាំង​បួន​របស់​វៀតណាម​។ ជាមួយគ្នានេះ សភាជាតិ​វៀតណាម​ក៏​នឹង​សម្រេច​លើ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​នៅ​ថ្ងៃទី​៩ ខែមេសា​ខាងមុខ​។​

 
​អតីត​ឧបនាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc ត្រូវបាន​សភាជាតិ​វៀតណាម​ជ្រើស​ជា​នាយករដ្ឋមន្ត្រី​ជំនួស​លោក Nguyen Tan Dung ដែល​ផុត​អាណត្តិ​។ លោក​នឹងត្រូវ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​ក្នុង​អាណត្តិ​ប្រាំ​ឆ្នាំ និង​ត្រូវ​បន្ត​គោលនយោបាយ​កែទម្រង់សេដ្ឋកិច្ច​ដែល​ធ្វើ​ឲ្យ​វៀតណាម​មាន​កំណើនសេដ្ឋកិច្ច​យ៉ាង​សំបើម​។ 
 
​នៅក្នុង​ការបោះឆ្នោត​ថ្ងៃទី​៧ ខែមេសា បុរស​វ័យ​៦១​ឆ្នាំ​រួប​នេះ ទទួល​ការគាំទ្រ​ចំនួន​៩៦.១​ភាគរយ នៃ​សំឡេង​សមាជិក​សភាជាតិ​វៀតណាម​។ ប៉ុន្តែ​លោក Nguyen Xuan Phuc គឺជា​បុគ្គល​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ឈរ​ជា​បេក្ខជន​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​នេះ​។ 
 
​តាម​ពិតទៅ លោក Nguyen Xuan Phuc ត្រូវបាន​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី តាំងតែ​ពី​សមាជ​បក្ស​កុម្មុយនីស្ត​វៀតណាម​នៅ​ខែមករា​ដើមឆ្នាំ​មក​ម្លេះ​។ សមាជ​ខែម​ករានោះ ក៏ត្រូវ​មើលឃើញថា ជាការ​ប្រទាញប្រទង់​រវាង​លេខា​បក្ស​លោក Nguyen Phu Trong និង​លោក Nguyen Tan Dung ។ 
 
​ជា​លទ្ធផល លោក Nguyen Tan Dung ដែល​ផុត​អាណត្តិ​ជា​នាយករដ្ឋមន្ត្រី ត្រូវបាន​ផាត់​ចេញពី​គណៈកម្មាធិការ​មជ្ឈិមបក្ស ហើយ​លោក Nguyen Phu Trong ក៏​បន្ត​តំណែង​ជា​លេខា​បក្ស ខណៈ​លោក Nguyen Xuan Phuc ក៏​ក្លាយជា​សមាជិក​ថ្មី​នេះ​គណៈកម្មាធិការ​នេះ និង​ក្លាយជា​នាយករដ្ឋមន្ត្រី​។​
 
​សូមបញ្ជាក់ថា ការជ្រើសរើស​លោក Nguyen Xuan Phuc ជា​នាយករដ្ឋមន្ត្រី ជា​ដំណាក់កាល​ចុងក្រោយ​នៃ​ការជ្រើសរើស​មេដឹកនាំ​ថ្មី​របស់​វៀតណាម​សម្រាប់​អាណត្តិ​ប្រាំ​ឆ្នាំ​។ លោក Nguyen Phu Trong នឹងត្រូវ​បន្ត​តំណែង​ជា​អគ្គលេខាបក្ស បន្ទាប់ពី​មានការ​គាំទ្រ​សមាជ​ខែមករា​ចំណែក​លោកស្រី Nguyen Thi Kim Ngan ក៏ត្រូវ​សភាជាតិ​វៀតណាម​បោះឆ្នោត​ធ្វើជា​ប្រធានសភា​នៅ​ថ្ងៃទី​៣១ ខែមីនា​។ ជាមួយគ្នានេះ សភាជាតិ​វៀតណាម​ក៏​បោះឆ្នោត​ជ្រើសរើស​អតីតរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​លោក​ឧ​ត្ត​ម​សេនីយ៍ Tran Dai Quang ជា​ប្រធានាធិបតី​ថ្មី​ផងដែរ​៕ 
 
    
 
 

Tag:
 វៀតណាម​
  ​កុម្មុយនីស្ត
© រក្សាសិទ្ធិដោយ thmeythmey.com