អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងត្បូង ថា កូរ៉េខាងជើង អាច​នឹងដាក់​ពង្រាយ​ប្រព័ន្ធ​បាញ់​រ៉ុ​ក​កែ្ក​ត​ប្រភេទ​ថ្មី​នៅ​ចុងឆ្នាំ​នេះ
07, Apr 2016 , 3:04 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Han Min-Koo
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Han Min-Koo
ដោយ:
 
​ភាព​តានតឹង​នៅក្នុង​ឧបទ្វីប​កូរ៉េ បាន​ជំរុញ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ ជាពិសេស​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ព្យាយាម​ពង្រឹង និង​ពង្រីក​សមត្ថភាព​យោធា​ការពារ​រៀងៗ​ខ្លួន​។ ជាមួយគ្នានេះ រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បាន​អះអាងថា​ក្រុង​ព្យុងយ៉ាង នឹង​ដំឡើង​មូលដ្ឋាន​រ៉ុ​ក​ក្កែត​ប្រភេទ​ថ្មី​ដ៏​មាន​ឥទ្ធិពល​នៅ​ចុងឆ្នាំ​២០១៦​នេះ​ផងដែរ​។​




​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​លោក Han Min-Koo  បាន​រំពឹងថា​កូរ៉េខាងជើង អាច​នឹង​បញ្ចប់​នូវ​ការអភិវឌ្ឍ​ប្រព័ន្ធ​ដំណើរការ​នៃ​ការបាញ់​គ្រាប់​រ៉ុ​ក​ក្កែត​ច្រើន​គ្រាប់​ប្រភេទ​ថ្មី 300-mm ដែល​អាច​នឹង​ដំឡើង​នៅក្នុង​មូលដ្ឋាន​យោធា​នៅ​ចុងឆ្នាំ​នេះ​ផងដែរ​។ ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​០៦ ខែមេសា ម្សិលមិញ​នេះ​។​
 
​ប្រមុខ​ការពារជាតិ​រូបនោះ ក៏បាន​បន្ថែម​ដែរ​ថា​កងទ័ព​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក បាន​តាមដាន​ដំណើរការ​អភិវឌ្ឍន៍រ​យៈ​ពេល​បី​ឆ្នាំ​មកហើយ ដែល​ក្នុងនោះ គេ​បាន​រកឃើញថា​ប្រព័ន្ធ​ដំណើរការ​រ៉ុ​ក​ក្កែត​ជា​ពហុ​គ្រាប់​នោះ អាច​សន្សំ​ការចំណាយ​ច្រើន បើ​ប្រៀបធៀប​ទៅនឹង​មី​ស៊ី​ល​បាលី​ស្ទីក និង​អាច​ជំនួស​មី​ស៊ី​ល​ដែល​អាច​បាញ់​បាន​ចម្ងាយ​ឆ្ងាយ​ប្រភេទ Scud ទៀតផង​។ នេះ​បើ​យោងតាម​សារព័ត៌ មាន​ចិន People’s Daily​។ 
 
​ប្រព័ន្ធ​ដំណើរការ​នៃ​រ៉ុ​ក​ក្កែត​ថ្មី​នោះ អាច​នឹង​បាញ់​បាន​ចម្ងាយ​ប្រមាណ​២០០​គីឡូ​ម៉ែត ដែល​អាច​កម្ទេច​ទីស្នាក់ការ​កណ្តាល​ទ័ពជើងគោក ជើង​ទឹក និង​ទ​ព័​អាកាស​នៅ​ចំ​កណ្តាល​នៃ​ប្រទេស និង​មូលដ្ឋាន ទ័ព​អាមេរិក​នៅ​ភាគ​ខាងលិច​នៃ​កូរ៉េខាងត្បូង​ទៀតផង​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​ដែល បាន​ដកស្រង់​សម្តី​លោក Han ដែលថា ទាហាន​កូរ៉េខាងត្បូង អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី ទប់ទល់​ជាមួយ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុ​ក​ក្កែ​ត​ដោយ​មី​ស៊ី​ល​ទល់​ដី​(Surface-to-surface) មី​ស៊ី​ល​នៅលើ​អាកាស និង រ៉ា​ដា​ប្រឆាំង​គ្រាប់ផ្លោង​របស់​កូរ៉េខាងត្បូង​។ 
 
​ទាក់ទង​ជាមួយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង លោក Han ថា​ក្រុង​ព្យុងយ៉ាង អាច​សាកល្បង​ការបាញ់​គ្រប់​ពេលដែល​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​ចង់​ធ្វើ តែ​លោក ថា ទាហាន​កូរ៉េខាងត្បូង​បាននិងកំពុង​តាមដាន​យ៉ាង​ស្វិតស្វាញ​នៅ​ទីកន្លែង​ដែល​គ្រាប់បែកនុយក្លេអ៊ែរ​អាច​នឹងត្រូវ​សាកល្បង​នោះ​។ 
 
​បន្ថែម​ពីនេះ លោក​ប្រមុខ​ការពារជាតិ​កូរ៉េខាងត្បូង ក៏បាន​ផ្ញើ​សារ​ចុងក្រោយ​ទៅ​ក្រុង​ព្យុងយ៉ាង​ដោយ ទ​ទួ​ច​ឲ្យ​បញ្ឈប់​ការសាកល្បង​គ្រាប់​នុយក្លេអ៊ែរ និង​ដំណើរការ​មី​ស៊ី​ល​បាលី​ស្ទីក​ទៅទៀត​។ លោក ព្រមាន​ថា​កូរ៉េខាងជើង អាច​នឹង​ដើរ​ដល់​ផ្លូវ​មួយ​គឺ​ការបំផ្លាញ​ខ្លួន បើ​នៅតែ​បន្តសកម្មភាព​ទាំងនោះ​។​
 
​សូមបញ្ជាក់​ផងដែរ​ថា ថ្មីៗ​នេះ បងប្អូន​កូរ៉េ​ទាំងពីរ បានបង្ហាញ​សាច់ដុំ​យោធា​ដាក់គ្នា​តាមរយៈ​សមយុទ្ធ យោធា​ទ្រង់ទ្រាយ​ធំ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កូរ៉េ​ទាំងពីរ ក៏បាន​ព្រមាន​បាញ់​កម្ទេច​ដាក់គ្នា​ទៅវិញទៅមក ដោយ​អាវុធ​ធុន​ធ្ងន់​ទៀតផង​៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com