អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
គ្រប់គ្នា នឹង​ខាតបង់ បើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រាលដាល​កាន់តែ​ធំ​
07, Apr 2016 , 4:39 pm        
រូបភាព
សមុទ្រចិនខាងត្បូង រូបភាព Sputnik
សមុទ្រចិនខាងត្បូង រូបភាព Sputnik
ដោយ:
 
​អវត្តមាន​នៃ​ដំណោះស្រាយ​រួម​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង កំពុងតែ​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់តែ​ស្មុគស្មាញ និង​ជាពិសេស​នោះ ភាគី​ជម្លោះ​នីមួយៗ បាននិងកំពុង​តែ​ងាក​មក​ពង្រឹងសមត្ថភាព​យោធា​រៀងៗ​ខ្លួន​គួរ​ឲ្យ​ព្រួយបារម្ភ​។ ជាមួយគ្នា​សិង្ហ​បុរី​ដែលជា​ស្ថាបនិក​អាស៊ាន​មួយ​ដែរនោះ បាន​ទទូច និង​ព្រមាន​ភាគី​ពាក់ ព័ន្ធ​ទាំងអស់​ធានា​ឲ្យ​បាន​ការមិន​ប្រើប្រាស់​យោធា​ដើម្បី​ដោះស្រាយ​នៃ​ជម្លោះ​នោះ​។




​លោក​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី Vivian Balakrishnan នៅ​ថ្ងៃទី​០៧ ខែមេសា​នេះ បាន​ទទូច​រាល់​ភាគី ទាមទារ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​បន្ត​ស្វែងរក​មធ្យោបាយ​ទាំង​ឡយ​ណា​ដែល​មិន​ប្រើប្រាស់​យោធា​ដើម្បី​ដោះស្រាយ​ជម្លោះ​។ ការលើកឡើង​នេះ ធ្វើឡើង​ក្នុងការ​ជជែក​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ផ្គត់​ផ្ត​ង់​នៃ​សភា​សិង្ហ​បុរី​។​
 
​លោក Balakrishnan បាន​បញ្ជាក់ថា «​យើង​កំពុងតែ​នៅក្នុង​ស្ថានភាព​ដែល​អាច​នឹង​ខាតបង់ ប្រសិនបើ ភាព​តានតឹង​កាន់តែ​រីក​រាល​ធ្ងន់ធ្ងរ​។ វា ពិតជា​សំខាន់​ណាស់​ក្នុងការ​រក្សា​នូវ​ការបើកចំហ​នៃ​ការសន្ទនា​លើ​បញ្ហា​ដែលជា​ក្តីបារម្ភ​រួម​ដើម្បី​ទប់ស្កាត់​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ដែលជា​ស្រមោល​នៃ​ទំនាក់ទំនង​អាស៊ាន​-​ចិន​»​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។​
 
​ប្រមុខ​កា​ទូត​រូបនោះ ក៏បាន​សង្កត់​ដែរ​ថា គោលជំហរ​របស់​សិង្ហ​បុរី គឺ​អាស៊ាន និង​ចិន គួរតែ​បន្ត​ប្តេជ្ញា​ក្នុងការ​ធ្វើការ​ឆ្ពោះទៅមុខ​ដោយ​អនុវត្ត​ដោយ​ពេញលេញ និង​ប្រសិទ្ធភាព​លើ​សេចក្តីថ្លែងការណ៍​ស្តីពី ភាគី​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​។ សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង ត្បូង គឺជា​លិខិត​តូប​ករ​ណ៍​តែមួយ​របស់​អាស៊ាន​ជាមួយ​ចិន​ដែល​ធ្វើឡើង​ក្នុង​ឆ្នាំ​២០០២ ក្នុងពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ដែល​បាន​បញ្ញត្តិ​ពី​យន្តការ និង​មធ្យោបាយ​មួយចំនួន​ដើម្បី​សម្រាល​ភាព​តានតឹង​នៅក្នុង​តំបន់​ជម្លោះ​។ 
 
​សូមបញ្ជាក់​ផងដែរ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន រួមមាន​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ បញ្ហា​នេះ បានអូសបន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ​អស់​រយៈ​៤​ទសវត្សរ៍​មកហើយ ដ្បិត​ចិន ដែលជា​ភាគី​ទាមទារ​ស្ទើរតែ​ទាំងអស់​បាន​ប្រើប្រាស់​អំ​ណេះ​អំ​ណា​ង​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន ប្រើប្រាស់​អំ​ណេះ​អំ​ណា​ង ដោយយោង​តាមច្បាប់​អន្តរជាតិ​។ អំ​ណេះ​អំ​ណា​ង​ទាំងពីរ គឺ​ផ្ទុយគ្នា​ទាំងស្រុង​។ 
 
​រយៈពេល​ចុងក្រោយ​នេះ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង កំពុងតែ​ឡើងក​ម្តៅ ដ្បិត​ចិន​នៅ​បន្តសកម្មភាព​វាតទី​នៅក្នុង​តំបន់​ជម្លោះ​ដោយ​ថែមទាំង​សាងសង់​កោះ​សិប្បនិម្មិត និង​បំពាក់​សម្ភារ​យោធា​ដែល​ចិន ថា​ធ្វើឡើង​ដើម្បី​ការពារ​ផលប្រយោជន៍​ស៊ីវិល​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បញ្ហា​នេះ​បាន​ជំរុញ​ឲ្យ​មាន​ភាគី​ទី​បី​ដែល​មិនមែនជា​ភាគី​ទាមទារ​គឺ​អាមេរិក ដែល​បាន​បញ្ចេញ​សកម្មភាព​យ៉ាងសកម្ម​នៅក្នុង​តំបន់ ជម្លោះ​នោះ​។ សកម្មភាព​ទាំងនោះ គឺ​អាមេរិក បាន​ប្រតិបត្តិការ​នាវា​ល្បាត និង​យន្តហោះ​ទម្លាក់​គ្រាប់ ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក្រោម​ហេតុផល​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​ដែនទឹក និង សេរីភាព​ដែនអាកាស​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com