ជាតិ
សង្គមជាតិ
កម្ពុជា​នឹងរង​ឥទ្ធិពល​ខ្លះ​ពី​ព្យុះ​ដែល​អាច​កើត​ពី​២៥-២៧​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ក្នុងឆ្នាំនេះ​
07, Apr 2016 , 9:31 pm        
រូបភាព
​កម្ពុជា​នឹងរង​ឥទ្ធិពល​ខ្លះ ពី​ព្យុះ​ដែល​អាច​កើតមាន​ប្រមាណ​ពី​២៥​ទៅ​២៧​ព្យុះ នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្នុង​រដូវវស្សា ឆ្នាំ​២០១៦​នេះ​។ ព្យុះ​នេះ ក៏​នឹងមាន​ឥទ្ធិពល​ខ្លះ​មកលើ​ប្រទេស​កម្ពុជា​។ នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក រដូវវស្សា នៅ​ឆ្នាំ​២០១៦​នេះ នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ទី​១ នៃ​ខែឧសភា និង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​។

 
​យោងតាម​ការព្យាករណ៍​អាកាសធាតុ​បច្ចុប្បន្ន នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក អាច​នឹង​កើតមាន​ព្យុះ​ពី​២៥​ទៅ​២៧​ព្យុះ ក្នុង​រដូវវស្សា ឆ្នាំ​២០១៦​នេះ​។ កម្ពុជា ក៏​នឹងរង​ឥទ្ធិពល​ខ្លះ ពី​ព្យុះ​នេះដែរ​។ បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក ក្នុង​រដូវវស្សា​ឆ្នាំ​២០១៦​នេះ នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក អាច​នឹងមាន​ព្យុះ​កើតឡើង​ពី​២៥-២៧​ព្យុះ ហើយ​ធ្វើដំណើរ​ចូលមក​សមុទ្រ​ចិន​ខាងត្បូង​មាន​ចំនួន​ច្រើន មាន​ឥទ្ធិពល​ខ្លាំង​។ 
 
​លោក អ៊ុំ រី​ណា ប្រធាន​នាយកដ្ឋាន​ឧតុនិយម​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ព្យុះ​ដែល​អាច​នឹង​កើត​មាននៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នោះ មិនមែន​សុទ្ធ​មាន​ឥទ្ធិពល​មក​ខ្យល់​កម្ពុជា​ទាំងអស់​នោះទេ​។ លោក​ថា​៖ «​នេះ​គ្រាន់តែ​ការព្យាករណ៍​ទុក​មុន ហើយ​វិធីសាស្ត្រ​នៃ​ការព្យាករណ៍​មាន​ច្រើន ដូច្នេះ​វា​មិនអាច​ជាក់លាក់​មួយរយ​ភាគរយ​ទេ​។  មហាសមុទ្រ​ប៉ាស៊ីហ្វិក នៅ​ឆ្ងាយ​ហើយ​ខ្លះ​ជា​កូន​ព្យុះ វា​មិន​មកដល់​កម្ពុជា​នោះទេ​»​។ 
 
​សេចក្តីជូនដំណឹង​ដដែល ក៏បាន​បញ្ជាក់ដែរថា បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់ក​ន្ទ្រា​ក់ នៅតែមាន​ឥទ្ធិពល​ខ្លាំង​រហូត ដល់​ចុងខែ​មិថុនា​។ ចំណែកឯ​ស្ថានភាព​ទូទៅ​នៃ​របាយ​ទឹកភ្លៀង​នៅ​រដូវវស្សា​ឆ្នាំ​២០១៦​នេះ អាច​ធ្លា​ក់ទាប​ជាង​មធ្យម​ភាគច្រើន​ឆ្នាំ ចាប់ពី​ដើមរដូវ ដល់​ពាក់កណ្តាល​រដូវ ខណៈ​ចាប់ពី​ពាក់កណ្តាល​រដូវ ដល់​ចុងរដូវ​៖ បរិមាណ​ទឹកភ្លៀង​អាច​ធ្លាក់​ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ​។​
 
​បើតាម​ក្រសួង​ធនធានទឹក នៅ​តំបន់​មាត់សមុទ្រ ខ្យល់មូសុង​នីរ​តី ឬ​រដូវវស្សា​នឹង​ចាប់ផ្តើម​នូវ​សប្តាហ៍​ទី​២​នៃ​ខែឧសភាៈ ចាប់ពី​ឧសភា ដល់​ខែកក្កដា របាយ និង​បរិមាណ​ទឹកភ្លៀង​មាន​ពី​មធ្យម ទៅ​បង្គួរ ហើយ​ចាប់ពី​ខែសីហា ដល់​ខែវិច្ឆិកា របាយ និង​បរិមាណ​ទឹកភ្លៀង​មាន​ពី​បង្គួរ​ទៅ​ច្រើន​។ 
 
«​តំបន់​ទំនាប​កណ្តាល ខ្យល់មូសុង​នីរ​តី ឬ​រដូវវស្សា​នឹង​ចាប់ផ្តើម​នូវ​សប្តាហ៍​ទី​២​នៃ​ខែឧសភា​។ ស្ថានភាព​ទឹកភ្លៀង​មាន​ពី​តិច ទៅ​មធ្យម ចាប់ពី​ឧសភា ដល់​ខែកក្កដា លើកលែងតែ​បណ្តា​ខេត្ត​នៅក្រោយ​ជួរ​ភ្នំក្រវាញ​ដូចជា​តាកែវ និង​កំពង់ស្ពឺ និង​ផ្នែក​ខាងលិច​នៃ​ខេត្តកណ្តាល របាយ និង​បរិមាណ​ទឹកភ្លៀង មាន​តិចជាង​បណ្តា​ខេត្ត​ដទៃទៀត​។ ចំណែក​ចាប់ពី​ខែសីហា ដល់​ខែវិច្ឆិកា របាយ និង​បរិមាណ​ទឹកភ្លៀង​មាន​ពី​បង្គួរ​ទៅ​ច្រើន​»​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល ដែល​បញ្ជាក់​បន្តថា ខ្យល់មូសុង​និរតី ឬ​រដូវវស្សា នៅ​តំបន់​ខ្ពង់រាប នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ទី​៤ នៃ​ខែឧសភា​។ ចាប់ពី​ឧសភា ដល់​ខែកក្កដា របាយ និង​បរិមាណ​ទឹកភ្លៀង​មាន​ពី​តិច ទៅ​មធ្យម​។ ចំណែក​ចាប់ពី​ខែសីហា ដល់​ខែវិច្ឆិកា របាយ និង​បរិមាណ​ទឹកភ្លៀង​មាន​ពី​បង្គួរ​ទៅ​ច្រើន​។​
 
​បើតាម​សេចក្តីជូនដំណឹង​ដដែល រដូវវស្សា​ឆ្នាំ​២០១៦ នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា ខណៈ​កូន​រដូវប្រាំង អាច​នឹង​កើតឡើង​មាន​រយៈពេល​ខ្លី​ក្នុង​សប្តាហ៍​ទី​៣ និង​ទី​៤ នៃ​ខែកក្កដា​នៅ​បណ្តា​ខេត្ត​ភាគ​ខាងលិច​ជួរ​ភ្នំក្រវាញ ដូចជា​ខេត្តតាកែវ កំពង់ស្ពឺ និង​ខេត្តកណ្តាល​ភាគ​ខាងលិច​៕
 
 

Tag:
 អ៊ុំ រី​ណា​
 ​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com