ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ​គ្រោង​យក​ឈើ​ដែល​រដ្ឋផ្តល់​ឲ្យ​ទៅ​​សង់ផ្ទះ​គ្រូ​តាម​បណ្តា​ខេត្ត​-​រាជធានី​
07, Apr 2016 , 10:15 pm        
រូបភាព
 
​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​ដល់​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី ខេត្ត ឲ្យ​រៀបចំ​សិក្សា​ការងារ​សាងសង់​ផ្ទះ​គ្រូ​ធ្វើ​ពី​ឈើ​។ ក្រសួង​នឹង​ប្រើប្រាស់​ឈើ ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ ដើម្បី​បំពេញតម្រូវការ​ខ្វះខាត​ផ្ទះ​គ្រូបង្រៀន​ទូទាំងប្រទេស​។

 
​យោងតាម​លិខិត​ផ្ញើ​ទៅ​ប្រធាន​មន្ទីរអប់រំ រា​ធានី ខេត្ត ក្រសួង​អប់រំ ស្នើ​ឲ្យ​បំពេញ​ស្ថិតិ​គ្រឹះស្ថាន​មធ្យមសិក្សា ដែលមាន​តម្រូវការ​ផ្ទះ​គ្រូ​។ ក្នុង​លិខិត​ចុះ​ថ្ងៃទី​៦ មេសា ក្រសួង​បាន​បញ្ជាក់ថា ខ្លួន​នឹង​រៀបចំ​សិក្សា​ការងារ​សាងសង់​ផ្ទះ​គ្រូ​ធ្វើ​អំពី​ឈើ ដោយ​ប្រើ​ឈើ​ស្របតាម​អនុសាសន៍​របស់​នាយក​រដ្ឋមន្ត្រី នាពេល​កន្លងមក​។ កាលពី​ថ្ងៃទី ៣១ មីនា ក្នុង​ពិធី​បទ​សន្និបាត​អប់រំ ប្រចាំឆ្នាំ​២០១៥ របស់​ក្រសួង​អប់រំ លោកនាយក​រដ្ឋមន្ត្រី បានសម្រេច​ប្រគល់​ឈើ ដែល​បាន​រឹបអូស​ទាំងអស់ ទៅ​ក្រសួង​អប់រំ ដើម្បី​ប្រើប្រាស់​ដើម្បី​សង់សាលា​រៀន និង​ផ្ទះ​គ្រូ​។​
 
​ក្រសួង​បញ្ជាក់ថា ការ​ស្រង់​ស្ថិតិ គឺ​សម្រាប់តែ​គ្រូបង្រៀន​ណា ដែលមាន​តម្រូវការ​តែប៉ុណ្ណោះ ហើយ​សម្រាប់តែ​គ្រូបង្រៀន​ដែលមាន​ផ្ទះ​ឆ្ងាយ​សាលា និង​មានបំណង​ស្នាក់នៅ​ក្នុងផ្ទះ​គ្រូ​តែប៉ុណ្ណោះ​។ ក្រសួង​ស្នើ​ឲ្យ​ប្រធាន​មន្ទីរអប់រំ​ទាំងអស់ ត្រូវ​ពិនិត្យ និង​បំពេញ​ស្ថិតិ​គ្រឹះស្ថាន​មធ្យមសិក្សា ដែលមាន​តម្រូវការ​ផ្ទះ​គ្រូ រួច​ផ្ញើ​ទៅ​នាយកដ្ឋាន​សំណង់ និង​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ ឫ​តាម​អ៊ី​ម៉ែ​ល .kh / ឲ្យ​បាន​មុន​ថ្ងៃទី​៧ មេសា ឆ្នាំ​២០១៦ ជា​កំហិត​៕

© រក្សាសិទ្ធិដោយ thmeythmey.com