ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ស្នើ​ព្រះមហាក្សត្រ​តែងតាំង​លោក ឡុង ឌី​ម៉​ង់ ជំនួសលោក ស៊ុត ឌីណា
08, Apr 2016 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានស្នើ​ព្រះមហាក្សត្រ​តែងតាំង​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ជា​ឯក​អគ្គរាជ​ទូ​តវិសាមញ្ញ និង​ពេញ​សមត្ថភាព​ខ្មែរ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ជំនួស​លោក ស៊ុត ឌី​ណា នៅ​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ។



យោងតាម​លិខិត​ទូលថ្វាយ​ព្រះករុណា​ព្រះបាទ នរោត្តម សីហមុនី ចុះ​ថ្ងៃទី៨ ខែមេសា​នេះ សម្តេច ហ៊ុន សែន បានសរសេរថា៖«យោងតាម​តម្រូវការ​ការងារ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​អាណ​ត្តិ​ទី៥ នៃ​រដ្ឋសភា ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ សូម​ក្រាបបង្គំ​ទូល​ស្នើសុំ​ព្រះករុណា​ជាអ​ម្ចាស់ជីវិត​លើត្បូង សូម​ទ្រង់​ព្រះមេត្តាប្រោស​ព្រះរាជទាន​បញ្ចប់​ភារកិច្ច​ឯកឧត្តម ស៊ុត ឌី​ណា ពី​ឯក​អគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ និង​ស្នើសុំ​តែងតាំង​លោក ឡុង ឌី​ម៉​ង់ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ជំនួស​វិញ»។

សម្តេច សរសេរ​បន្តថា៖«សេចក្តី​ដូច​បាន​ក្រាបបង្គំ​ទូលថ្វាយ​ខាងលើ សូម​ព្រះករុណា​ជា​អម្ចាស់ ជីវិត​លើ​ត្បូង​ជាទី​សក្ការៈ​ទ្រង់​ព្រះរាជ​ត​ម្រិះលើ​សេចក្តីស្នើសុំ​ខាងលើ ដោយ​ព្រះ​ទ័​យអនុគ្រោះ​បំផុត»។

លោក ឡុង ឌី​ម៉​ង់ បាន​ប្រាប់​សារព័ត៌មាន​ថ្មី​ៗ មុននេះបន្តិច ​ថា លោក​ទទួលបាន​ព័ត៌មាន​ថា សម្តេចនាយក​ដ្ឋ​មន្ត្រី ហ៊ុន សែន បានស្នើ​ព្រះមហាក្សត្រ​តែងតាំង​រូបលោក តាមរយៈ​សារព័ត៌មាន​ដែរ។ កូនប្រុស​លោក ឡុង វី​សា​លោ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​រូបនេះ ប្តេជ្ញា​ថា ប្រសិនបើ​ព្រះមហាក្សត្រ​តែងតាំង​លោក​ជា​អគ្គរាជទូត​ខ្មែរ​ប្រចាំ ប្រទេស​កូរ៉េខាងត្បូង​នោះ លោក​នឹង​បំពេញការងារ​អស់ពី​កម្លាំងកាយ និង​កម្លាំងចិត្ត បម្រើ​ព្រះ​មហាក្ស​ត្រ រដ្ឋាភិបាល និង​ប្រជាជន ដើម្បី​ផលប្រយោជន៍​ជាតិ។


Tag:
 ឡុង ឌីម៉ង់
  ស៊ុត ឌីណា
© រក្សាសិទ្ធិដោយ thmeythmey.com