ជាតិ
សង្គមជាតិ
ពូ ប្រាជ្ញ និង ពូ ហ្វី ជជែកគ្នាពីភាពហិនហោចសត្វព្រៃនៅកម្ពុជា
09, Apr 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
ថ្ងៃមួយពេលដែល ពូ ប្រាជ្ញ និង ពូ ហ្វី ទំនេរពីការងារ ពួកគេអង្គុយផឹកតែ មើលទូរទស្សន៍ និង វិភាគព័ត៌មានដែលពួកគេបានឃើញចាក់ផ្សាយតាមទូរទស្សន៍។ ក្នុងខណៈដែលពួកគេបានឃើញកម្មវិធីព័ត៌មាន ផ្សាយអំពីអាជ្ញាធរចាប់បានសត្វព្រៃ មានដូចជា ពស់ថ្លាន់ អណ្ដើក និង សត្វមួយចំនួនទៀត ដែលពួកឈ្មួញលាក់ក្នុងរថយន្តបម្រុងយកទៅកាន់គោលដៅរបស់ខ្លួន ពូ ប្រាជ្ញ និង ពូ ហ្វី ក៏ចាប់ជជែកគ្នាតាមគំនិតរបស់គេរៀងៗខ្លួនដូចខាងក្រោម៖  

 
1. ពូ ហ្វី និយាយថា៖ បើមានការបង្ក្រាបដូច្នេះ សត្វព្រៃរបស់យើងនឹងគង់វង្សហើយ កុំបារម្ភ!
 
2. ពូ ប្រាជ្ញ ឆ្លើយតបថា៖ តាមពិត ការជួញដូរសត្វព្រៃមានច្រើនណាស់ ហើយយូរៗម្ដងទើបគេឃើញមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ ចាប់បាននោះ ហេតុនេះ សកម្មភាពនេះមិនអាចទប់ស្កាត់ការបំផ្លាញសត្វព្រៃបានទេ វាគង់តែនឹងអន្តរាយផុតពូជមិនខាន។ 
 
3. ពូ ហ្វី សួរបញ្ជាក់ថា៖ ប្រាជ្ញឯងនិយាយដូចជាអស់សង្ឃឹមណាស់ តើឯងមានអំណះអំណាង ឬ ភស្តុងតាងអ្វីផ្សេងទៀតទេ ខ្ញុំចង់ស្ដាប់គំនិតរបស់ឯង។
 
4. ពូ ប្រាជ្ញ ធ្វើមុខរាងមាំ រួចនិយាយថា៖ ពីមុន ការចាប់ ឬ ការបរបាញ់សត្វព្រៃ គេធ្វើឡើងដោយសេរី និង មានការដាក់លក់ដូចដោយចំហ ដូចជា ព្យួរលក់តាមផ្លូវ ឬ ដាក់លក់តាមទីផ្សារ។ ឥឡូវនេះ ថ្វីបើមានការរឹតបន្តឹងការអនុវត្តច្បាប់ការពារសត្វព្រៃ និង មានការទប់ស្កាត់ជាបន្តបន្ទាប់ ប៉ុន្តែ សកម្មភាពចាប់សត្វព្រៃ ការបរបាញ់សត្វព្រៃ និង ការលក់ដូរសត្វព្រៃ ក៏មិនអស់ដែរ គ្រាន់តែអ្នកទាំងនោះ ធ្វើឡើងដោយលួចលាក់តែប៉ុណ្ណោះ ដូចជា មានការលក់ដូរដោយលួចលាក់តាមខ្សែបណ្ដាញ, កន្លែងលួចលាក់មួយចំនួន និង ក្នុងភោជនីយដ្ឋានមួយចំនួន។
 
5. ពូ ហ្វី ឮ ពូ ប្រាជ្ញ បរិយាយដូច្នេះ ក៏បើកផ្នែកធំៗ ហើយសួរបន្តទៀតថា៖ ចុះហេតុអ្វីបានជា មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធមិនបន្តបង្ក្រាបសកម្មភាពទាំងនេះ? 
 
6. ពូ ប្រាជ្ញ ឆ្លើយថា៖ ការនិយាយស្រួលទេ ប៉ុន្តែ ការធ្វើ មិនស្រួលដូច ហ្វី ឯងនិយាយាទេ។ នៅពេលណាដែលមនុស្សភាគច្រើន ទាំងអ្នកតូច ទាំងអ្នកធំ ទាំងប្រជាពលរដ្ឋទូទៅ រួមទាំងមន្ត្រីមានសមត្ថកិច្ចបង្ក្រាបបទល្មើសសត្វព្រៃផងដែរ នៅតែចូលចិត្តបរិភោគសាច់សត្វព្រៃ និង ដរាបណានៅតែមានអំពើពុករលួយនិងនិទណ្ឌភាព ដរាបនោះ ការបង្ក្រាបបទល្មើសសត្វព្រៃមិនអាចធ្វើទៅបានទេ។ បើមិនជឿខ្ញុំទេ ហ្វី ឯង សាកសួរមិនភក្ដិដែលជាមន្ត្រីរាជការដែលធ្លាប់ចុះបេសកកម្មតាមខេត្ត និង ទេសចរដែលទៅកម្សាន្តតាមខេត្តនានា ជាពិសេស បណ្ដាខេត្តមួយចំនួនដែលនៅសេសសល់ព្រៃឈើខ្លះ ដូចជា រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ ពោធិ៍សាត់ ប៉ៃលិន កំពង់ស្ពឺ...ពួកគេតែងតែសួររកមុខម្ហូបសាច់សត្វព្រៃ។ ដរាបណាតម្រូវការនៅតែមាន ដរាបនោះ ការផ្គត់ផ្គង់ក៏នៅតែមានដែរ។    
 
7. ពូ ហ្វី សួរបន្តទៀតថា៖ បើដូច្នេះ សត្វព្រៃស្រុកយើងពិតជាដាច់ពូជហើយមែនទេ ប្រាជ្ញ?
 
8. ពូ ប្រាជ្ញ ងក់ក្បាលឆ្លើយដោយទឹកមុខស្ងួតថា៖ ជាការណ៍ពិត វានឹងដាច់ពូជក្នុងពេលខាងមុខមិនខាន ហ្វីឯង គិតមើល ប្រសិនបើការចាប់ ការបាញ់នៅតែបន្ត ហើយបន្ថែពីលើនេះទៀត ការកាប់បំផ្លាញព្រៃឈើកំពុងតែរាលដាលទូទាំងប្រទេស ហេតុនេះ សត្វព្រៃ ត្រូវស្លាប់អន្តរាយដោយសារគេចាប់ គេបាញ់ផង គ្មានចំណីផង និង អស់ជម្រកលាក់ខ្លួនផង ទីបំផុត សត្វព្រៃដែលនៅសេសសល់តិចតួចនោះ អាចរត់ទៅជ្រកនៅប្រទេសជិតខាងដែលគេនៅសល់ព្រៃច្រើនជាងយើង ដូចជា ប្រទេសថៃ ប្រទេសឡាវ ជាដើម។ 
 
9. ពូ ហ្វី សម្ដែងទឹកមុខហាក់អស់សង្ឃឹម សួរទៅ ពូ ប្រាជ្ញ ថា៖ ក្នុងស្ថានភាពដូច្នេះ តើយើងត្រូវដោះស្រាយយ៉ាងម៉េច ដើម្បីអភិរក្សសត្វព្រៃឱ្យកូនចៅជំនាន់ក្រោយរបស់យើងបានស្គាល់ផង និង ដើម្បីរក្សាឱ្យមានលំនឹងក្នុងប្រព័ន្ធអេកូឡូស៊ីផង? 
 
10. ពូ ប្រាជ្ញ ដកដង្ហើមធំ រួចឆ្លើយថា៖ ការបំផ្លាញស្រួលទេ តែការកសាងនិងអភិរក្សពិតជាពិបាកណាស់។ ខ្ញុំគិថា ដើម្បីរួមចំណែកក្នុងការអភិរក្សសត្វព្រៃ យើងគួរ៖
ពលរដ្ឋខ្មែរគ្រប់ស្រទាប់ ទាំងអ្នកតូច ទាំងអ្នកធំ គួរប្ដូរផ្នត់គំនិតដែលយល់ថា សាច់សត្វព្រៃ ឆ្ងាញ់ជាង សាច់សត្វស្រុក និង បញ្ឈប់ការនិយមបរិភោគសាច់សត្វព្រៃ។
មន្ត្រីពាក់ព័ន្ធក្នុងការអភិរក្សសត្វព្រៃ ត្រូវតែដើរតួនាទីការពារសត្វព្រៃ បង្ក្រាបបទល្មើសសត្វព្រៃ និង មិនត្រូវដើរតួនាទីជាអ្នកចាប់ ឬ អ្នកបាញ់សត្វព្រៃ ជាអ្នកគាំទ្រ ឬ ឃុបឃិតបទល្មើសសត្វព្រៃទេ។
ត្រូវប្រមូលសត្វព្រៃកម្រមួយចំនួនយកទៅចិញ្ចឹមក្នុងសួនសត្វ ឬ អភិរក្សពួកវាក្នុងព្រៃការពារ។
ត្រូវរក្សាព្រៃឈើក្នុងបរិមាណសមស្រប ដើម្បីជាជម្រកនិងជាចំណីសត្វព្រៃ។
ក្នុងករណី ពលរដ្ឋខ្មែរមិនអាចប្ដូរទម្លាប់ពីការចូលចិត្តបរិភោគសាច់សត្វព្រៃបាន រដ្ឋគួរលើកទឹកចិត្តឱ្យមានកសិដ្ឋានចិញ្ចឹមសត្វព្រៃស្របច្បាប់ ដោយមានការត្រួតពិនិត្យ និង ការគ្រប់គ្រងឱ្យបានហ្មត់ចត់ ចៀសវាងកុំឱ្យអ្នកចិញ្ចឹម លួចបន្លំចាប់សត្វព្រៃពីព្រៃធម្មជាតិមកធ្វើជាសត្វព្រៃដែលខ្លួនចិញ្ចឹមស្របច្បាប់។  
អាជ្ញាធរពាក់ព័ន្ធត្រូវតែអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះបទល្មើសសត្វព្រៃ ជាជាង និយាយតែមាត់ថាអភិរក្ស តែក្នុងការអនុវត្ត បែរជាដើរតួជាអ្នកហូបសាច់សត្វព្រៃ ជាអ្នកប្រព្រឹត្តផ្ទាល់ ឬ ជាខ្នងបង្អែករបស់អ្នកជួញដូរសត្វព្រៃ និង អ្នកចាប់ ឬ អ្នកបាញ់សត្វព្រៃទៅវិញ។
ត្រូវផ្ដន្ទាទោសចំពោះជនល្មើសសត្វព្រៃ លុបបំបាត់អំពើពុករលួយនិងនិទណ្ឌភាពក្នុងបទល្មើសសត្វព្រៃ...។
 
11. ពូ ហ្វី ឆ្លើយតបថា ៖ គំនិតរបស់ឯងល្អណាស់ ប្រាជ្ញ ខ្ញុំក៏យល់ស្របនឹងគំនិតរបស់ឯងដែរ។ ខ្ញុំគិតថា ប្រសិនបើអាជ្ញធរគ្រប់ជាន់ថ្នាក់ សង្គមស៊ីវិល និង ប្រជាពរដ្ឋខ្មែរទាំងអស់មូលមតិគ្នាជាធ្លុងមួយ កុំថាឡើយត្រឹមការអភិរក្សាសត្វព្រៃ ទោះបីជាបញ្ហាធំៗជាងនេះ ក៏យើងអាចសម្រេចបានដែរ៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com