ជាតិ
លោក អាត់ ធន់ នៅតែទទូចឲ្យព្រឹទ្ធសភាច្រានចោលចំណុចមួយចំនួននៃសេចក្តីព្រាងច្បាប់សហជីព
09, Apr 2016 , 9:39 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំដើម្បីពិភាក្សា សេចក្តីព្រាងច្បាប់ស្តីពីសហជីព។ ទន្ទឹមនឹងនេះ លោក អាត់ ធន់ តំណាងក្រុមសហជីព នៅតែទទួចឲ្យព្រឹទ្ធសភា ទាត់ចោល ឬកែប្រែចំណុចមួយចំនួននៃសេចក្តីព្រាងច្បាប់នេះ ដែលអាចបង្កការលំបាកដល់ការងាររបស់សហជីព និងប៉ះពាល់ដល់សិទ្ធិកម្មករ។


បើទោះបីជាដឹងខ្លួនថា មិនមានសង្ឃឹមច្រើនក្តី ក៏លោក អាត់ ធន់ មេចលនាសហជីពដ៏ធំនៅកម្ពុជា នៅតែទទួចឲ្យព្រឹទ្ធភាពច្រានចោលនូវចំណុចមួយចំនួននៃសេចក្តីព្រាងច្បាប់សហជីព ដែលរដ្ឋសភាទើបតែអនុម័ត កាលពីថ្ងៃទី ខែមេសា កន្លទៅ។ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានថ្លែងថា សេចក្តីព្រាងច្បាប់សហជីពនេះ មានចំណុចជាច្រើន ដែលបំបិទសិទ្ធិសេរីភាពរបស់កម្មករ និងរារាំងការងាររបស់សហជីព ជាពិសេសត្រង់ចំណុចពាក់ព័ន្ធនឹងសិទ្ធិធ្វើបាតុកម្មរបស់កម្មករ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖«ក្នុងនាមយើងជាសហជីព ដែលការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករ យើងបានស្នើទៅរដ្ឋសភា រដ្ឋាភិបាល ព្រឹទ្ធសភា និងព្រះមហាក្សត្ររួចហើយ ឲ្យកែច្បាប់ និងពិនិត្យមាត្រាមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិកម្មករ និងរារាំងការងាររបស់សហជីព។ ក្នុងនោះ យើងស្នើឲ្យស្ថាប័នទាំងនេះ កែប្រែ ឬពិនិត្យមើលចំណុចចំនួន ១៨ ឡើងវិញ»។ 
 
ការទទូចរបស់លោក អាត់ ធន់ តាមរយៈសារព័ត៌មានថ្មីៗ នៅថ្ងៃនេះ ធ្វើឡើង ស្របពេលដែលព្រឹទ្ធសភាចេញសេចក្តីជូនដំណឹងថា នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ គណៈកម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធសភានឹងបើកកិច្ចប្រជុំដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះ។ ស្របពេលដែលមានក្តីសង្ឃឹមតិចចំពោះព្រឹទ្ធសភា លោក អាត់ ធន់ បញ្ជាក់យ៉ាងនេះថា ៖«ខ្ញុំមិនមានសង្ឃឹមច្រើនទេ តែក្នុងនាមស្ថាប័នព្រឹទ្ធសភា គាត់មានសិទ្ធិពិនិត្យ និងដកចោលចំណុចមួយចំនួននៃច្បាប់នេះ»។  
 
តាមពិតទៅ លោក អាត់ ធន់ ក៏ធ្លាប់សុំជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីពិភាក្សាពីបញ្ហាច្បាប់សហជីពនេះដែរ តែមិនបានសម្រេចឡើយ។ ហើយកន្លងមក មេសហជីពធំៗផ្សេងទៀត ក្រៅពីលោក អាត់ ធន់  តែងឃ្មាតខ្មីនិងរត់ទៅពឹងពាក់ស្ថាប័នជាច្រើន ដើម្បីជួយជំរុញឲ្យអង្គការនីតិបញ្ញត្តិ ពិចារណាឡើងវិញ ចំពោះខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីសហជីព នេះដែរ។ ប៉ុន្តែសំណូមពរទាំងអម្បាលម៉ាណដែលសហជីពទាមទារ ទទួលបានលទ្ធផលតិចតួចប៉ុណ្ណោះ។ 
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី ៤ ខែមេសា រដ្ឋសភាពបានអនុម័តសេចក្តីព្រាងច្បាប់សហជីពជាស្ថាពរ ដោយតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាគាំទ្រ តែតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមិនលើកដៃគាំទ្រនោះទេ។ សេចក្តីព្រាងច្បាប់នេះ មាន ១៧ ជំពូក និង ១០០ មាត្រា៕
 

Tag:
 ច្បាប់សហជីព
 អាត់ ធន់
© រក្សាសិទ្ធិដោយ thmeythmey.com