ជាតិ
សង្គមជាតិ
ប្រាជ្ញ និង ទិន​ហ្វី ជជែក​គ្នា​អំពី អំពើពុករលួយ​នៅ​កម្ពុជា​
10, Apr 2016 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
​ថ្ងៃមួយ​ពេលដែល ប្រាជ្ញ និង ទិន​ហ្វី ទំនេរ​ពី​ការងារ ពួកគេ​អង្គុយ​ផឹក​តែ មើល​ទូរទស្សន៍ និង វិភាគ​ព័ត៌មាន​ដែល​ពួកគេ​បានឃើញ​គេ​ចាក់ផ្សាយ​តាម​ទូរទស្សន៍​។ ក្នុងខណៈដែល​ពួកគេ​បានឃើញ​កម្មវិធី​ព័ត៌មាន ផ្សាយ​អំពី​ការចាប់ខ្លួន​ប្រធានការិយាល័យ​មួយរូប​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង ការចាប់ខ្លួន​អគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េខាងត្បូង ប្រាជ្ញ និង ទិន​ហ្វី ក៏​ចាប់ផ្ដើម​ជជែក​គ្នា​តាម​គំនិត​របស់​ពួកគេ​រៀងៗ​ខ្លួន​ដូចខាងក្រោម​៖  

 
1.​ ​ទិន​ហ្វី និយាយថា : បន្ទាប់ពី​ការរុះរើ​គណៈរដ្ឋមន្ត្រី​មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏មាន​វិធានការ​ជា​បន្តបន្ទាប់​ចំពោះ​មន្ត្រី​ដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយ ដែល​ក្នុងនោះ​មាន​ទាំង​មន្ត្រី​ថ្នាក់​អគ្គរាជទូត​ផងដែរ មើលទៅ​ហាក់ដូចជា​កំណែទម្រង់​កំពុង​ចាប់ផ្ដើម​មាន​ប្រសិទ្ធភាព​ហើយ ជាពិសេស ការប្រឆាំង​អំពើពុករលួយ​!
2.​ ​ប្រាជ្ញ ឆ្លើយតប​ថា : តាមពិត ការប្រឆាំង​អំពើពុករលួយ គេ​ចាប់ផ្ដើម​ធ្វើជា​បន្តបន្ទាប់​ចាប់តាំងពី​មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មកម្ល៉េះ មិនមែន​ទើបតែ​ធ្វើ​ពេលនេះ​ទេ​។ ប៉ុន្តែ ការណ៍​ដែល​គេ​មើល​មិនសូវ​ឃើញ​នោះ ពី​ព្រោះតែ​ប្រជាពលរដ្ឋ​មិនទាន់​ជឿ​លើ​សមត្ថភាព​បំពេញការងារ​និង​ភាពស្មោះត្រង់​របស់​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​។ 
3.​ ​ទិន​ហ្វី សួរ​បញ្ជាក់ថា : ប្រាជ្ញ​ឯង​និយាយ​ដូច្នេះ តើ​ឯង​មាន​អំណះអំណាង ឬ ភស្តុ​ង​តាង​អ្វី​បញ្ជាក់​ទេ ខ្ញុំ​ចង់​ស្ដាប់​គំនិត​របស់​ឯង​។​
4.​ ​ប្រាជ្ញ ឆ្លើយ​បញ្ជាក់ថា​៖ មុនពេល​មាន​អង្គភាព​និង​ច្បាប់​ប្រឆាំង​អំពើពុករលួយ ប្រជាព​រដ្ឋ​ខ្មែរ​បាន​និ​យា​ពី​ការ​ស៊ូ​ក​ប៉ាន់​ដោយ​ចំហរ និង ករណីខ្លះ គេ​និយាយថា ដើម្បី​បាន​តំណែង ឬ ប៉ុស្តិ៍​នេះ គេ​ចំណាយ​អស់​លុយ​ប៉ុន្មាន​...​ក្នុងករណី​ខ្លះទៀត​ពេល​គេ​ចង់រក​ការងារ​ធ្វើ​គឺ​គេ​រក​ការងារ​កន្លែង​ខ្លាញ់ ឬ ការងារ​ដែល​រកលុយ​ក្រៅច្បាប់​បាន ជាដើម​។ នៅពេលនោះ មន្ត្រីរាជការ​ភាគច្រើន ដែលមាន​តួនាទី​បម្រើសេវា​ផ្សេងៗ ដូចជា សេវា​រដ្ឋបាល​(​លិខិតស្នាម​ផ្សេងៗ​, អត្រានុកូលដ្ឋាន​, អត្តសញ្ញាណ​បណ្ណ​...), សេវា​សុខាភិបាល​, សេវា​ភូមិបាល​(​ការចេញ​ប្លង់ដី ការចេញ​ប្លង់​សំណង់​...), ការផ្ដល់​លិខិតឆ្លងដែន​, សេវា​សន្តិសុខ​សង្គម​(​ការផ្ដល់ប្រាក់​សោធន​...), ការប្រលង​ចូលរៀន​, ការប្រលង​ចូលធ្វើការ​, ការ​តម្លើង​បុណ្យស័ក្ដិ​...​និង សូម្បីតែ​ការ​ពន្លត់​អគ្គិភ័យ​ក៏ដោយ ក៏​សុទ្ធតែ​ត្រូវបាន​គេ​អះអាងថា ជាប់​ពាក់​ពន្ធ​នឹង​អំពើពុករលួយ​ដែរ​។ ក្រៅពីនេះ អំពើពុករលួយ​ដែល​ធំជាងគេ​បំផុត​នោះ​ត្រូវបាន​គេ​និយាយថា គឺជា​អំពើពុករលួយ​ក្នុង​វិស័យ​តុលាការ​។​
5.​ ​ទិន​ហ្វី ឮ ប្រាជ្ញ បរិយាយ​ដូច្នេះ ក៏​បើក​ផ្នែក​ធំៗ ហើយ​សួរ​បន្តទៀតថា​៖ ចុះ​ហេតុអ្វី​បានជា មន្ត្រី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​បន្ត​បង្ក្រាប​សកម្មភាព​ទាំងនេះ​? 
6.​ ​ប្រាជ្ញ ឆ្លើយថា​៖ ការនិយាយ​ស្រួល​ទេ ប៉ុន្តែ ការធ្វើ មិន​ស្រួល​ដូច ទិន​ហ្វី ឯង​និយាយ​ទេ​។ នៅពេលណា​ដែល​មនុស្ស​ភាគច្រើន ទាំង​អ្នកតូច ទាំង​អ្នកធំ ទាំង​ប្រជាពលរដ្ឋ​ទូទៅ​(​អ្នក​ស៊ី​និង​អ្នក​សូក​) រួមទាំង​មន្ត្រី​មាន​សមត្ថកិច្ច​ផងដែរ នៅតែ​ចូលចិត្ត​អំពើពុករលួយ និង ដរាបណា​អាជ្ញាធរ និង តុលាការ​មួយចំនួន នៅតែ​ប្រព្រឹត្ត​អំពើពុករលួយ ដរាប​នោះ ការបង្ក្រាប​បទល្មើស​ពុ​ក​រលួយ ក៏​មិនអាច​ធ្វើទៅ​បានទេ​។ 
7​ ​ទិន​ហ្វី សួរ​បន្តទៀតថា : តើ​បច្ចុប្បន្ន​អំពើពុករលួយ​គេ​លុបបំបាត់បាន​កម្រិតណា​ហើយ​?
8.​ ​ប្រាជ្ញ ងក់ក្បាល​ឆ្លើយ​ដោយ​ទឹកមុខ​ស្ងួត​ថា​៖ ជា​ការណ៍​ពិត គេ​បានធ្វើ​ហើយ ប៉ុន្តែ បាន​តិចតួច​នៅឡើយ​។ ករណីខ្លះ អ្នកប្រព្រឹត្ត​អំពើពុករលួយ​គេ​ឆ្លាត​ជាង អ្នកប្រឆាំង​អំពើពុករលួយ ហេតុនេះហើយ ការកាត់បន្ថយ ឬ ការបង្ក្រាប​អំពើ ទើបតែ​សម្រេចបាន​ស្តួចស្ដើង​ណាស់​។ ម្យ៉ាងទៀត ការប្រឆាំង​អំពើពុករលួយ មិនមែនជា​រឿង​ងាយស្រួល​ទេ វា​ដូច​ជាការ​ប្រឆាំងនឹង​ធម្មជាតិ​របស់​មនុស្ស​ដូច្នោះ​ដែរ​។ អំណះអំណាង​ដែលថា ការបង្ក្រាប​អំពើពុករលួយ ទើបតែ​បាន​តិចតួច​នោះ គឺ​ដោយសារតែ​ទំហំ​នៃ​អំពើពុករលួយ​នៅ​កម្ពុជា មាន​កម្រិត​ធំធេង​ពេក ស្ទើរតែ​អាច​ប្រៀបធៀប​ទៅនឹង​អ្នកជំងឺ​ម្នាក់​ដែលមាន​ជំងឺមហារីក ដូច្នោះ​ដែរ​។ ហេតុនេះ ការព្យាបាល ពិតជា​ត្រូវការ​ពេលវេលា​សមស្រប​មួយ ការប្ដេជ្ញាចិត្ត​ខ្ពស់ វិធីសាស្ត្រ​ច្បាស់លាស់ ត្រូវការ​ជំនាញ សមត្ថភាព យន្តការ​និង​ឧបករណ៍​ច្បាស់លាស់ បើ​មិន​ដូច្នោះ​ទេ យើង​ពិតជា​មិនអាច​ដោះស្រាយ​បញ្ហា​នេះ​បានឡើយ​។   
 
9.​ ​ទិន​ហ្វី សម្ដែង​ទឹកមុខ​ហាក់​អស់សង្ឃឹម សួរ​ទៅ ប្រាជ្ញ ថា : ក្នុងស្ថានភាព​ដូច្នេះ តើ​យើង​អាច​តម្លើង​ប្រាក់ខែ​ឱ្យ​ខ្ពស់ ដើម្បី​កាត់បន្ថយ ឬ លុបបំបាត់​អំពើពុករលួយ​បានដែរ​ទេ​?
10.​ ​ប្រាជ្ញ ដកដង្ហើម​ធំ រួច​ឆ្លើយថា​៖ ការកាត់បន្ថយ ឬ ការលុបបំបាត់​អំពើពុករលួយ មិនមែន​ធ្វើ​តែ​ជ្រុង​ណាមួយ​បានទេ គឺ​ត្រូវតែ​ធ្វើជា​កញ្ចប់​ព្រម​គ្នា​។ ទិន​ហ្វី​ឯង ពិនិត្យមើល​នៅ​ស្រុក​យើង អ្នក​ដែលមាន​ប្រាក់ខែ​តិច មានអំណាច​តូច អំពើពុករលួយ​តូច​ដែរ ប៉ុន្តែ ចំពោះ​អ្នកមាន​ប្រាក់ខែ​ច្រើន​និង​អំណាច​កាន់តែ​ធំ អំពើពុករលួយ​ក៏​កាន់តែ​ធំ​ដែរ​។ ហេតុនេះ ការ​តម្លើង​ប្រាក់ខែ​តែមួយ​មុខ​មិនអាច​លុបបំបាត់ ឬ កាត់បន្ថយ​អំពើពុករលួយ​បានទេ បើ​ធ្វើ​តែមួយ​ផ្នែក​នេះ ជួល​កាល ធ្វើឱ្យ​អំពើពុករលួយ​កាន់​មាន​កម្រិត​ធំ​ទៀត​ក៏​ថា​បានដែរ​។ ខ្ញុំ​គិ​ថា ដើម្បី​រួមចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ យើង​ត្រូវធ្វើ​ការងារ​ជា​កញ្ចប់​ក្នុងពេល​ជាមួយគ្នា​ដូចខាងក្រោម​៖
 
•​ ​អប់រំ​និង​បណ្ដុះ​មនសិការ​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់ ទាំង​អ្នកតូច ទាំង​អ្នកធំ ឱ្យ​យល់ថា អំពើពុករលួយ គឺជា​អំពើ​ខុសច្បាប់​និង​អំពើ​អសីលធម៌ ដែល​ត្រូវតែ​ចៀសឱ្យផុត​។​
•​ ​ត្រូវ​តម្លើង​ប្រាក់ខែ​ឱ្យ​មន្ត្រីរាជការ ដើម្បីឱ្យ​ពួកគេ​អាច​រស់​នៅបាន​សមរម្យ​និង​ថ្លៃថ្នូរ​។​
•​ ​ត្រូវ​រៀបចំ​ខ្លឹមសារ​ច្បាប់ យន្តការ និង នីតិវិធី ឱ្យ​ច្បាស់លាស់​និង​តឹងរ៉ឹង ដើម្បី​កុំឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់ ងាយ​ប្រព្រឹត្ត​អំពើពុករលួយ​បាន​។​
•​ ​ត្រូវ​ផ្ដន្ទាទោស​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​ដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​គ្មាន​ការលើកលែង និង គ្មាន​កា​រើសអើង ជាពិសេស ត្រូវ​លុបបំបាត់​អំពើ​អយុត្តិធម៌ និង និ​ទណ្ឌ​ភាព​។​
•​ ​ទិន​ហ្វី ឆ្លើយតប​ថា : គំនិត​របស់​ឯង​ល្អ​ណាស់ ប្រាជ្ញ ខ្ញុំ​ក៏​យល់ស្រប​នឹង​គំនិត​របស់​ឯង​ដែរ​។ ខ្ញុំ​គិតថា ប្រសិនបើ ប្រជាពលរដ្ឋ​គ្រប់រូប អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ សង្គម​ស៊ីវិល និង វិស័យ​ឯកជន​ទាំងអស់ ឯកភាពគ្នា​ជា​ធ្លុង​មួយ កុំថាឡើយ​ត្រឹម​ការប្រឆាំង​អំពើពុករលួយ សូម្បីតែ​ការប្រឆាំង​នឹង​សត្រូវ​ឈ្លានពាន ឬ ការដោះស្រាយ​បញ្ហា​ធំៗ​ជាង​នេះ ក៏​យើង​អាច​សម្រេច​បានដែរ​៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com