ជាតិ
សមាគម​ចុងភៅ​ប្រកាស​រក​អ្នកចូលរួម​ប្រកួត​ធ្វើ​នំផ្លែអាយ​
11, Apr 2016 , 2:54 pm        
រូបភាព
សកម្មភាព បង្រៀនធ្វើនំផ្លែអាយនៅព្រឹកថ្ងៃទី១១ មេសានេះ
សកម្មភាព បង្រៀនធ្វើនំផ្លែអាយនៅព្រឹកថ្ងៃទី១១ មេសានេះ
​សៀមរាប​៖ សមាគម​ចុងភៅ​កម្ពុជា ដែល​សហការ​រៀប​ចំក​ម្ម​វិធី​បង្អែម​នៃ​ក្តី​ស្រឡាញ់​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ បានប្រកាស​ជ្រើសរើស​សាធារណជន​ទូទៅ ដើម្បី​ចូលរួម​ប្រកួត​ធ្វើ​នំផ្លែអាយ​។ កម្មវិធី​ប្រកួត​នេះ នឹងធ្វើ​ឡើង​ក្នុង​បរិវេណ​ភូមិ​បង្អែម​នៃ​ក្តី​ស្រឡាញ់ ដែលមាន​ទីតាំង​នៅជាប់​ទី​សក្ការ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ឫ​មុខ​ព្រះរាជដំណាក់​។​



​ប្រធាន​សមាគម​ចុងភៅ​កម្ពុជា លោក ឡុង បូរ៉ា បានប្រកាស​ពី​ការប្រកួត​ធ្វើ​នំផ្លែអាយ​។ លោក បូរ៉ា បានប្រកាស​រក​អ្នកចូលរួម​ធ្វើ​នំផ្លែអាយ​នៅ​ព្រឹក​ថ្ងៃទី​១១ មីនា​នេះ នៅពេលដែល​លោក​កំពុង​បង្រៀន​ពី​ការធ្វើ​នំ​នេះ ដល់​អ្នកចូលរួម​នៅក្នុង​ភូមិ​បង្អែម​នៃ​ក្តី​ស្រឡាញ់ ប្រមាណ ៣០​នាក់​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« យើង​បើកទូលាយ​សម្រាប់​សាធារណជន ដែល​ចង់​ប្រកួត​។ ការប្រកួត​ចាប់ពី​ថ្ងៃទី​១៣ ដល់​១៦ ពី​ម៉ោង ៣​រសៀល​តទៅ​»​។​



​បើតាម​ប្រធាន​សមាគម​ចុងភៅ សាធារណជន​ទាំងអស់​អាចដាក់​ពាក្យ​ចូលរួម​ប្រកួត​បាន នៅ​ភូមិ​បង្អែម​នៃ​ក្តី​ស្រឡាញ់​ចាប់ពីពេលនេះ​តទៅ ហើយ​ការប្រកួត​តម្រូវ​ឲ្យ​មាន​សមាជិក​៣​នាក់​។ ក្នុង​មួយ​ប្រកួត​គឺមាន ៥​ក្រុម និង​ត្រូវ​ប្រើពេល​ចំនួន​៣០​នាទី ដើម្បី​ប្រជែង​ធ្វើ​នំផ្លែអាយ​ឲ្យ​បាន​ច្រើនជាងគេ​។ ក្រុម​ណា​ដែល​ធ្វើ​នំផ្លែអាយ​បាន​ច្រើនជាងគេ នឹង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​មួយ​។​



​គួរ​បញ្ជាក់ថា កម្មវិធី​បង្អែម​នៃ​ក្តី​ស្រឡាញ់ គឺជា​កម្មវិធី​មួយ​ថ្មី​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ កម្មវិធី​នេះ នឹងធ្វើ​នំផ្លែអាយ និង​នំ​បាយ​ត្រៀប ដើម្បី​ចែកជូន​ដល់​សាធារណជន ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលរួម​ពិសារ​ដោយ​ឥតគិតថ្លៃ​។ ការចែកជូន គឺ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ មេសា ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៥​ល្ងាច​។ អ្នករៀបចំ​កម្មវិធី​នេះ​បញ្ជាក់ថា វត្ថុធាតុដើម ដែល​បាន​ត្រៀម​ក្នុង​ការរៀបចំ​កម្មវិធី​នេះ រួមមាន អង្ករដ​ណ្តើ​ប​១០០០​គីឡូក្រាម ម្សៅ​ដ​ណ្តើ​ប​១០០០​គីឡូក្រាម ស្ករផែន ៥០០​គីឡូក្រាម ស្ករត្នោត ៥០០​គីឡូក្រាម ខ្ទិះដូង មួយ​ពាន់​លីត្រ ដូងទុំ ២០០​ផ្លែ និង​ល្ង​ចំនួន ៣០ គីឡូក្រាម​៕




Tag:
 អង្គរ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com