កីឡាជាតិ
ជាតិ
លោក កែវ រ៉េមី ថា យុវជន​ថ្នាល I.T.F មួយចំនួន​មាន​សមត្ថ​ភាពល្អ​ជាង​អ្នក​នៅ​អាមេរិក​
11, Apr 2016 , 3:34 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្លែង​ក្នុង​ថ្ងៃ​បិទ​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ I.T.F ជ្រើសរើស​ជើងឯក​ប្រចាំ​ក្លិប​យុវជន ឆ្នាំ​២០១៦ កាលពី​ថ្ងៃទី​១០ ខែមេសា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ប្រធានកិត្តិយស​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ I.T.F កម្ពុជា លោក កែវ រ៉េមី បាន​ប្រៀបធៀប និង​កោតសរសើរ​ដល់​កីឡាករ​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២ នៃ​ការប្រកួត​ពានរង្វាន់​ជើងឯក​ប្រចាំ​ក្លិប​យុវជន​ថា មាន​សមត្ថ​ភាពល្អ​ជាង​អ្នកមាន​ខ្សែក្រវ៉ាត់​ខ្មៅ​នៅ​សហរដ្ឋអាមេរិក​មួយចំនួន​។​



​លោក កែវ រ៉េមី ប្រធានកិត្តិយស​សហព័ន្ធ​តេ​ក្វាន់​ដូ I.T.F កម្ពុជា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​លើ​សមត្ថភាព​របស់​កីឡាករ​កីឡាការិនី​តេ​ក្វាន់​ដូ អាយ​ធី​អែ​ហ្វ​(ITF)​ថ្នាល​របស់​កម្ពុជា​ថា មាន​សមត្ថ​ភាពល្អ​ជាង​អ្នកមាន​ខ្សែក្រវ៉ាត់​ខ្មៅ​នៅ​សហរដ្ឋអាមេរិក​ទៅទៀត បន្ទាប់ពី​លោក​បាន​ទស្សនាការ​ប្រកួត​ផ្ទាល់​កាលពី​ថ្ងៃទី​១០ ខែមេសា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។


​លោក កែវ រ៉េមី បាន​បញ្ចាក់​ដូច្នេះ​ថា​៖«​អ៊ំ​បាន​ទស្សនាការ​ប្រកួត​ដោយ​សប្បាយចិត្ត គឺ​ញញឹម និង​សើច​ដោយ​ការពេញចិត្ត​ទៅលើ​សមត្ថភាព និង​បច្ចេកទេស​របស់​កូនៗ ព្រោះ​កូនៗ​មាន​សមត្ថ​ភាពល្អ​ជាង​អ្នកមាន​ខ្សែក្រវាត់​ខ្មៅ​នៅ​អាមេរិកាំង​ទៅទៀត​។ អ៊ំ បាន​ចូលរួម​ប្រឡូក​នៅ​ទីនោះ​ច្រើន​ឆ្នាំ​ដែរ ប៉ុន្តែ​ពួក​អាមេរិកកាំង​មិនល្អ​ដូច​យើង​នោះទេ គឺ​អ៊ុំ​សូម​សរសើរ​កូនៗ​ដោយស្មោះ​»​។​

​ទោះបីជា​យ៉ាងនេះ​ក្តី លោក​ប្រធានកិត្តិយស​រូបនេះ​បាន​ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ល្អ និង​មិនល្អ​ទាំងអស់​ត្រូវខិតខំ​ប្រឹង​ប្រែង​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ត្រៀម​ប្រកួត​ជ្រើសរើស​ជើងឯក​យុវជន​ថ្នាល​អាយុ​ក្រោម​១៥​ឆ្នាំ (I.T.F Future 2016) ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ អាច ធី អែ​ហ្វ (I.T.F) នា​ថ្ងៃទី​២៨ ដល់ទី​២៩ ចុងខែ​ឧសភា ខាងមុខនេះ​។ 

​បន្ទាប់ពី​ធ្វើការ​ប្រកួត​អស់​រយៈពេល​ជាច្រើន​ថ្ងៃ វិញ្ញាសា​ប្រយុទ្ធ​កុមារា​អាយុ​ក្រោម​១១​ឆ្នាំ លេខ​១​បាន​ទៅ បួន ចាន់​ដា​រ៉ា លេខ​២ សុ​ភ័​ក្រ ច័ន្ទ​ឧ​ត្ត​ម លេខ​៣​ស្ទួន​បាន​ទៅ សុខ សុវណ្ណ​រិ​ទ្ធិ​សាល និង ហាស់ វិច្ឆិកា​។ រីឯ​ការប្រកួត​ប្រយុទ្ធ​កុមារី លេខ​១​បាន​ទៅ ដា​រិ​ទ្ធ ពេជ្រ​វរ​ល័ក្ខណ៍ លេខ​២ ហួត គឹម​សៀង និង​លេខ​៣​ស្ទួន​បាន​ទៅ សារឹម ប៊ុណ្ណ​ម៉ា​ណែ​ត និង ម៉ី រុក្ខា​នាថ​។​


​ចំណែក​ការប្រកួត​កុមារ​អាយុ​១១​ឆ្នាំ​ដល់​១៤​ឆ្នាំ លេខ​១​បាន​ទៅ អូក ពុក​ដា​រ៉ា លេខ​២ នុត ច័ន្ទ​សុធា​វុ​ធ ហើយ​លេខ​៣​ស្ទួន ស្រេង ស៊ីវ​ហេង និង សារឹម វណ្ណ​មុនី​។ រីឯ​ការសម្តែង​មេគុន​កុមារា​អាយុ​ក្រោម​១១​ឆ្នាំ លេខ​១​បាន​ទៅ កន លី​រតនា លេខ​២ ស្រេង ស៊ីវ​ម៉េង និង​លេខ​៣​ស្ទួន សុខ សុវណ្ណ​រិ​ទ្ធិ​សាល​។​

​ចំពោះ​ការសម្តែង​មេគុន​កុមារា​អាយុ​១១​ឆ្នាំ​ដល់​១៤​ឆ្នាំ លេខ​១​បាន​ទៅ ម៉ី រុក្ខា​នាថ លេខ​២ ដា​រិ​ទ្ធ ពេជ្រ​វរ​ល័ក្ខណ៍ លេខ​៣​ស្ទួន ហួត គឹម​គៀង និង ម៉ី វិមាន​រចនា រីឯ​សម្តែង​មេគុន​កុមារា​អាយុ​១១​ឆ្នាំ​ដល់​១៤​ឆ្នាំ លេខ​១​បាន​ទៅ តាំង សៀ​សេង លេខ​២ បួន ចាន់ថា​រ៉ាត់ ហើយ​លេខ​៣​ស្ទួន​បាន​ទៅ នុត ច័ន្ទ​សុធា​វុ​ធ និង សារឹម ប៊ុណ្ណ​មុនី​។​

​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ អាយ ធី អែ​ហ្វ កម្ពុជា​លោក អ៊ុក រី ក៏បាន​សម្តែង​ការ​សាទរ​ដល់​លទ្ធផល​នៃ​ការប្រកួត​នេះដែរ​ដោយ​លោក​បាន​ថ្លែងថា​៖«​ខ្ញុំ​សូម​ចូលរួម​លើកទឹកចិត្ត​ដល់​ក្មួយៗ​ដែល​បាន​ចូលរួម​ប្រកួត​នៅថ្ងៃនេះ​។ បើទោះបីជា​អ្នកខ្លះ​មិនបាន​លេខ​១ គឺ​បាន​ត្រឹម​លេខ​២​ក្តី ប៉ុន្តែ​ខ្ញុំ​មើលឃើញថា មានការ​រីកចម្រើន​លើ​បច្ចេកទេស ហេតុនេះ​សូម​លោកគ្រូ ប៉ាល់ ជី​វ័​ន្ត បន្ត​ខិតខំ​ប្រឹងប្រែង​បង្ហាត់ ដើម្បី​លើកទឹកចិត្ត​ដល់​ក្មេងៗ​ទាំងនេះ ព្រោះ​ពួកគេ​អាច​ឈានដល់​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣»៕


Tag:
 ​តេ​ក្វាន់​ដូ I.T.F
  កែវ រ៉េមី​
  អ៊ុក រី​
© រក្សាសិទ្ធិដោយ thmeythmey.com