ជាតិ
សង្គមជាតិ
២០​ឆ្នាំ​ក្រោយមក អតីត​សិស្ស​វិទ្យាល័យ​ក្រឡាញ់ រួមគ្នា​ធ្វើ​ពិធី​រំលឹក​គុណគ្រូ​របស់ខ្លួន​
11, Apr 2016 , 3:50 pm        
រូបភាព
ដោយ: រួបរួម
«​សិស្ស​ល្អ រង់ចាំ​២០​ឆ្នាំ​ដើម្បី​តប​សងគុណ​គ្រូ ក៏​មិន​ហួសពេល​នោះដែរ​»​។ នេះ​ជា​ទស្សនៈ​របស់​អតីត​សិស្ស​នៅ​វិទ្យាល័យ​ក្រឡាញ់ ខេត្តសៀមរាប ដែល​បាន​ប្រមូលផ្តុំ​គ្នា​ជា​លើកដំបូង​ដើម្បី​រៀបចំ​ពិធីបុណ្យ «​រំលឹក​គុណ​» ដល់​អតីត​គ្រូបង្រៀន​របស់ខ្លួន កាលពី​ថ្ងៃទី​៩ ខែមេសា នៅមុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​។​



​ក្រោម​ការផ្តួចផ្តើម​គំនិត និង​រៀបចំ​អស់​រយៈពេល​ជាច្រើន​ខែ​របស់លោក ហូ រិទ្ធី និង​មិត្ត​រួម​ជំនាន់ មុន​ជំនាន់ និង​ក្រោយ​ជំនាន់​របស់ខ្លួន កាលពី​ប្រមាណ​២០​ឆ្នាំមុន​នោះ ពិធីបុណ្យ​រំលឹក​គុណគ្រូ​នៅ​វិទ្យាល័យ​ក្រឡាញ់ ដែលមាន​ចម្ងាយ​ជាង​៥០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តសៀមរាប បាន​ដំណើរការ​ទៅ​យ៉ាង​រលូន កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៦ ។​

​ជា​លើកដំបូង​បំផុត​ដែល​អតីត​គ្រូបង្រៀន និង​អតីត​សិស្ស បាន​ជួបជុំគ្នា​ទ្រង់ទ្រាយ​ធំ​នៅ​បរិវេណ​វិទ្យាល័យ​ក្រឡាញ់ បន្ទាប់ពី​ពួកគាត់​បាន​បែក​គ្នា​អស់​រយៈពេល​យ៉ាងហោចណាស់​ពី​១០​ឆ្នាំទៅ​២០​ឆ្នាំ​។ គ្រូបង្រៀន​ជាច្រើន​បាន​ក្លាយជា​និវត្តជន ខណៈ​អតីត​សិស្ស​ដែល​ធ្លាប់បាន​ក្រេបជញ្ជក់​យកចំណេះ​ដឹង​ពី​ពួកគាត់ សុទ្ធ​តែមាន​អាជីវកម្ម និង​ការងារ​នៅ​ទីកន្លែង​ផ្សេងៗ​គ្នា​។​


​លោក គឹម ប៊ុន​ថា​ន់ តំណាង​អតីត​សិស្ស​ម្នាក់​នៅ​វិទ្យាល័យ​ក្រឡាញ់ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពិធីបុណ្យ​រំលឹក​គុណគ្រូ​ជាមួយនឹង​ពាក្យស្លោក​ថា «​គ្រូ​មួយថ្ងៃ គ្រូ​មួយជីវិត​» បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ដោយសារ​តែមាន​ការចូល​រួម​បរិច្ចាគ​ថវិកា និង​សម្ភារ​ពី​អតីត​សិស្ស​ប្រមាណ​១៣០​នាក់​។​

​លោក ប៊ុន​ថា​ន់ បានផ្តល់​របាយការណ៍​ថា គ្រូ​សរុប​៦៥​នាក់ ក្នុងនោះ​មាន​គ្រូ​ចាស់ៗ​៣៥​នាក់ គ្រូ​បឋម​៣​នាក់ និង​សិស្ស​១១៥​នាក់ បាន​ប្រារព្ធ​ពិធី​រំលឹក​គុណគ្រូ រួមគ្នា ដោយមាន​ការចែក​អំណោយ​អនុស្សាវរីយ៍ និង​ការ​រាំច្រៀង​កម្សាន្ត​ផងដែរ​។​

​ទាំង​លោក ហូ រិទ្ធី លោក ហូ ប៊ុនថន និង​អ្នកស្រី ដួង សុភាព ដែល​ស្ថិត​ក្នុងចំណោម​អ្នក​ផ្តួចផ្តើម​រៀបចំ​ពិធី សុទ្ធតែ​បានលើកឡើង​ថា ចំណេះដឹង​ដែល​បានមកពី​គ្រូ​កាលពី​ប្រមាណ​២០​មុន សុទ្ធតែជា​ផ្នែក​នៃ​ភាពជោគជ័យ​របស់​ពួកគាត់​នាពេល​បច្ចុប្បន្ន​។​


​អ្នកស្រី ឆាវ ណា​រ៉េត បច្ចុប្បន្ន​រស់នៅ​ខេត្តបន្ទាយមានជ័យ និង​អ្នកស្រី គី រចនា បច្ចុប្បន្ន​ប្រក​បរបរ​នៅ​ខេត្តសៀមរាប សុទ្ធតែ​បាន​តាំងចិត្ត​បន្ត​ចូលរួម​ពិធី​បែបនេះ​ទៀត​នា​ឆ្នាំ​ខាងមុខ​។ អ្នកស្រី ណា​រ៉េត បាន​សរសេរ​រៀបរាប់​នៅក្នុង Group Chat ហ្វេ​ស​ប៊ុ​ក (​ដែល​ប្រើ​សម្រាប់​ទំនាក់ទំនងរ​វាង​អតីត​សិស្ស​វិទ្យាល័យ​ក្រឡាញ់​) ថា ពិធី​នេះ មិន​ត្រឹមតែ​ជាការ​បង្ហាញ​នូវ​ការដឹងគុណ​ចំពោះ​គ្រូបង្រៀន​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ឱកាស​សម្រាប់​អតីត​សិស្ស​ទាំង​ជួបជុំគ្នា​រំលឹក​អនុស្សាវរីយ៍​ចាស់ៗ​កន្លងមក​ផងដែរ​។​

​លោក អ៊ឹង បូរ៉ាត់ អតីត​នាយក​សាលា លោក សោ សុ​ទ្ធី អតីត​នាយករង និង​អ្នកស្រី ហេង ស៊ីថា អតីត​គ្រូបង្រៀន​ម្នាក់​នោះ បានបង្ហាញ​នូវ​ក្តីរំភើប​ចំពោះ​ការផ្តួចផ្តើម​កម្មវិធី​ដ៏​មាន​អត្ថន័យ​បែបនេះ​។​


​លោក អ៊ឹង បូរ៉ាត់ បាន​រំលឹក​ពី​ប្រវត្តិ​របស់​វិទ្យាល័យ​ក្រឡាញ់ ហើយ​បាន​លើកទឹកចិត្ត​ដល់​អតីត​សិស្ស​របស់ខ្លួន បន្តធ្វើ​សកម្មភាព​ដ៏​ប្រពៃ​នេះ​។ អតីត​នាយក​សាលា​រូបនេះ បាន​លើកឡើងថា គ្រូ​ពី​សម័យមុន មិនមាន​ការប្រកួតប្រជែង​គ្នា​ដើម្បី​តួនាទី និង​អំណាច​នោះឡើយ ហេតុ​ដូច្នេះហើយ ទើប​កេរ្តិ៍ឈ្មោះ​ល្អ​ស្ថិត​នៅជាប់​ជានិច្ច​ក្នុង​ស្មារតី​របស់​អតីត​សិស្ស​របស់ខ្លួន​។​

​លោក សោ សុ​ទ្ធី បាន​សុំ​ការ​អធ្យាស្រ័យ​ខ្លះ​ពី​អតីត​សិស្ស​ចំពោះ​ការដាក់វិន័យ​ដ៏​តឹងរ៉ឹង​របស់លោក ខណៈ​លោក​មាន​តួនាទី​ជា​នាយករង​សាលា ប៉ុន្តែ​លោក​រីករាយ​ដែល​ទង្វើ​របស់លោក​នាពេល​នោះ បានផ្តល់​ផល​វិជ្ជមាន​ដល់​សិស្ស​។​


​ក្រុម​អតីត​សិស្ស​មួយចំនួន​តាំងចិត្ត​រៀបចំ​កម្មវិធី​នា​ឆ្នាំក្រោយៗ​ទៀត ប៉ុន្តែ​វា​អាស្រ័យ​លើ​ឆ​ន្ទះ  រួមគំនិត​គ្នា​តែមួយ​។ លោក ហូ រិទ្ធី ជឿជាក់ថា សិស្ស​ជំនាន់​ក្រោយៗ នឹង​បន្ត​ផ្តួចផ្តើម​គំនិត​រៀបចំ​កម្ម​វិធី​នេះ​៕






















































រូបថតផ្សេងទៀត សូម​ចូល​ទៅកាន់ហ្វេសប៊ុក៖ WE ARE FROM KRALANH



© រក្សាសិទ្ធិដោយ thmeythmey.com