ជាតិ
«​កេរដំណែល​មន​-​ខ្មែរ​នៃ​របាំ​ត្រុដិ​» មាន​ប្រវត្តិ​យ៉ាងដូចម្តេច​?
17, Apr 2017 , 1:00 pm        
រូបភាព
ដោយ: ថ្មីៗ
​របាំ​ត្រុដិ​ជា​កេរដំណែល​វប្បធម៌​មន​-​ខ្មែរ​ ដែល​ជនជាតិខ្មែរ​ព្រៃភ្នំ ​ដូចជា​ពួក​សម្រែ សួយ និង​ព័រ​ជាដើម ព្រមទាំង ជនជាតិខ្មែរ​នៅ​ខេត្ត​ស៊ីសាកេត សុ​រិ​ន្ទ សៀមរាប ពោធិសាត់ បាត់ដំបង តែងតែ​ប្រារព្ធ​ក្នុងពេល​ចូលឆ្នាំ​ខ្មែរ ឬ​ក្នុងពេលដែល​សត្វព្រៃ​រត់​ចូល​ស្រុកភូមិ​ជាដើម​។​



​តាម​ការពិត របាំ​ត្រុដិ​នេះ គឺជា​បុណ្យ​ឆ្លង​ពី​ឆ្នាំ​ចាស់​ ចូលឆ្នាំថ្មី ពី​ភាព​ឧបទ្រពចង្រៃ ​ទៅ​ភាពសម្បូណ៍ស​ប្បាយ​ផង ។ ពាក្យ ត្រុដិ សំដៅ​ដល់​ពេលដែល​ឆ្នាំ​ចាស់​ដាច់ ដើម្បី​ត្រាច់​ផ្លាស់​ចូលឆ្នាំថ្មី​។ តាម​អត្ថន័យ​នេះ របាំ​ត្រុដិ​ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើ​នោះ គឺ​ត្រូវ​កំណត់​ដំណើរ​កាត់ផ្តាច់​នៃ​ឆ្នាំ​នីមួយៗ​ ក្នុង​ទស្សនៈ​របស់​ជនជាតិខ្មែ​រ ​ដែល​បានរស់នៅ​តំបន់ខ្ពង់រាប និងតំបន់​វាលទំនាប។​

​ដូច្នេះហើយ​ក្នុង​ពិធីបុណ្យ​ឆ្លង​នេះ គេ​ប្រសិទ្ធ​ពរជ័យ​សព្ទសាធុការ​សម្រាប់​ឆ្នាំ​ថ្មី ដែល​ចូល​មកដល់​ដោយ​សេចក្តី​សប្បាយរីករាយ​។ ក្នុងន័យ​ដដែល​នេះ ការណ៍ដែល​គេ​មិនបាន​ប្រារព្ធ​ពី​ធី​បុណ្យ​ឆ្លង ឬ​ការមិន​ចូលរួម​អបអរសាទរ​នូវ​របាំ​នេះ​ដោយ​ប្រការ​ណាមួយ អាច​នាំមក​នូវ​រាល់​អំពើ​ទុក្ខសោក​ពុំខាន​។ នេះ​ជា​អត្ថន័យ​ទីមួយ​នៃ​របាំ​ត្រុដិ ។

​រីឯ​អត្ថន័យ​ទី​ពីរ ក៏មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​នេះដែរ ពោលគឺ​គេ​រាំ​របាំ​ត្រុដិ​ ពេលដែល​សត្វព្រៃ ដូចជា​ត្រកួត ប្រើស ឈ្លួ​ស ពស់​ចូល​ក្នុងភូមិ​។ តាមពិត​គេ​ធ្វើឡើង​ក៏​ដើម្បី​ផ្តាច់​ចេញពី ស្រុកភូមិ ​នូវ​រាល់​ឧបទ្រពចង្រៃ​ដែរ ហើយ​ពិធី​នេះ​ មាន​ឈ្មោះថា ពិធី​ឡើង​ភូមិ ឬ​ពិធី​រាំ​ឡើង​ភូមិ ។​

​និមិត្តរូប​ដ៏​សំខាន់​នៃ​របាំ​ត្រុដិ​នេះ សម្រាប់​បញ្ជាក់​បង្ហាញ​នូវ​អត្ថន័យ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ក្រៅពី​វត្តមាន​របស់​ពួក​អ្នករាំ​កាន់​សញ្ញា​សម្រាប់​កំណត់​ទំនុកច្រៀង គឺ​វត្តមាន​របស់​អ្នករាំ​កាន់ដំបង​កោង​មួយ​ ធ្វើ​របៀប​ផ្សេង​ដូច​តំណាង​ផាល​នង្គ័ល ដែល​នៅ​ខាងចុង​មាន​ចង​កណ្តឹង ឬ​រោម​ក្ងោក​។ និមិត្តរូប​ចម្បង​មួយទៀត គឺ​វត្តមាន​អ្នករាំ​របាំ​ពីរ​នាក់​ទៀត​ រាំ​ត្រាប់​តាម​សត្វ​ទន្សោង​ដែល​ចែចង់​គ្នា ដោយមាន​ពាក់​ស្នែងទន្សោង​លើ​ក្បាល​របស់គេ​ថែមទៀត​ផង​។​

​សូមជម្រាបថា​សត្វ​ប្រើស​ដែលជា​អ្នករាំ​របាំ​ទន្សោង​ទាំងពីរ​នេះ​ តំណាង​ព្រានព្រៃ​ដេញ តាម​សត្វ​ប្រើស​ដែល​ត្រូវគេ​បរបាញ់​។ ករណី​មួយទៀត​ដែល​បង្ហាញ​នូវ​លក្ខណៈ​ពិសិដ្ឋ​របស់​របាំ​នេះ គឺ​វត្តមាន​របស់​មនុស្ស​ព្រៃ​ម្នាក់​ មានមុខ​លាប​ពណ៌​ខ្មៅ ក្បាល​រំ​ដោយ​ផ្កា និង​ស្លឹកឈើ​ជា​រុក្ខទេវតា​ថែរក្សា​ព្រៃភ្នំ​ ដែល​ជួយ​ពួក​ព្រានព្រៃ​ក្នុងការ​បរបាញ់​។​

​ដូចនេះ​តាមរយៈ​វត្តមាន​របស់​តួអង្គ គឺ​អ្នករាំ​របាំ​ដែល​ខ្លួន​ជាស​ត្វ ឬ​រុក្ខ​ទេ​តា​ ដែល​តំណាង​នូវ​សភាវៈ​ល្អ ឬ​អាក្រក់ យើង​អាច​សម្គាល់​នូវ​លក្ខណៈ​ពិសិដ្ឋ​របស់​របាំ​ត្រុដិ ដែលជា​ពិធីបុណ្យ​ឆ្លង​ផ្តាច់​ឆ្នាំ​ចាស់ ​ចូលឆ្នាំថ្មី​របស់​ពលរដ្ឋ​ខ្មែរ​យើង ដែលមាន​លក្ខណៈ​ជី​វច​ល​និយម​។ ហើយ​លើសពីនេះទៅទៀត​នោះ គឺ​តួនាទី​របស់​របាំ​នេះ​ក្នុងសង្គម​ខ្មែរ គឺ​ការ​ផ្តល់នូវ​ផលប្រយោជន៍​សុភមង្គល​របស់​មនុស្ស​ក្នុងសង្គម ដោយ​រួម​រិត​សម្ព័ន្ធភាព សាមគ្គីភាព​របស់​ពួកគេ​ឡើងវិញ​។

​ទស្សនៈ​បែបនេះ ពិតជា​ពុំមែន​កេរមតក​វប្បធម៌​ឥណ្ឌា​ទេ ក៏ប៉ុន្តែ ជា​មរតក​វប្បធម៌​មន​-​ខ្មែរ ដែលមាន​អាយុ​ច្រើន​ពាន់​ឆ្នាំ​មកហើយ មានតម្លៃ​ស្ថិតស្ថេរ​រហូតមកដល់​សព្វថ្ងៃនេះ​។ ក្នុង​ពិធី​របាំ​ឆ្លង​នេះ សាមគ្គី​របស់​មនុស្ស​ខ្មែរ​គ្រប់​ឋានៈ វណ្ណៈ​ក្នុងសង្គម​ ត្រូវ​ពង្រឹង​សាជាថ្មី​ឡើងវិញ ដើម្បី​ឈានទៅរក​វឌ្ឍនភាព និង​សុភមង្គល​ដោយ​ក្តីសង្ឃឹម​។ លក្ខណៈ​ពិសិដ្ឋ​មួយទៀត​របស់​របាំ​ត្រុដិ គឺ​ជំនឿ​លើ​បុព្វការី​ជន​ ក្រោមរូបភាព​សត្វ​ប្រើស ឬ​ក្ងោក ​ដែល​ឆ្លុះបញ្ចាំង នូវ​រូបភាព​ឯកភាព​ផ្នែក​ជំនឿ​សាសនា​។

​សូមជម្រាបថា ការដែល​ជនជាតិភាគតិច (​ខ្មែរលើ​) និង​ជនជាតិខ្មែរ​ប្រារព្ធ​របាំ​នេះ ពុំមែន​ជាការ​ចៃដន្យ​ទេ ក៏ប៉ុន្តែ​ទង្វើ​នេះ​បង្ហាញ​នូវ​ខឿនវប្បធម៌​រួម​ រវាង​ជនជាតិខ្មែរ​ព្រៃភ្នំ (​មន​-​ខ្មែរ​) និង​ខ្មែរ​ និងភាព​ចំណាស់នៃ​ប្រពៃណី​ដ៏​ល្អ​នេះ​ផង​​៕

​ប្រភព​៖ ដកស្រង់​ពី​គេហទំព័រ ​អ្នកស្រី ​កែវ​ ច​ន្ទ័​បូរ​ណ៍​


Tag:
 ចូលឆ្នាំថ្មី
  របាំ​ត្រុដិ
© រក្សាសិទ្ធិដោយ thmeythmey.com