ជាតិ
សង្គមជាតិ
ឥរិយាបថ​របស់​អ្នកនយោបាយ​ឆ្នាំ​ចាស់ ដែល​ត្រូវ​លះបង់​!
14, Apr 2016 , 8:30 am        
រូបភាព
ដោយ:
ពីមួយ​ទៅមួយ​ឆ្នាំ​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ក៏​សរសើរ​ខ្លះ​ដែរ​ពី​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​អ្នកនយោបាយ​ខ្មែរ​មួយចំនួន​ក្នុងន័យ​វិជ្ជមាន ដែល​ដើរ​នៅលើ​វិថី​នយោបាយ​នេះ​។ ក៏ប៉ុន្តែ​ទន្ទឹម​នឹងមាន​ចំណុច​វិជ្ជមាន អ្នកនយោបាយ​ខ្មែរ នៅតែ​រក្សាទុក​នូវ​ឥរិយាបថ ឬ​ទម្លាប់​នយោបាយ​មិនល្អ​មួយចំនួន​កាលពី​អតីតកាល​បន្ត​រហូតដល់បច្ចុប្បន្ន​។  ដូច្នេះ ឆ្នាំ​ថ្មី​ចូលមក​ដល់​នេះ អ្នកនយោបាយ​ខ្មែរ គួរតែ​លះបង់​នូវ​ឥរិយាបថ​នយោបាយ​មិនល្អ ដើម្បី​ប្រយោជន៍​ជាតិ និង​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ​។​



​នៅពេលដែល​គេ​ចាប់ផ្តើម​និយាយ​ដល់​រឿង​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ គេ​តែងតែ​នឹកឃើញ​ដល់​តួអង្គ​អ្នកនយោបាយ​ចាស់ៗ និង​ដដែលៗ ដែល​កំពុងតែ​ប្រឡូក​ក្នុង​វិថី​នយោបាយ​យ៉ាងសកម្ម មានដូចជា សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម​ម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ សម្តេច ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជាដើម​។

ជារឿយៗ​តាំងពី​ជាង ២០ ឆ្នាំមុន និង​បន្ត​រហូតដល់​បច្ចុប្បន្ន​នេះ អ្នកនយោបាយ​ចាស់វស្សា​ខាងលើនេះ តែង​អនុវត្ត​ឥរិយាបថ ឬ​ទម្លាប់​នយោបាយ​មិនល្អ ដែល​ធ្លាប់ធ្វើ​កាលពី​អតីតកាល បន្ត​មក​ធ្វើ​រហូតដល់​បច្ចុប្បន្ន​។ ដូច្នេះ​ក្នុង​ឆ្នាំ​ថ្មី​នេះ អ្នកនយោបាយ​ខ្មែរ​គួរ​លះបង់​សកម្មភាព​នយោបាយ​មិនល្អ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន និង​រក្សា​តម្លៃ​ជា​អ្នកនយោបាយ​។

ឥរិយាបថ​មិនល្អ​របស់​អ្នកនយោបាយ​ចាស់ៗ​ទាំងនោះ ដែល​ត្រូវ​លះបង់​មានដូចជា ទី ១ ត្រូវ​ឈប់​ជេរ ឬ​វាយប្រហារ​គ្នា​ជា​លក្ខណៈ​បុគ្គល ដើម្បី​បន្តុះបង្អាប់​គូប្រកួត​ប្រជែង​នយោបាយ​ខ្លួន​។ ចំណុច​នេះ កន្លងមក​អ្នកនយោបាយ​ខ្មែរ​ខ្លះ​ធ្លាប់​ជេរ​គ្នា​ដោយ​ពាក្យ​អសុរោះ ថា អា​ខ្វាក់ អា​ក្បត់ជាតិ អាចោរ​លួច​អង្ក និង​គំរាម​ប្រើ​ហិង្សា​ជាដើម​។

ចំណុច​ទី ២ ត្រូវ​លះបង់​គំនិត​ចងគំនុំ ឬ​ចាត់ទុក​ដៃគូ​ប្រកួតប្រជែង​ជាស​ត្រូវស្លាប់​រស់​។ អ្នកនយោបាយ​ខ្មែរ​ខ្លះ​យល់ថា ប្រសិនបើ​គូប្រកួត​ប្រជែង​ខ្លួន​ម្ខាង​ទៀត ឈ្នះឆ្នោត ពួកខ្លួន​នឹងត្រូវ​ជាប់គុក ឬ​អស់​អ្វីៗ​គ្រប់បែបយ៉ាង ព្រោះ​ពួកគេ​បារម្ភ​ថា អ្នកផ្សេង​ឈ្នះឆ្នោត គុំកួន​ខ្លួន​ចង់​សងសឹក​នៅពេល​បាន​អំណាច​។

​ចំណុច​ទី ៣ អ្នកនយោបាយ​ត្រូវ​ឈប់​រក​មធ្យោបាយ​ស្មោកគ្រោក ដើម្បី​បំបាក់​គ្នា​ទៅវិញទៅមក​។ អ្នកនយោបាយ​ខ្លះ ពូកែ​ប្រឌិត​រឿង ដើម្បី​ទុក​ផ្សព្វផ្សាយ​ជា​សាធារណៈ ក្នុង​គោលដៅ​បង្ខូច​កិត្តិយស​ដៃគូ​ប្រកួតប្រជែង​ការបោះឆ្នោត​។

ចំណុច​ទី ៤ អ្នកនយោបាយ ត្រូវ​ឈប់​បញ្ចុះបញ្ចូល ឬ​ប្រើ យុវជន ពលរដ្ឋ ឲ្យ​ធ្វើ​ទង្វើ​មិន​គប្បី និង​អសីលធម៌ ដើម្បី​មហិច្ឆតា​នយោបាយ​ប្រជាភិថុតិ​របស់ខ្លួន​។

ចំណុច​ទី ៥ អ្នកនយោបាយ​គួរ​ឈប់​ឃោសនា កុហក ប្រជាពលរដ្ឋ ប្រាសចាក​គុណធម៌​ជាម​នុស្ស ដើម្បី​តែ​សំឡេងឆ្នោត​។

​ចំណុច​ទី ៦ អ្នកនយោបាយ​ចាស់ៗ គួរ​លះបង់ នូវ​អំពើ​អប់​ក្រសោប​អំណាច​ច្រើន​កន្លែង​យកមក​គ្រប់គ្រង​តែម្នាក់ឯង​ចោល ដើម្បី​ផ្តល់​សិទ្ធិ ឬ​ផ្ទេរអំណាច​ដល់​យុវជន​ជំនាន់​ក្រោយ ឲ្យ​ពួកគេ​មានឱកាស​ទទួលបាន​ប​ទ​ពិសោធន៍​ធ្វើការ​ងារ​ធំដុំ​បន្តវេន​។

ចំណុច​ទី ៧ អ្នកនយោបាយ ត្រូវ​លះបង់​សកម្មភាព​បញ្ឆេះ​ពលរដ្ឋ​ឲ្យ​មាន​កំហឹង​ជាមួយ​ជនជាតិ​ខ្លួន ឬ​ជាតិ​សាសន៍​ដទៃ​។

ចំណុច​ទី ៨ អ្នកនយោបាយ ត្រូវ​ឈប់​ប្រើប្រាស់​ប្រព័ន្ធតុលាការ ដើម្បី​ធ្វើបាប​ដៃគូ​ប្រជែង​នយោបាយ​គ្រប់​រូបភាព​។​

ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ អាច​លះបង់ ឬ​យ៉ាងហោចណាស់​កាត់បន្ថយ​នូវ​ឥរិយាបទ​នយោបាយ​ខាងលើនេះ អ្នក​ដែល​ទល់​ផលចំណេញ​ខ្លាំងជាងគេ ក្រៅពី​តួអង្គ​អ្នកនយោបាយ​ផ្ទាល់ គឺ​ប្រជាពលរដ្ឋ​។ ព្រោះ​ប្រទេស​ដែលមាន​អ្នកនយោបាយ ឬ​អ្នកដឹកនាំ​ល្អ វាសនា​ពលរដ្ឋ ឬ​សេដ្ឋកិច្ច​របស់​ជាតិ អាច​នឹង​ជឿនលឿន​ទៅមុខ​ឆាប់រហ័ស​៕





Tag:
 ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com