អន្តរជាតិ
នយោបាយអន្តរជាតិ
ពីឆ្នាំ២០១៧តទៅ ប្រធានអាស៊ាននឹងអនុវត្តតាមអក្ខរក្រមភាសាអង់គ្លេសវិញហើយ
× រយៈពេល៤៨ឆ្នាំហើយ ដែលអាស៊ានត្រូវបានបង្កើតជាផ្លូវការ។ ដើម្បីបង្កើនកិច្ចសហការរវាងបណ្តារដ្ឋសមាជិក និងដើម្បីស្វែងរកដំណោះស្រាយរួមគ្នាលើបញ្ហាប្រឈមផងដែរនោះ អាស៊ានបានបង្កើតយន្តការមួយដោយត្រូវមានកិច្ចប្រជុំរៀងរាល់ឆ្នាំ ដែលរដ្ឋអាស៊ាននីមួយៗ ត្រូវធ្វើជាប្រធានវិលជុំតាមលំដាប់អក្ខរក្រមឈ្មោះប្រទេសជាភាសាអង់គ្លេស។
កន្លងមក អាស៊ាន មិនបានគោរពតាមគោលការណ៍របស់ខ្លួននោះទេ ទោះបីជាអាស៊ាន មានធម្មនុញ្ញដែលបានកំណត់ពីបញ្ហានេះក៏ដោយ។ យ៉ាងណាក៏ដោយ មន្ត្រីអគ្គលេខាធិការដ្ឋានអាស៊ាន បានបញ្ជាក់ថាចាប់ ពីឆ្នាំ២០១៧តទៅអាស៊ាននឹងអនុវត្តតាមអក្ខរក្រមនៃភាសាអង់គ្លេសវិញហើយ។
យោងតាមមាត្រា៣១ នៃធម្មនុញ្ញអាស៊ាន ប្រធាននៃអាស៊ាន ត្រូវប្រព្រឹត្តឡើងដោយវិលជុំ ដោយផ្អែកតាមលំដាប់អក្ខរក្រមជាភាសាអង់គ្លេសនៃឈ្មោះសមាជិកនីមួយៗ។ តាមបទបញ្ញាត្តិដដែល រដ្ឋនីមួយដែលជាប្រធាន នឹងត្រូវធ្វើប្រធាននៃកិច្ចប្រជុំកំពូលកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ ដែលជាដៃគូសន្ទនារបស់អាស៊ាន។ តែតាមការអនុវត្តជាក់ស្តែង អាស៊ាន មិនបានអនុវត្តតាមការកំណត់របស់ ធម្មនុញ្ញនោះទេ ក្នុងការធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន។
រដ្ឋខ្លះធ្វើជាប្រធានមុនពេលកំណត់ ខ្លះទើបតែធ្វើប្រធានបានតែម្តងខណៈរដ្ឋផ្សេងៗទៀត យ៉ាងហោចណាស់ធ្វើ ជាប្រធានពីរដងរួចបានទៅហើយ។ ការផ្លាស់កាន់តែខ្លាំងបំផុតនោះគឺចាប់ពីឆ្នាំ២០១១ទៅដែលពេលនោះ ប្រ៊ុយណេ បានផ្លាស់ប្តូរវេនជាមួយនឹងឥណ្ឌូនេស៊ី។ បន្ទាប់មកទៀត នៅឆ្នាំ២០១៤ មីយ៉ាន់ម៉ា បានធ្វើជាប្រធានអាស៊ានជំនួសឡាវទៅវិញ។
ឆ្លើយតបបញ្ហានេះ លោកស្រី Anindhitya Sasti មន្ត្រីបច្ចេកទេសទទួលបន្ទុកផ្នែកផ្សព្វផ្សាយនៃអគ្គលេខាធិការដ្ឋានអាស៊ានបានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមរយៈ e-mail កាលពីថ្ងៃទី១៩ខែមករាកន្លងទៅថា ការមិនបានអនុវត្តទៅតាមអក្ខរក្រមនៃប្រធានអាស៊ានចាប់ពីឆ្នាំ២០១១ ក៏ព្រោះតែឥណ្ឌូនេស៊ី ស្នើប្តូរវេនជាមួយនឹងព្រុយណេហើយ មីយ៉ាន់ម៉ា បានស្នើប្តូរជាមួយនឹងឡាវ។ លោកស្រី បានបន្ថែមទៀតថា «ទាំងនេះ គឺជាការរៀបចំ និងការឆ្លើយតបទៅនឹងសំណើរបស់សមាជិកអាស៊ាននៅពេលដែលមានបញ្ហា »។
យ៉ាងណាក៏ដោយ លោកស្រី Anindhitya បានសង្កត់ធ្ងន់ថាចាប់ពីឆ្នាំក្រោយតទៅពោលគឺឆ្នាំ២០១៧ អាស៊ាន នឹងអនុវត្តតាមអក្ខរក្រមនៃឈ្មោះរបស់ប្រទេសជាភាសាអង់គ្លេសវិញហើយ។ នៅឆ្នាំ២០១៧ ហ្វីលីពីន នឹងធ្វើជាប្រធានអាស៊ាន ហើយឆ្នាំបន្ទាប់២០១៨ គឺជាវេនរបស់សិង្ហបុរី។
សូមបញ្ជាក់ផងដែរថា សមាជិកអាស៊ានទាំងដប់ (តាមអក្ខរក្រម) មានដូចជា ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕
Tag:
អាស៊ាន
ធម្មនុញ្ញអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com