អន្តរជាតិ
ប្រទេស​ណាខ្លះ​ដែល​បាត់ឈ្មោះ​ពី​ផែនទី​នៅ​សតវត្ស​ទី​២០? (​ភាគ​១)
17, Apr 2016 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​អំឡុង​សតវត្ស​ទី​២០ មាន​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ដែល​បាន​បាត់ឈ្មោះ ពី​ផែនទី​ពិភពលោក​។ រដ្ឋ​ខ្លះ​បាន​បាត់ឈ្មោះ​ដោយសារ​ការរួបរួម​គ្នា ឯ​រដ្ឋ​ខ្លះទៀត​បែក​ខ្ងែ​ក​គ្នា​ជា​ពីរ​ឬ​បី ឬ​ច្រើន ផ្សេងទៀត​ផងដែរ​។ ថ្ងៃនេះ​គេហទំព័រ​ថ្មីៗ​សូម​លើកយក​ប្រទេស​ធំៗ​ចំនួន ១០ ដែល​បាន​បាត់ឈ្មោះ​ពី​ផែនទី​ពិភពលោក​យើង​នេះ​៖

 
១.  អាឡឺម៉ង់​ខាងកើត (១៩៤៩-១៩៩០)
​ក្រោយ​សង្គ្រាមលោកលើកទី​២ អាឡឺម៉ង់​ត្រូវបាន​បែង​ចែកជា​ពីរ និង​កាន់កាប់​ដោយ​ប្រទេស​មហាអំណាច​ដែល​ឈ្នះ​សង្គ្រាម មាន​អាមេរិក អង់គ្លេស បារាំង និង​សហភាពសូវៀត​ជាដើម​នោះ​។ ខាងកើត​ត្រូវបាន​កាន់កាប់​ដោយ​សហភាពសូវៀត និង​ខាងលិច​ត្រូវបាន​កាន់កាប់​ដោយ​អាមេរិក​និង​ប្រទេស​សម្ព័ន្ធមិត្ត ហើយ​ក្រោយ​ការកាន់កាប់​នេះ​គេ​សង្កេតឃើញ​ការ​លេច​រួប​រាង​ឡើង​នៃ​រដ្ឋ​មួយ​នេះ​ឆ្នាំ ១៩៤៩ ។ 
 
​ទោះជា​យ៉ាងណា​ភាពល្បីល្បាញ​នៃ​ប្រទេស​អាឡឺម៉ង់​ខាងកើត​គឺ ជញ្ជាំង​ធ្វើឡើង​ដើម្បី​ខណ្ឌ​ចែក​ជាមួយ​អាឡឺម៉ង់​ខាងលិច និង​អំពើ​ឃោរឃៅ​បាញ់ប្រហារ​លើ​ប្រជាជន​ដែលមាន​ចេតនា​រត់​ចាក​ចេញពី​ប្រទេស​នេះ ទៅកាន់​អាឡឺម៉ង​ខាងលិច​ផងដែរ​។ តែ​គួរអោយ​សោកស្តាយ ប្រទេស​នេះ​បាន​បាត់​ខ្លួន បន្ទាប់ពី​មានការ​រួបរួមគ្នា​រវាង​អាឡឺម៉ង់​ទាំងពីរ ដោយសារ​សហភាពសូវៀត​ចុះ​អន់​ខ្សោយ​នៅ​ឆ្នាំ ១៩៩០ ។​
 
២.​ឆេ​កូ​ស្លូ​វ៉ា​គី Czechoslovakia (១៩១៨-១៩៩២)
​ប្រទេស​ឆែ​កូ​ស្លូ​វ៉ា​គី កើតឡើង​ចេញពី​ផ្នែក​មួយ​នៃ​ទឹកដី​ចក្រភព​អូទ្រីស ហុង​គ្រី នៅពេល​ចក្រភព​នេះ​រលំរលាយ​ក្រោយ​សង្គ្រាមលោកលើកទី​១ ឆ្នាំ ១៩១​។ ហើយ​ប្រទេស​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​រដ្ឋ​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​មួយ នៅ​ទ្វីបអឺរ៉ុប​មុនពេល​ផ្ទុះឡើង​នូវ​សង្គ្រាមលោកលើកទី​។ នៅ​ឆ្នាំ ១៩៣៨ ប្រទេស​នេះ​ត្រូវបាន​កាន់កាប់​នឹង​ភ្ជាប់​ជាមួយនឹង​ប្រទេស​អាឡឺម៉ង់​ដោយ មេដឹកនាំ​ផ្តាច់កា​រអា​ដុ​ហ្វ ហ៊ី​ត្លែ ក្រោយ​មានការ​ព្រមព្រៀងគ្នា​ជាមួយ​មេដឹកនាំ បារាំង និង​អង់គ្លេស នៅ​ទីក្រុង​មុយ​និក ឆ្នាំ ១៩៣៨ ។ 
 
​ក្រោយ​សង្គ្រាមលោកលើកទី​ពីរ​ទឹកដី​នេះ​ត្រូវបាន​កាន់កាប់​ដោយ​សហភាពសូវៀត រហូតដល់​ពេលដែល​សូ​វៀត​ដួលរលំ​ឆ្នាំ ១៩៩១​ទើប​ប្រទេស​នេះ​ក្លា​ជា​រដ្ឋ​ឯករាជ្យ​។ តែ​យ៉ាងណា នៅក្នុង​ឆ្នាំ ១៩៩២ ប្រទេស​នេះ​ត្រូវបាន​បែងចែក​ជា​ពីរ គឺ​សាធារណរដ្ឋ​ឆែក​(​លិច​) និង​ស្លូ​វ៉ា​ក​(​កើត​) ក្រោយពី​មានការ​ទាមទារ​ស្វ័យភាព និង​ឯករាជ្យភាព​ពី​ប្រជាជន​អំបូរ​ស្លា​វ​(Slavs) ដែល​រស់នៅ​តំបន់​ស្លូ​វ៉ា​ក​នោះ​។​មកទល់ពេលនេះ​លែងមាន​ប្រទេស​ឆែ​កូ​ស្លូ​វ៉ា​គី​ទៀតហើយ​។​
 
៣.​សហព័ន្ធ​យូ​ហ្គោ​ស្លា​វី  Yugoslavia (១៩១៨-១៩៩២)
​ប្រទេស​នេះ​មានឈ្មោះ​ជា​ផ្លូវការ សាធារណរដ្ឋ​សហព័ន​សង្គមនិយម​យូ​ហ្គោ​ស្លា​វី បានចាប់កំនើត​ឡើង​បន្ទាប់ពី​ដួលរលំ និង​បែកបាក់​គ្នា​នៃ​ទឹកដី​ចក្រភព​អូ​ទ្រី​-​ហុង​គ្រី​ដូចគ្នា​នឹង​ឆែ​កូ​ស្លា​វ៉ា​គី​ដែរ​។ តាមពិតទៅ យូ​ហ្កូ​ស្លា​វី​នេះ ជា​ផ្នែក​មួយ​នៃ​ហុង​គ្រី ផ្តើមចេញ​តំបូង​ពី​រដ្ឋ​ស៊ែ​ប៊ី តែ​យ៉ាងណា​ប្រទេស​នេះ​មិនបាន​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​នោះ តែ​បែ​ជា​ត្រលប់​ទៅ​ជ្រើសរើស​របបរាជានិយម​ផ្តាច់ការ​ទៅវិញ​។ 
 
​នៅក្នុង​ឆ្នាំ ១៩៤១ ទឹកដី​នេះ​ត្រូវបាន​ឈ្លានពាន និង​កាន់កាប់​ដោយ​កងទ័ព​ណា​ស៊ី​អាឡឺម៉ង់ ហើយ​វា​បាន​ក្លាយជា​ទឹកដី​របស់​អាឡឺម៉ង់​ចាប់ពីពេលនោះ​។ ក្រោយ​អាឡឺម៉ង់​ចាញ់​សង្គ្រាមលោកលើកទី​២ ឆ្នាំ ១៩៤៥ បាន​ព្យាយាម​គេចចេញ​អោយ​ផុតពី​ការគ្រប់គ្រង​របស់​សហ​ភាព​សូ​វៀត តែ​យ៉ាងណា​ប្រទេស​នេះ​មិនបាន​បោះបង់​របប​កុម្មុយនីស្ត​ចោល​ឡើយ​។ 
 
​របប​ថ្មី​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រធាន​ធិបតី Josip Tito ហើយ​ប្រទេស​នេះ​ក៏​ព្យាយាម​ផងដែរ​ដើម្បី​បង្កើត​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ជៀស​ផុតពី​ឥទ្ធិពល​នៃ​បណ្តា​ប្រទេស​លោកខាងលិច និង លោក​ខាងកើត​។ នៅក្នុង​ឆ្នាំ ១៩៩២ ដោយសារ​មាន​បញ្ហា​វិបត្តិ​ផ្ទៃក្នុង​ទាក់ទង​នឹង​ជម្លោះជាតិសាសន៍ សហព័ន្ធ​យូ​ហ្កូ​ស្លា​វី​នេះ​ត្រូវបាន​បែងចែក​ជា​រដ្ឋ​តូច​ចំនួន​៦ ដូចជា ស្លូ​វឺ​នៀ ក្រូ​អាត បូ​ស្នៀ ស៊ែ​ប៊ី  ម៉ាក​សេ​ដូ​នី (Macedonia) និង​ម៉ុង​តេ​ណេ​ក្រូ​(Montenegro)​។  

៤.​ទី​បេ​(១៩១៣-១៩៥១)
​ទឹកដី​ទី​បេ ជា​ទឹកដី​មួយ​ដែលមាន​ដែលមាន​ដើមកំណើត និង​ល្បីល្បាញ​ជា​យូរយារ​ណាស់​មកហើយ  តែ​យ៉ាងណា​ទើបតែ​ឆ្នាំ ១៩១៣​ប្រទេស​នេះ​បានប្រកាស​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​ពេញលេញ​មិន​ស្ថិតក្រោម​ឥទ្ធិពល​នៃ​រដ្ឋ​ណាមួយ​ឡើយ ក្រោម​ការដឹកនាំ​របស់​សង្ឃ  Dalai Lamas​។ មួយឆ្នាំ បន្ទាប់ ១៩១៤ អ្នកតំណាង​អង់គ្លេស ចិន និង​ទី​បេ បាន​ជួបជុំគ្នា​ពិភាក្សា និង​ចរចា​រលើ​សន្ធិសញ្ញា​មួយ ដើម្បី​ទទួលស្គាល់​បន្ទាត់​ព្រំដែន​ភាគ​ខាងជើង និង​ព្រំដែន​ដទៃទៀត​របស់​ទី​បេ​ផង​។ 
 
​ទាំង​ប្រទេស​អង់គ្លេស និង​ប្រទេស​ចិន បាននាំគ្នា​សន្យា​គោរព​បូរណភាព​ដែនដី​របស់​ទី​បេ ផងដែរ​ចាប់ពីពេលនោះ​មក​។ គួរអោយ​សោកស្តាយ​រយៈពេល​ត្រឹមតែ ៤៨​ឆ្នាំ​ប៉ុណ្ណោះ ដែល​ប្រទេស​នេះ​ក្លាយខ្លួនជា​រដ្ឋ​ឯករាជ្យ ដោយនៅ​ឆ្នាំ ១៩៥១ កងទ័ព​កុម្មុយនីស្ត​ចិន របស់លោក​ម៉ៅ សេទុង បាន​ឈ្លានពាន និង​កាន់កាប់​ទឹកដី​នេះ​។ នៅក្នុង​ឆ្នាំ ១៩៥៩ ប្រទេស​ចិន​បាន​ភា្ជ​ប់​ទឹកដី​នេះ​ជា​របស់​ចិន​ជា​ផ្លូវការ ដោយ​រំលាយ​រដ្ឋាភិបាល​ទី​បេ​ចោល ហើយ​ប្រទេស​នេះ​លែង​ជា​រដ្ឋ​ឯករាជ្យ​បន្ត​ទៀតហើយ​ចាប់ពីពេលនោះ​មក​។​
 
៥.​ប្រទេស​វៀតណាម​ខាងត្បូង (១៩៥៥-១៩៧៥) 
​ក្រោយពី​ប្រទេស​បារាំង​ចាញ់​សង្គ្រាម​នៅ​ជាមួយ​កងទ័ព​វៀតណាម បារាំង​ព្រម​ប្រគល់​ឯករាជ្យ​ជា​ផ្លូវ​ការអោយ​វៀតណាម​នៅ​ឆ្នាំ ១៩៥៤  តែ​យ៉ាងណាក្តី ក្រោម​អំណាច​នៃ​សន្និសីទ​ទីក្រុង​ហ្សី​ណែវ​ឆ្នាំ ១៩៥៤ បា​នស​ម្រ​ច​បំបែក​វៀតណាម​ជា​ពីរ​តាមរយៈ​ខ្សែរ​ស្រប​ទី ១៧​។ វៀតណាម​ត្រូវបាន​បែង​ចែកជា​ពីរ គឺ​ខាងជើង​គាំទ្រ​របប​កុ​ម្មនី​ស្ត​ដឹកនាំ​ដោយ ហូជីមិញ និង​វៀតណាម​ខាងត្បូង​ដែល​តំបូង​ឡើយ​ដឹកនាំ​ដោយ​ស្តេច​វៀតណាម​ព្រះនាម Bao Dai​។ 
 
​ក្រោយពី​បារាំង​បាន​ចាកចេញ ទៅ​ម្ចាស់​អាណានិគម​ថ្មី​អាមេរិក​បាន​ចូលមក​ជំនួស ដែល​គោលបំណង​សំខាន់​របស់​អាមេរិក​នៅ​ពេលនោះ​គឺជា​ការទប់ស្កាត់​ការរីក​សាយ​ភាព​នៃ​របប​កុ​ម្មនី​ស្ត​នៅ​វៀតណាម​ខាងជើង​។ ដូច្នេះហើយ​អាមេរិក​សម្រេច​ធ្វើសង្គ្រាម​ប្រឆាំង​វៀត​ណា​ខាងជើង​ដោយ​គាំទ្រ​កងទ័ព​វៀតណាម​ខាងត្បូង​។ 
 
​រហូតដល់​ឆ្នាំ ១៩៧៣ អាមេរិក​មានបំណង​ដក​កងទ័ព​របស់ខ្លួន​ចេញ និង​បញ្ឈប់​សង្គ្រាម ដោយ​រៀបចំ​អោយមាន​ការចរចា និង​ចុះ​កិច្ច​ព្រមព្រៀងគ្នា​មួយ​រវាង​រដ្ឋាភិបាល​អាមេរិក និង​វៀតណាម​ខាងជើង នៅ​ទីក្រុង​ប៉ារីស​។​នៅ​ឆ្នាំ ១៩៧៥ វៀត​ណា​ខាងជើង​ឈ្នះ​សង្គ្រាម​ជាមួយ​វៀតណាម​ខាងត្បូង ហើយ​វៀតណាម​ទាំងពីរ​បានរួម​រួមគ្នា​ក្លាយជា​វៀតណាម​តែមួយ​ចាប់តាំងពី​ពេល​នោះមក​៕

Tag:
 ប្រទេស​​បាត់ឈ្មោះ​ពី​ផែនទី
© រក្សាសិទ្ធិដោយ thmeythmey.com