អន្តរជាតិ
ប្រទេស​ណាខ្លះ​បាត់​ពី​ផែនទី​ពិភពលោក​នៅ​សតវត្ស​ទី​២០? (​ត​ចប់​)
17, Apr 2016 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​អំឡុង​សតវត្សរ៍ ទី​២០ មាន​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ដែល​បាន​បាត់ឈ្មោះ​ពី​ផែនទី​ពិភពលោក​។ រដ្ឋ​ខ្លះ​បាន​បាត់ឈ្មោះ​ដោយសារ​ការរួបរួម​គ្នា​ឯ​រដ្ឋ​ខ្លះទៀត​បែកខ្ញែក​គ្នា​ជា​ពីរ​ឬ​បី ឬ​ច្រើន ផ្សេងទៀត​ផងដែរ​។​ថ្ងៃនេះ​គេហទំព័រ​ថ្មីៗ​សូម​លើកយក​ប្រទេស​ធំៗ​ចំនួន​៥​បន្ថែមទៀត​ដែល​បាន​បាត់ឈ្មោះ​ពី​ផែនទី​ពិភពលោក​យើង​នេះ​៖

 
៦.​ចក្រភព​អូទ្រីស​-​ហុង​គ្រី 
​ចក្រភព​អូទ្រីស​-​ហុង​គ្រី ត្រូវបាន​បង្កើតឡើង​ដោយ​ការរួបរួម​គ្នា​នៃ​ប្រទេស​នៃ​រាជាណាចក្រ​អូ​ទ្រី និង​ហុង​គ្រី​នៅ​ឆ្នាំ ១៨៦៧​។ ក្រោយ​បដិវត្ត​ឆ្នាំ ១៨៤៨ នៅក្នុង​ចក្រភព​ហុង​គ្រី ប្រទេស​នេះ បាន​ធ្លាក់​អន់​ខ្សោយ​ទៅៗ ហើយ​ក្រោយមក​ប្រទេស​នេះ​( កាលសម័យ​នោះ​ចក្រភព​ហុង​គ្រី គ្រប់គ្រង​សម្ព័ន្ធ​រដ្ឋ​អាឡឺម៉ង់​) ក៏បាន​ចាញ់​សង្គ្រាម​ជាមួយនឹង​ចក្រភព​ព្រុ​ស្យា​(Prussia) នៅ​ឆ្នាំ ១៨៦៦​។  ក្រោយ​ចាញ់​ប្រទេស​ហុង​គ្រី​ត្រូវបាន​គេ​បណ្តេញ​ចេញពី​សម្ព័ន្ធ​រដ្ឋ​អាឡឺម៉ង់ ដូច្នេះហើយ​ទើប​ប្រទេស​នេះ​ស្វែងរក​ការចូល​រូ​ម​ពី​ប្រទេស​ហុង​គ្រី​ដើម្បី​បង្កើតជា​ចក្រភព​មួយ ថ្ងៃ ៨​កុម្ភៈ​ឆ្នាំ ១៨៦៧ ។​
 
​ចក្រភព​អូទ្រីស​ហុង​គ្រី នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ចក្រភព​មួយ​ដែល​ប្រកាន់យក​របប​ទ្វិ​ក​រាជានិយម ដែល​កើតឡើង​ដោយ​ប្រទេស​ប្រកាន់​របបរាជានិយម​ពីរ រួម​រួមគ្នា​បង្កើតជា​អាណាចក្រ​តែមួយ​។ តែ​គួរអោយ​សោក​ចក្រភព​នេះ​បាន​បាត់​ចេញពី​ផែនទី​នៅ​ឆ្នាំ ១៩១៨​ក្រោយ​បញ្ចប់​សង្គ្រាមលោកលើកទី​១ ហើយ​បន្សល់ទុក​ត្រឹម​ប្រទេស​អូទ្រីស ហុង​គ្រី ឆែ​កូ​ស្លា​វ៉ា​គី យូ​ហ្គោ​ស្លា​វី និង​ផ្នែក​ខ្លះទៀត​ត្រូវបាន​ក្លាយជា​ទឹកដី​នៃ​ប្រទេស​អ៊ីតាលី ប៉ូឡូញ និង​រូ​ម៉ា​នី​ផងដែរ​។​

 ៧.​សាធារណរដ្ឋ​អារ៉ាប់​រួម (១៩៥៨-១៩៧១)
​លោកអ្នក​ប្រហែលជា​ធ្លាប់បាន​លឺ​និង​ស្គាល់​ពី​ទឹកដី​សាធារណរដ្ឋ​អារ៉ាប់​រួម ដែលមាន​អាយុកាល​ត្រឹមតែ​១៣​ឆ្នាំ ហើយក៏​បែកខ្ញែក​គ្នា​លែងមាន​ឈ្មោះ​លើ​ពិភពលោក​ទៀត​។​សាធារណរដ្ឋ​អារ៉ាប់​រួម នេះ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៥៨ ដោយមាន​ការរួបរួម​គ្នា​នៃ​ប្រទេស​ពីរ គឺ​ប្រទេស​ស៊ី​រី និង​ប្រទេស​អេ​ហ្ស៊ី​ប ក្រោយពេល​ប្រទេស​ទាំងពីរ​រៀបចំ​បោះឆ្នោត​ធ្វើ​ប្រជាមតិ និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទ្វេរ​ភាគី​រវាង​មេដឹកនាំ​អេ​ហ្ស៊ី​បលោក​Gamal Abdul Nasser និង​មេដឹកនាំ​ស៊ី​រី លោក​។ 
 
​មេដឹកនាំ​អេ​ហ្ស៊ី​ប​យល់ឃើញថា​ការរួបរួម​គ្នា​រវាង​ប្រទេស​ទាំងពីរ​ពិតជា​មាន​សារៈសំខាន់​ណាស់ ពោលគឺ​ប្រែខ្លួន​អោយ​ក្លាយជា​មហាអំណាច​ក្នុង​តំបន់ និង​ដើម្បី​ទប់ស្កាត់​ការ​ការ​គម្រាមកំហែង​ពី​សំណាក់​ប្រទេស​អ៊ីស្រាអែល​ផងដែរ​។​តែ​យ៉ាងណាមិញ ប្រទេស​ទាំងពីរ​មិនអាច​រួមរស់​ជាមួយគ្នា​បានយូរ​អង្វែង​ដូច​ការគ្រោងទុក​ឡើយ ដោយសារ​លេចចេញ​ឡើង​នៅ​បញ្ហា​ចម្រូងចម្រាស​ដូចជា​វិបត្តិ​សេដ្ឋកិច្ច វិបត្តិ​នយោបាយ ការធ្វើ​រដ្ឋប្រហារ ជាពិសេស​ស៊ី​រី​ភ័យខ្លាច​អេ​ហ្ស៊ី​ប​លេប​ទឹកដី​ខ្លួន​បាត់​ព្រោះ​អេ​ហ្ស៊ី​ប ធំ​និង​មាន​ប្រជាជន​ច្រើនជាង​ស៊ី​រី​។ 
 
​ក្រោយមក​នៅ​ឆ្នាំ ១៩៦៧ ប្រទេស​នេះ​ធ្លាក់​ចូលក្នុង​សង្គ្រាម​មួយ​ដែលមាន​ឈ្មោះថា សង្គ្រាម​ប្រាំមួយ​ថ្ងៃ​(Six Day war) ជាមួយ​អ៊ីស្រាអែល បាន​បណ្តាលអោយមាន​វិបត្តិ​កាន់តែ​ធ្ងន់ ហើយ​ឆ្នាំ ១៩៧០ លោក​ប្រធានាធិបតី​អេ​ហ្ស៊ី​បដ៍​មាន​ឥទ្ធិពល​Nasser បាន​ស្លាប់បាត់​បង់ជីវិត​។ ដូច្នេះហើយ​នៅ​ឆ្នាំ ១៩៧១ ប្រទេស​ទាំងពីរ​បាន​ចែកផ្លូវ​គ្នា​ក្លាយជា​រដ្ឋ​ឯករាជ្យ​រៀងៗ​ខ្លួន លែងមាន​សាធារណរដ្ឋ​អារ៉ាប់​រួម​ទៀតហើយ​។ 
 
៨. ចក្រភព​អូ​តូ​ម៉​ង់ (១២៩៩-១៩២២)
​បើ​និយាយ​ដល់​ចក្រភព​អូទ្រីស​ហុង​គ្រី គេ​មិនដែល​ភ្លេច​ឡើយ​អំពី​ចក្រភព​ដ៍​ធំ​មួយទៀត​គី      ចក្រភព​អូ​តួ​ម៉​ង់​នេះឯង​។​ចក្រភព​អូ​តូ​ម៉​ង់​បាន​កើតឡើង​អស់​រយៈពេល​ជា​យូរយារ​ណាស់​មកហើយ​ពោលគឺ​ប្រមាណ​ជាង ៦០០​ឆ្នាំ ។ ចក្រភព​មួយ​នេះ​ត្រូវបាន​គេ​ចាត់ទុកជា​ចក្រភព​ដ៍​ធំ​សម្បើម​មួយ​ដែលមាន​ផ្ទៃដី​ជាង ៥​លាន​គីឡូ​ម៉ែត្រការ៉េ​នៅក្នុង​ឆ្នាំ ១៦៨៣ ដោយសារ​ការអនុវត្ត​នយោបាយ​វាទ​និយម​របស់​អ្នកដឹកនាំ​សម័យ​នោះ​។ 
 
​ប្រទេស​នេះ​បាន​កាន់កាប់​ទឹកដី​ដ៍​ធំធេង​ពោលគឺ ចាប់ពី​ប្រទេស​Morocco ទៅដល់​ឈូង​សមុទ្រ​Persian ហើយ​និង​ពី​ស៊ូដង់​ទៅដល់​ភាគ​ខាងជើង​ប្រទេស​ហុង​គ្រី​ថែម​ទៀតផង​។ តែ​យ៉ាងណាក្តី​ក្រោយ​សង្គ្រាមលោកលើកទី​១ ចក្រភព​នេះ ត្រូវបាន​រលំរលាយ​នៅក្នុង​ឆ្នាំ ១៩២២ ដោយ​ជនជាតិ​Turks បានឈ្នះ​សង្គ្រាម ទាមទារ​ឯករាជ្យ ហើយ​បាន​លុបបំបាត់ចោល​របប​ដឹកនាំ​បែប​ស៊ុ​លត​ង់ ហើយ​បង្កើតជា​រដ្ឋ​បែប​ទំនើប​ដែល​គេ​ស្គាល់​ថា​ប្រទេស​តួ​ក​គី​ចាប់តាំងពី​ពេល​នោះមក​។ 
 
៩.​ប្រទេស Sikkim (​ស​វត្ស​ទី​៨ -១៩៧៥) 
​និយាយ​ដល់​រដ្ឋ Sikkim ប្រហែល​ជាមាន​មនុស្ស​ភាគតិច​ណាស់​ដែល​ធ្លាប់​លឺ និង​ស្គាល់​ប្រទេសមួយ​នេះ​។​Sikkim គឺជា​រដ្ឋ​មួយ​របស់​ឥណ្ឌា​ដែល​មិន​ជាប់​នឹង​សមុទ្រ មាន​ទីតាំង​នៅក្នុង​តំបន់ភ្នំ​ហិ​ម៉ា​ល័យ មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​នេ​ប៉ាល់ តំបន់​ទី​បេ     និង​ប្រទេស​ប៊ូ​តាន់​។ ប្រទេស Sikkim ជា​ប្រទេស​ដែល​ប្រកាន់យក​របបរាជានិយម​តាំងពី​យូរយារ​ណាស់​មកហើយ តាំងពី​សតវត្ស​ទី​៨​មក​ម្លេះ ហើយ​បន្ត​ជា​ស្ថិតនៅ​ជា​រដ្ឋ​ឯករាជ្យ​មួយ​រហូតដល់​ឆ្នាំ ១៨៥៣ នៅពេលដែល​ចក្រភព​អង់គ្លេស​ភ្ជាប់​ទឹកដី​នេះ​ជាមួយ​ឥណ្ឌា​ដើម្បី​ដាក់អោយ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ខ្លួន​។ 
 
​ក្រោយមក​នៅ​ឆ្នាំ ១៩៤៧ នៅពេល​ឥណ្ឌា​ទទួលបាន​ឯករាជ្យ ប្រជាជន​នៃ​តំបន់ Sikkim ភាគច្រើន​បាន​បោះឆ្នោត​ប្រឆាំងនឹង​ការចូលរួម​ជាមួយ​សហ​ព័ន្ធ​ឥណ្ឌា ហើយ នាយករដ្ឋមន្ត្រី​ឥណ្ឌា Jawaharlal Nehru ព្រម​ទទួលស្គាល់​លក្ខខណ្ឌ​ពិសេស​នៃ​ទឹកដី​នេះ​ផងដែរ​។  តែ​ក្រោយមក​នៅ​ឆ្នាំ ១៩៧៥ នាយករដ្ឋមន្ត្រី Sikkim បាន​អំពាវ​នា​ទៅកាន់​ឥណ្ឌា​ដើម្បី​ស្នើសុំ​ប្រែក្លាយ​ប្រទេស​នេះ​ធ្វើជា​រដ្ឋ​មួយ​របស់​ឥណ្ឌា និង​មាន​រៀបចំ​ការធ្វើប្រជាមតិ ដោយមាន​សម្លេង ប្រមាណ ៩៧.៥​ភាគរយ​គាំទ្រ​ការចូលរួម​ជាមួយ​ឥណ្ឌា​ដោយ​សម្រេច​រំលាយ​របប​រាជានិយម​នៃ​ប្រទេស​នេះ​ចោល​ផង​។ មកទល់ពេលនេះ គេ​មិនដែល​លឺ​ពី​ឈ្មោះ​ប្រទេស Sikkim​ទៀត​នោះទេ​។ 
 
១០.​សហភាពសូវៀត​
​និយាយ​ដល់​សហភាពសូវៀត មនុស្ស​ភាគច្រើន​សុទ្ធតែ​បានលឺ ជាពិសេស​គ្រប់គ្នា​នឹង​នឹកឃើញ​ពី​សម័យ​ប្រឈមមុខគ្នា​រវាង​មហាអំណាច​លោក​សេរី និង​កុម្មុយនីស្ត​នៅ​ក្នុងសម័យ​សង្គ្រាមត្រជាក់​ផងដែរ​។ សហភាពសូវៀត​មានឈ្មោះ​ជា​ផ្លូវការ​ថា សា​ធាណ​រដ្ឋ​សង្គមនិយម​សហភាពសូវៀត បានចាប់កំណើត​ឡើង​នៅក្នុង​ឆ្នាំ ១៩២២ ជា​លទ្ធផល​នៃ​បដិវត្ត​មួយ​នៅក្នុង​ប្រទេស​រុស្ស៊ី​ផ្តួលរំលំ​របបរាជានិយម​រុស្ស៊ី​ដោយ​ចលនា​បដិវត្ត​បុល​សេ​វិក​ខែតុលា​ឆ្នាំ​១៩១៧​។ ក្រោយមក​នៅ​ឆ្នាំ ១៩២២ សហភាពសូវៀត​ត្រូវបាន​ចាប់បដិសន្ធិ​ឡើង​ដោយមាន​ប្រទេស​ជាច្រើន​ចូលរួម​ដូចជា រុស្ស៊ី អ៊ុយ​ក្រែ​ន Transcaucasian​និង​Byelorussian​។ 
 
​ក្រោយមក​នៅក្រោយ​សង្គ្រាម​លោក​លើក​ទី​២ សហភាពសូវៀត និង​អាមេរិក បាន​ក្លាយជា​ប្រទេស​ដែល​ឈ្នះ​សង្គ្រាម ហើយ​ជាការ​ចាប់​ផ្តើមឡើង​នៃ​សម័យកាល​សង្គ្រាមត្រជាក់​ផងដែរ​។​តែ​យ៉ាងណា​សូ​វៀត បានចាប់ផ្តើម​ធ្លាក់ចុះ​ខ្សោយ​ក្រោយពី​ឡើងកាន់តំណែង​របស់​ប្រធានាធិបតី​សូ​វៀត​ថ្មី លោក មី​ខា​អ៊ី​ល កូ​បា​ឆេវ ដោយសារ​គោលនយោបាយ​កំណែទម្រង់សេដ្ឋកិច្ច និង​នយោបាយ​របស់លោក​។ នៅ​ឆ្នាំ ១៩៩១ សហភាពសូវៀត​បាន​ដួលរលំ​ជា​ផ្លូវការ ដោយ​បង្កើតឡើង​នូវ​រដ្ឋ​ឯករាជ្យ​ថ្មីៗ​ចំនួន ១៥ ក្នុងនោះ​មានដូចជា​រុស្ស៊ី អា​មេ​នី អា​ហ្ស៊ែ​បៃ​ហ្ស​ង់ បេឡា​រ៊ុ​ស អេ​ស្តូ​នី​(Estonia) Georgia កា​ហ្សា​ក់​ស្ថាន​(Kazakstan) គៀ​ជី​គី​ស្ថាន​(Kyrgyzstan) ឡា​ត់​វី​(Latvia) លី​ទុយ​អា​នី​(Lithuania) ម៉ូ​ល​ដូ​វ៉ា​(Moldova) តាជី​គី​ស្ថាន​(Tajikistan) តួ​កមេ​នី​ស្ថាន​(Turkmenistan) អ៊ុយ​ក្រែ​ន និង​ចុងក្រោយ អ៊ុ​បេ​គី​ស្ថាន (Uzbekistan)៕

Tag:
 ប្រទេស​បាត់​ពី​ផែនទី​
© រក្សាសិទ្ធិដោយ thmeythmey.com