ជាតិ
សង្គមជាតិ
​រដូវ​រៀបការ​៖ ភ្ញៀវ​ស្រីៗ អស់​ធ្ងន់​ជាង​បុរស​
17, Apr 2016 , 1:00 pm        
រូបភាព
​ទាំងប្រុស​ទាំងស្រី  បាន​រអ៊ូរទាំ​ឥត​ដាច់​អំពី​ចំនួន​លិខិតអញ្ជើញ​ចូលរួម​ក្នុង​ពិធីមង្គលការ​មិត្តភក្តិ កូន​មិត្តភក្តិ បងប្អូន ក្មួយ មា មីង ជាដើម​។ ចំនួន​លិខិតអញ្ជើញ​គឺជា​រឿង​មួយ ប៉ុន្តែ​រឿង​ធ្ងន់ធ្ងរ​មួយទៀត​សម្រាប់​ស្ត្រី គឺ​ការចំណាយ​ច្រើនជាង​បុរស​។ សម្លៀកបំពាក់ ការ​តែង​លំអ​កាយ និង​រួមទាំង​ការ​ចងដៃ បូក​បញ្ចូល​គ្នា​ធ្វើ​ឲ្យ​ស្ត្រី​កាន់តែ​រអា​នឹង​ការអញ្ជើញ​ចូលរួម​ក្នុង​ពិធីមង្គលការ​។​

 
​នៅ​ហាង​ធ្វើ​សក់​ផាត់មុខ​មួយកន្លែង មាន​នារី​វ័យក្មេង និង​វ័យ​កណ្តាល​ជាច្រើន​កំពុង​អង្គុយ​រង់ចាំ និង​អង្គុយ​ឲ្យ​គេ​ផាត់មុខ​ឲ្យ​។ ក្នុងចំណោម​អ្នក​រង់ចាំ គឺមាន​កញ្ញា សុខ​ចេង ដែលមាន​ទឹកមុខ​មិនសូវ​សប្បាយចិត្ត​ឡើយ ដោយសារ​នេះ​គឺជា​ការ​ផាត់មុខ​លើក​ទី​៥​ហើយ​មកដល់​ចុងខែ​មីនា​។ បានន័យថា សុខ​ចេង​បានទទួល​សំបុត្រ​អញ្ជើញ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ចំនួន​៤​រួចហើយ​។ ហាក់ដូចជា​គ្មាន​ជម្រើស​ឡើយ ហើយ​សុខ​ចេង​ត្រូវ​បង្ខំចិត្ត​ទៅ​ចូលរួម​ក្នុង​ពិធី​រៀបការ​នេះ​។ ការចំណាយ​ពេលវេលា​រៀបចំខ្លួន វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ធុញទ្រាន់​មួយ​ហើយ ប៉ុន្តែ​ជាងនេះទៅទៀត សុខ​ចេង ត្រូវ​ខ្វាយខ្វល់​ទៅលើ​ការ​ការ​ចងដៃ​។ សុខ​ចេង ពន្យល់ថា​៖«​ពេល​ចូលរួម​ម្តងៗ យើង​ត្រូវ​សង្កេត​មើលថា​តើ​ជា​ពិធី​តូច ឬ​ធំ​យ៉ាងណា​? ការផ្តល់​ចំណងដៃ (​លុយ​) វា​ត្រូវធ្វើ​ទៅតាម​នោះដែរ​។ ដូច្នេះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណាយ​ប្រចាំខែ​របស់ខ្ញុំ​»​។​
 
​នៅក្បែរ សុខ​ចេង គឺ​កញ្ញា នី​តា ដែល​កំពុង​ទទួល​ការ​ផាត់មុខ​។ កញ្ញា នី​តា យល់​យ៉ាងច្បាស់​អំពី​ទំនាក់ទំនង​ក្នុងសង្គម ដោយ​ទទួលស្គាល់ថា​ការអញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ ឬ​ពិធី​អាពាហ៍ពិពាហ៍​យ៉ាង​ដូច្នេះ វា​បង្ហាញ​អំពី​ចំណងមិត្តភាព និង​ការគោរព​រាប់អាន​គ្នា​។ ប៉ុន្តែ​នី​តា​ក៏​មិនអាច​នៅ​ស្ញៀ​ម និង​ទ្រាំ​ទទួល​លិខិតអញ្ជើញ​ដោយ​សប្បាយចិត្ត​រហូត​នោះដែរ​។ នី​តា ព្រលយ​ឲ្យ​ដឹងផង​ដែរ​ថា​ពេលខ្លះ កញ្ញា​ត្រូវ​ខ្ចីលុយ​មិត្តភក្តិ​ដើម្បី​ចំណាយ​សម្រាប់​ពិធី​ទាំងនេះ​ផង​។​
 
​ហេតុអ្វី​បានជា​ពេលខ្លះ នី​តា​ត្រូវ​ខ្ចីបុល​ទៀតផង​នោះ​? នី​តា រៀបរាប់​ខ្ទង់ចំណាយ​ឲ្យ​ស្តាប់​យ៉ាង​ដូច្នេះ​ថា​៖«​ផាត់មុខ​ធ្វើ​សក់​នៅ​កន្លែង​ធម្មតា​អស់​ត្រឹម​៤​ដុល្លារ ឬ​៥​ដុល្លារ​។ ពេលខ្លះ​បើ​យើង​ចង់ទៅ​កន្លែង​ល្អ​បន្តិច ត្រូវ​ចំណាយ​ឡើងដល់​១០​ដុល្លារ ឬ​២០​ដុល្លារ​។ នៅ​រឿង​សម្លៀកបំពាក់ ដែល​យើង​ត្រូវ​កាត់​ញឹកញាប់ ដើម្បី​កុំ​ឲ្យ​គេ​ឃើញ​យើង​ស្លៀកពាក់​ដដែល​។ បើ​ជួល​សម្លៀកបំពាក់​ម្តងៗ ក៏​អស់ពី​១៥​ដុល្លារ ទៅ​២០​ដុល្លារ​ដែរ​»​។ នី​តា ក៏​រម្លឹក​អំពី​គ្រឿងអលង្កា​រលំអ​កាយ​ទៀតផង​។​
 
​សម្រាប់​កញ្ញា ផា​ណែ​ត វិញ ស្ត្រី​តែង​ប្រឹងប្រែង​តុបតែង​ខ្លួន​ដើម្បី​គ្រាន់តែ​ពាក្យ​មួយ​ប៉ុណ្ណោះ គឺ​ត្រូវ​ចូល​ចំណោម​គេ​ឲ្យ​ចុះ​។ ផា​ណែ​ត ទទួលស្គាល់ថា ចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ពិតជា​សប្បាយរីករាយ ប៉ុន្តែ​បើ​និយាយ​ដល់​ការចំណាយ​របស់​ស្ត្រី​វិញ ផា​ណែ​ត ក៏​ងក់ក្បាល​យល់ព្រម​ថា ស្ត្រី​ចំណាយ​ច្រើនជាង​បុរស​។ មិនទាន់​និយាយ​អំពី​ការ​ចងដៃ​ផង គ្រាន់​តែត្រឹម​ផាត់មុខ​ធ្វើ​សក់ ផា​ណែ​ត ចំណាយ​ពី​៨​ដល់​១០​ដុល្លារ​រួចទៅហើយ​។ 
 
​ចំណែកឯ​ម្ចាស់​ហាង​ផាត់មុខ​ធ្វើ​សក់​នៅក្នុង​ផ្សារ​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​គឺ​អ្នកស្រី​គ​ន្ធា បាន​អះអាងថា អ្នកស្រី​ទទួលបាន​អតិថិជន​ច្រើន ជាពិសេស​នៅ​ថ្ងៃ​ចុង​សប្តាហ៍​។ អ្នកស្រី​យល​តម្លៃ​ផាត់មុខ​ធ្វើ​សក់​ពី​៥​ដុល្លារ ទៅ​៧​ដុល្លារ​។ អ្នកស្រី គ​ន្ធា បញ្ជាក់ប្រាប់​ត្រង់​ថា អ្នកស្រី​តែងតែ​ឮ​អតិថិជន​របស់​អ្នកស្រី​រអ៊ូ​ញឹកញាប់​អំពីការ​អញ្ជើញ​ចូលរួម​ពិធីមង្គលការ​នេះ​។ អ្នកស្រី​បញ្ជាក់ថា ម្នាក់ៗ​បាន​ត្អូញត្អែរ​ប្រាប់​គ្នា​តែ​ពី​ចំនួន​លិខិតអញ្ជើញ​ដែល​ពួកគេ​ទទួល​បានជា​រៀងរាល់ខែ​។​
 
​មង្គលការ​ប្រហារ​ប្រាក់ខែ​។ ឃ្លា​ត្រូវបាន​ដឹងឮ គ្រប់ៗ​គ្នា​ហើយ ប៉ុន្តែ​ហាក់​គ្មាន​ដំណោះស្រាយ​សោះ​៕

Tag:
 រៀបការ​
© រក្សាសិទ្ធិដោយ thmeythmey.com