ជាតិ
បទវិភាគ
សេដ្ឋកិច្ច
កម្ពុជា​អច្ឆរិយ ត្រូវបង្កើត​តំបន់​ទេសចរណ៍​អច្ឆរិយ​ឲ្យ​បាន​ច្រើន​បន្ថែមទៀត!
16, Apr 2016 , 3:33 pm        
រូបភាព
ភ្នំពេញ៖ នៅក្នុង​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរម្តងៗ អ្នកទេសចរ​ភាគច្រើន​បន្តធ្វើ​ដំណើរ​ក​ម្សា​ន្ត​នៅក្នុង​ប្រទេស​នៅតាម​តំបន់​រមណីយ​ទេសចរណ៍​នានា។ ប៉ុន្តែ​អ្នកមាន​ជីវភាព​ធូរធា​បាននាំគ្នា​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ដើម្បី​លម្ហែ​អារម្មណ៍​នៅឯ​បរទេស។ កង្វះខាត​ការពង្រីក​តំបន់​ទេសចរណ៍​បន្ថែម​ទាំង​ធម្មជាតិ ទាំង​ទំនើប​ជំរុញ​ឲ្យ​អ្នកមាន​ខ្មែរ​រត់គេច​ចេញពី​ប្រទេស​នៅពេល​ចូលឆ្នាំ​ខ្មែរ​ទៅ​ចាយប្រាក់​នៅ​បរទេស ហើយ​ជួយ​សេដ្ឋកិច្ច​ប្រទេស​ដទៃ។



 គំនិត​បង្កើត​អង្គរ​សង្ក្រាន្ត​បាន​ចូលរួមចំណែក​មួយ​ភាគ​ធំ​ទាក់ទាញ​អ្នកទេសចរ​ក្នុងស្រុក​ទាំង​អ្នកមាន អ្នកក្រ អ្នកតូច អ្នកធំ ឲ្យ​ស្ថិតនៅ​ក្នុងប្រទេស​ដើម្បី​ចាយវាយ​ប្រាក់កាស​នៅក្នុង​ប្រទេស។ លោក ថោង ខុន បានបញ្ជាក់​ប្រាប់ថា អង្គរ​សង្ក្រាន្ត​ទាក់ទាញ​មនុស្ស​ប្រមាណ​ជា១លាន៣សែន​នាក់។ ប្រសិនបើម្នាក់ៗចំណាយ៥០ដុល្លារ​ក្នុង​រយៈពេល៣ ឬ៤ថ្ងៃ​នៅក្នុង​ខេត្តសៀមរាប ដូច្នេះ ប្រាក់​ប្រមាណ​ជា៦៥លាន​ដុល្លារ​អាមេរិក​ត្រូវបាន​គេ​ចំណាយ​នៅក្នុង​ខេត្តសៀមរាប។ អ្នក​ចំណេញ​ពី​ការចំណាយ​នេះ គឺ​ខ្មែរ​គ្នាឯង ដូចជា ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អ្នកលក់​ទឹក​សុទ្ធ អ្នកលក់​មួក អ្នករត់ម៉ូតូឌុប អ្នករត់​ទុក​ទុក។ល។ ប្រសិនបើ​គ្មាន​ពិធី​អង្គរ​សង្ក្រាន្ត​វិញ គេ​ពិតជា​អាច​ទាញ​សេចក្តី​សន្និដ្ឋានបានថា អ្នកមាន​ធនធាន និង​កុង្សីយ៍​ជាន់ខ្ពស់​មួយចំនួនធំ ពិតជា ត្រូវធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស យកប្រាក់​រាប់ម៉ឺន​សែន​ដុល្លារ​ទៅ​ចំណាយ​ដើម្បី​ទិញ​ទំនិញ​បរទេស។

គេ​មិនអាច​ហាមឃាត់​ការធ្វើដំណើរ​របស់​អ្នកមាន​ធនធាន និង​កុង្សីយ៍​ទៅ​ក្រៅប្រទេស​បានទេ ពីព្រោះ​នេះ គឺជា​សិទ្ធិ​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត។ ប៉ុន្តែ ក្នុងន័យ​ពង្រីក​វិស័យ​ទេសចរណ៍​ខ្មែរ តើ​រដ្ឋាភិបាល ជាពិសេស ក្រសួងទេសចរណ៍ គួរ​គិតគូរ​យ៉ាងណា​ដើម្បី​ពង្រីក​តំបន់ឆ្នេរ តំបន់​កោះ តំបន់ភ្នំ តំបន់​ជ្រោះ តំបន់​ទេសចរណ៍ធម្មជាតិ​ឲ្យ​បាន​ច្រើន​ជា​អតិ​មរ​មា​បន្ថែមទៀត​ដើម្បី​ទាញអារម្មណ៍​អ្នកទេសចរ​ខ្មែរ​ឲ្យ​ស្ថិតនៅ​ក្នុងប្រទេស និង​បន្ទាប់មកទៀត ទាក់ទាញ​ទេសចរ​បរទេស​ឲ្យ​មក​ទស្សនា​កម្ពុជា​អច្ឆរិយ​បន្ថែមទៀត។ កម្ពុជា​មិនអាច​ក្លាយជា​ព្រះរាជាណាចក្រ​អច្ឆរិយ​បានទេ ប្រសិនបើ​ខ្វះ​គំនិត​អច្ឆរិយ និង​តំបន់​អច្ឆរិយ​នោះ។ តំបន់​អច្ឆរិយ មិនគួរ​មានតែ​រមណីយដ្ឋាន​អង្គរ​មួយ​ប៉ុណ្ណោះ​ទេ តែ​គួរ​មាន​ឲ្យ​ច្រើនជាង​នេះ។

ដោយសារតែ​ខ្វះ​គំនិត ខ្វះ​ធនធានមនុស្ស ខ្វះ​ទុន នេះហើយ ទើប​តំបន់​ទេសចរណ៍​ខ្មែរ​មានតែដដែលៗ ខុសពី​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ី ដូចជា ប្រទេស​សឹង្ហ​បុរី ប្រទេស​ថៃ ប្រទេស​ម៉ាឡេស៊ី ប្រទេស​ចិន។ល។ កង្វះខាត​តំបន់​ទេសចរណ៍​ច្នៃប្រឌិត​បន្ថែម អ្នកទេសចរ​ខ្មែរ​ពេល​ចូលឆ្នាំម្តងៗ នាំគ្នា​ចេញទៅ​ក្រៅប្រទេស ដូចជា វៀតណាម ថៃ សឹង្ហ​បុរី ចិន ម៉ាឡេស៊ី បារាំង អាមេរិក។ល។ ប្រាក់​រាប់លាន​ដុល្លារ​ត្រូវបាន​ខ្មែរ​ចំណាយ​នៅពេល​បុណ្យទានធំម្តងៗ នៅក្រៅ​ប្រទេស​ដោយសារតែ​តំបន់​ទេសចរណ៍​ខ្មែរ​មាន​លក្ខណៈដដែល។
នៅពេល​ពួកគេ​ត្រឡប់មកវិញ អ្នកទេសចរ​ខ្មែរ​មួយចំនួន​អួត​សរសើរ​ពី​តំបន់​ទេសចរណ៍​បរទេស​ដែល​ចេះ​រៀបចំ​បានល្អ ចេះ​ធ្វើ​ទីផ្សារ​ទាក់ទាញ​ទេសចរ​បរទេស​បានល្អ និង​ចេះ​រកប្រាក់​ចំណូល​បាន​ច្រើន ខុសពី​ខ្មែរ​ដែលមាន​រមណីយដ្ឋាន​ច្រើន កោះ​ច្រើន ភ្នំ​ច្រើន ធម្មជាតិ​ច្រើន តែ​មិនចេះ​អភិវឌ្ឍ​រកប្រាក់​ចំណូល​មកវិញ។ អ្នកទេសចរ​ខ្មែរ​ខ្លះ​ដែល​ចេញទៅ​ក្រៅប្រទេស ហើយ​ត្រឡប់មកវិញ បាន​និយាយថា ប្រទេស​គេ​ចេះ ឆ្លាត អ៊ីចឹង​ហើយ​បានជា​ពូកែ​រកលុយ រីឯ ពួកគេ​វិញ បានត្រឹមតែ​ចំណាយ​ប្រាក់​អស់យ៉ាង​ច្រើន​ទៅ​មើល ឬ​ទស្សនា​តំបន់​ដែល​មិនមាន​អ្វី​អស្ចារ្យ​ជាង​ស្រុក​ខ្មែរ​ផង​នោះ។

ស្រុក​ខ្មែរ គឺជា​ដែនដី​សុវណ្ណ​ភូមិ មាន៖រ៉ែ​មាស រ៉ែ​ដែក មាន​ប្រាសាទ ធម្មជាតិ​ព្រៃ​ប្រឹក្សារ ធនធាន​ក្រោម​សមុទ្រ។ល។ និយាយ​ឲ្យ​ចំ ខ្មែរ​មាន​អ្វី​ទាំងអស់ តែ​ខ្មែរ​ខ្វះ​គំនិត និង​ការតាំង​ចិត្ត​ក្នុងការ​អនុវត្ត និង​ធ្វើ​ឲ្យ​ចេញ​ជា​រូបរាង។

ងាក​មក​វិស័យ​ទេសចរណ៍​វិញ ជាថ្មី​ម្តងទៀត ខ្មែរ​មាន​ទេសចរណ៍ធម្មជាតិ​នៅ​បរិសុទ្ធ​ជាច្រើន​កន្លែង មាន​ភ្នំ​អស្ចារ្យ​ជាច្រើន មាន​សមុទ្រ មាន​បឹង​ទន្លេសាប​ធំជាងគេ​នៅ​អាស៊ី មាន​ប្រាសាទ​រាប់ពាន់ មាន​កោះ​ជិត៧០កន្លែង មាន​ទឹកជ្រោះ​ធម្មជាតិ​ជាច្រើន​កន្លែង។ល។ តែ​ការអភិវឌ្ឍ​នៅមានកម្រិត​យឺតយ៉ាវ ហើយ​ការគ្រប់គ្រង​នៅមាន​ចន្លោះប្រហោង។ នេះ គេ​នៅ​មិនទាន់​និយាយ​ដល់​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ផង ដូចជា តំបន់​អតីត​ខ្មែរក្រហម ផ្នូរ​ប៉ុលពត តំបន់​ប៉ៃលិន​ជា​កន្លែង​រក​ត្បូង (គួរ​ធ្វើ​សារៈមន្ទី​ត្បូង​ប៉ៃលិន​បង្ហាញ​ដល់​ភ្ញៀវទេសចរ​ក្នុងស្រុក និង​បរទេស, របៀប​រក​ត្បូង​របស់​អ្នកស្រុក។ល) តំបន់​ជនជាតិភាគតិច មណ្ឌល​គី​រី រតនគីរី ការ​ផ្សងព្រេង​ក្នុងព្រៃ​ប្រឹក្សារ​របស់​ខ្មែរ ជិះ​ដំរី​ក្នុងព្រៃ ស្នាក់នៅ​ក្នុងព្រៃ​ដេក​ស្តាប់​សត្វ​យំ ទេសចរណ៍​លើ​ដង​ទន្លេមេគង្គ ស្ទូចត្រី​នៅ​បឹង​ទន្លេសាប និង​នៅ​តំបន់ឆ្នេរ​របស់​ខ្មែរ។ល។

តំបន់​ទេសចរណ៍​ដែល​បាន​រៀបរាប់​ខាងលើ សុទ្ធតែ​អាច​អភិវឌ្ឍ​បាន​សម្រាប់​អ្នកមាន​ធនធាន​ក៏បាន សម្រាប់​អ្នកក្រ​ក៏បាន សម្រាប់​ភ្ញៀវ​ក្នុងស្រុក និង​ភ្ញៀវ​បរទេស។ ជាការ​ពិត ការបង្ហាញ​គំនិត គឺជា​ការងាយស្រួល​ទេ។ ប៉ុន្តែ​ការធ្វើ គឺជា​រឿង​លំបាក។ សម្រាប់​ជនជាតិ​បារាំង​វិញ ពួក​បាន​ទន្ទេញ​ចាំមាត់​ស្ទើរ​គ្រប់គ្នា​នៅ​ពាក្យ​មួយ​ឃ្លា​ថា Impossible n’est pas francais។ ឃ្លា​នេះ មានន័យថា អ្វីដែល​មិនអាច​មិនមែនជា​ជនជាតិ​បារាំង​ទេ បើ​និយាយ​ឲ្យ​សាមញ្ញ មានន័យថា ជនជាតិ​បារាំង​អាចធ្វើអ្វីៗក៏បាន​ដែរ។ គេ​មិន​រួញរា​នឹងធ្វើ​កិច្ចការ​អ្វីមួយ​នោះទេ។ 

សរុបសេចក្តី​មកវិញ កម្ពុជា​អច្ឆរិយ គួរតែបង្កើត​តំបន់​ទេសចរណ៍​អច្ឆរិយ​ឲ្យ​បាន​ច្រើន​បំផុត​សម្រាប់​ជនជាតិខ្មែរ​ខ្លួនឯង និង​ជនជាតិ​បរទេស​នៅ​ទូទាំង​ពិភពលោក។ ប្រសិនបើ​រដ្ឋាភិបាល​ខ្មែរ​អាចធ្វើ​បាន ពេលនោះ ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​នឹង​កើន​ឡើងជា​អតិបរមា ហើយ​ជីវភាព​ពលរដ្ឋ​ខ្មែរ​នឹង​រីកចម្រើន​ជា​លំដាប់៕
 



© រក្សាសិទ្ធិដោយ thmeythmey.com