អន្តរជាតិ
អ្នកស្លាប់​កើន​ច្រើនជាង​៧៧​នាក់ ព្រោះ​រញ្ជួយ​ដី​នៅ​អេ​ក្វា​ឌ័​រ
17, Apr 2016 , 9:26 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ច្រើនជាង​៧៧​នាក់​បាន​ស្លាប់​ដោយសារ​ការរញ្ជួយ​ដី​កម្រិត ៧.៨ រ៉ិ​ច​ទ័​រ នៅ​ប្រទេស​អេ​ក្វា​ឌ័​រ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៦​មេសា ។ ទាហាន​និង​ប៉ូលិស​រាប់ម៉ឺន​នាក់​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការរុករក​និង​សង្គ្រោះ​ប្រជាជន​នៅតាម​តំបន់​ដែល​រងគ្រោះ​ដោយសារ​ការរញ្ជួយ​ដី​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​។

 
​យោងតាម​សារព័ត៌មាន BBC មនុស្ស​ស្លាប់​ដោយសារ​គ្រោះមហន្តរាយ​រញ្ជួយ​ដី​កម្រិត ៧.៨​រ៉ិ​ច​ទ័​រ​នៅ​ប្រទេស​អេ​ក្វា​ឌ័​រ បាន​កើន​ឡើងដល់​ច្រើនជាង ៧៧​នាក់ ហើយ​មនុស្ស​យ៉ោ​ង​ហោចណាស់ ៥០០​នាក់​រងរបួស​ផងដែរ ។ ចំណែក​ការរុករក​និង​សង្គ្រោះ​មនុស្ស​ដែល​រងគ្រោះថ្នាក់​នោះ​កំពុង​បន្ត​ធ្វើឡើង​រហូតមកដល់​ពេលនេះ​។ អាជ្ញាធរ​អះអាងថា ដោយសារ​ការរុករក​នៅ​កំពុង​បន្ត ចំនួន​អ្នកស្លាប់​អាច​កើន​ឡើងជា​បន្តបន្ទាប់​ទៀតផង​ដែរ​។​
 
​ប៉ូលិស​ប្រហែល ៣៥០០​នាក់ និង​ទាហាន ១០០០០​នាក់​ត្រូវបាន​ពង្រាយ ទៅកាន់​ទីតាំង​ដែល​រង​ការវាយប្រហារ​ដោយ​រលក​រញ្ជួយ​នេះ ជាពិសេស​នៅ​តំបន់ឆ្នេរ​ស្ថិតនៅ​ភាគ ពាយ័ព្យ​ប្រទេស​តែម្តង​។  កងកម្លាំង​ទាំងនោះ​ក្រៅពី​ចុះជួយ​រុករក​មនុស្ស​កប់​ក្រោម​សំណង់​អាគារ សង្គ្រោះ​ជនរងគ្រោះ ជាដើម​នោះ ពួកគេ​ក៏មាន​ភារកិច្ច​ទប់ស្កាត់ការលួច​របស់របរ ឬ​ទ្រព្យសម្បត្តិ​ឯកជន​នានា​កើតមានឡើង​នៅក្នុង​តំបន់​ដែល​រងគ្រោះ​។​
 
​ក្រោយ​ព្រឹត្តិការណ៍​នេះ​កើតឡើង ប្រធានាធិបតី​អេ​ក្វា​ឌ័​រ Rafael Correa បានសម្រេច​ចេញដំណើរ​ត្រលប់​ពី​ប្រទេស​អ៊ីតាលី​មក​ប្រទេស​អេ​ក្វា​ឌ័​រវិ​ញ ហើយ​លោក​បានចេញ​ក្រឹត្យ​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន និង​អំពាវនាវ​ឲ្យ​ប្រជាជន​រក្សា​ការអត់ធ្មត់​និង​សាមគ្គី​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហាលំបាក​នេះ​៕

Tag:
 អេក្វាឌ័រ
 រញ្ជួយដី
© រក្សាសិទ្ធិដោយ thmeythmey.com