អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សមាជិក OPEC នៅតែ​គ្មាន​ជំហរ​រួម ខណៈ​កិច្ចប្រជុំ​បញ្ចប់​ដោយ​គ្មាន​លទ្ធផល
19, Apr 2016 , 7:39 am        
រូបភាព
 
 
​ក្រុម​ប្រទេស​ផលិត​ប្រេង​ធំៗ​បរាជ័យ​ឈានដល់​សម្រេចបាន​កិច្ចព្រមព្រៀង​ដើម្បី​កាត់បន្ថយ​ការផលិត​ប្រេង​ឆៅ និង​បង្កើន​តម្លៃ​ប្រេង​ដែល​កំពុងតែ​ធ្លាក់ចុះ​។ ប្រទេស​ផលិត​ប្រេង​ដែលជា​សមាជិក OPEC និង​មិនមែន OPEC មិនបាន​ឯកភាពគ្នា​លើ​បរិមាណ​ផលិតកម្ម​ប្រេង​នោះទេ ស្រប​ពេលដែល​ប្រទេស​ផលិត​ប្រេង​ធំៗ​ដូចជា​អ៊ីរ៉ង់​មិនបាន​ទៅ​ប្រជុំ​ដែល​ធ្វើ​នៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា​នោះទេ​។


លោក តន ចាន់រីទ្ធធារ៉ា លម្អិតព័ត៌មា​ន


​កិច្ចប្រជុំ​នៃ​អង្គការ​ប្រទេស​នាំចេញ​ប្រេង (OPEC) បានបញ្ចប់​ទៅដោយ​គ្មាន​កិច្ចព្រមព្រៀង​សំដៅ​កាត់បន្ថយ​បរិមាណ​ប្រេង​ឆៅ​ដែល​ត្រូវ​ផលិត ខណៈ​អង្គការ​នេះ​កំពុងតែ​ព្យាយាម​បង្កើន​តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​អន្តរជាតិ តាមរយៈ​ការទម្លាក់​បរិមាណ​ផ្គត់ផ្គង់​។ ប្រទេស​ជាច្រើន​ដែល​ចូលរួម​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១៧ ខែមេសា មិន​ឯកភាពគ្នា​លើ​គោលការណ៍​អ្វី​នោះទេ បើទោះជា​ពួកគេ​ខិតខំ​កំណត់​បរិមាណ​ប្រេង​ឆៅ​ដែល​ត្រូវ​ផលិត​ក្នុង​មួយថ្ងៃ​មិន​ឲ្យ​ហួស​បរិមាណ​ផលិត​នៅ​ខែមករា ឆ្នាំ​២០១៦​ក៏ដោយ​។​
 
​នៅក្រោយ​កិច្ចប្រជុំ​៦​ម៉ោង​របស់ OPEC រដ្ឋមន្ត្រី​ថាមពល​កាតា​លោក  Mohammed Saleh al-Sada បានត្រឹមតែ​និយាយថា ប្រទេស​ទាំងអស់​នឹង​បន្ត​ការពិភាក្សាគ្នា​រហូតដល់​កិច្ចប្រជុំ OPEC ក្នុង​ខែមិថុនា​ខាងមុខ​។ ចំណែកឯ រដ្ឋមន្ត្រី​ប្រេង​របស់​អូ​ម៉​ង់​បញ្ជាក់ថា មូល​ហេតុដែល​មិនអាច​ចេញ​កិច្ចព្រមព្រៀង​បាន ដោយសារតែ​សមាជិក OPEC មិនបាន​ចូលរួម​ប្រជុំ​ទាំងអស់​ទេ ជាពិសេស​អ៊ីរ៉ង់​ដែលជា​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​មួយ​។   
 
​យ៉ាងណាមិញ អ៊ីរ៉ង់​ដែល​មិន​ចូលរួម​ប្រជុំ​នៅ​ទីក្រុង​ដូ​ហា​បកស្រាយ​ថា ខ្លួន​នឹងមិន​ទទួលយក​សំណើ​ទាំងឡាយណា​ដែល​សំដៅ​ដល់​ការកាត់បន្ថយ​ផលិតកម្ម​ប្រេង​របស់ខ្លួន​នោះទេ លុះត្រាតែ​ខ្លួន​ទទួលបាន​ទីផ្សារ​ប្រេង​ឆៅ​ដូចដែល​ធ្លាប់​មាននៅ​មុនពេល​រង​ទណ្ឌកម្ម​។ នេះ​ក៏​ដោយសារតែ​អ៊ីរ៉ង់​កំពុង​សម្រុក​បង្កើន​ផលិតកម្ម​ប្រេង​ឆៅ​របស់ខ្លួន​ឡើងវិញ បន្ទាប់ពី​លោកខាងលិច​ព្យួរ​ទណ្ឌកម្ម​ដែល​បានដាក់​នៅក្រោយ​ការសម្រេចបាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​។​
 
​បើតាម​ទូរទស្សន៍ Al Jazeera អ៊ីរ៉ង់​មិនមែនជា​សមាជិក OPEC តែឯង​ដែល​មិន​ព្រម​កាត់ បន្ថយ​បរិមាណ​ប្រេង​ឆៅ​នោះទេ​។ អា​រ៉ា​ប៊ី សា​អូឌីត ដែលជា​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​មួយ ក៏មាន​ជំហរ​បន្ត​ការផលិត​របស់ខ្លួន​ផងដែរ ព្រោះ​មិន​ចង់​បាត់បង់​អតិថិជន​របស់ខ្លួន​ទៅ​ប្រទេស​ផលិត​ប្រេង​ដែល​មិនមែនជា​សមាជិក​OPEC ដូចជា​អាមេរិក​ជាដើម​។ 
 
​សូមបញ្ជាក់ថា ការធ្លាក់ចុះ​តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រទេស​ផលិត​ប្រេង​។ អេក្វាទ័រ​និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ជា​ប្រទេស​ពីរ​ដែល​រងគ្រោះ​ខ្លាំងជាងគេ ដោយសារ​ការធ្លាក់ចុះ​នេះ​។ នៅពេលនេះ សេដ្ឋកិច្ច​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កំពុង​ប្រឈមមុខ​នឹង​ការធ្លាក់ចុះ​ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​៤០​ឆ្នាំ​មកនេះ ហើយ​សេដ្ឋកិច្ច​ប្រទេស​នេះ​នឹង​បន្ត​ធ្លាក់​១០​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៦​នេះ​។​
 
​អង្គការ OPEC ដែលមាន​សមាជិក​១៣​ប្រទេស​កំពុងតែ​ស្វះ​ស្វែងរក​មធ្យោបាយ​ដើម្បី​រួមគ្នា​បង្អាក់​ការផ្គត់ផ្គង់​ប្រេង​ឆៅ​លើ​ទីផ្សារ ដើម្បី​ជួយសង្គ្រោះ​សមាជិក​ខ្លួន​កំពុង​រង​វិបត្តិ​ដែល​បណ្ដាលមកពី​តម្លៃ​ប្រេង​ធ្លាក់ចុះ​។ យ៉ាងណាក្ដី ប្រទេស​ទាំងនោះ​ដូចជា​មិនមាន​គោលជំហរ​រួមគ្នា​ឡើយ​។ ប្រទេស​ផលិត​ប្រេង​ធំៗ​ដូចជា អ៊ីរ៉ង់​និង​អា​រ៉ា​ប៊ី សា​អូឌីត​ជាដើម​នោះ មិន​ព្រម​បន្ថយ​បរិមាណ​ប្រេង​ផលិត​ទេ ពោលគឺ​បន្ត​ផលិតកម្ម​ប្រេង​របស់ខ្លួន​ដដែល​៕    
 
    
 
 

Tag:
 ប្រេង​
  OPEC
© រក្សាសិទ្ធិដោយ thmeythmey.com