អន្តរជាតិ
អាស៊ាន​-​ចិន ប្តេជ្ញា​ជាថ្មី​ក្នុងការ​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយគ្នា​
18, Apr 2016 , 10:19 pm        
រូបភាព
ដោយ:
​ចូល​មកដល់​ឆ្នាំ​២០១៦​នេះ គឺជា​ខួប​លើក​ទី​២៥​ហើយ​ដែល​អាស៊ាន និង​ចិន បាន​ចងសម្ព័ន្ធ​ភាពជា​ដៃគូ​នឹង​គ្នា​។ ក្នុងឱកាស​នេះដែរ ភាគី​ទាំងពីរ​ក៏បាន​បញ្ជាក់​ជាថ្មី​ពី​សារសំខាន់​នៃ​ភាពជា​ដៃគូ​នេះ និង​ថែមទាំង បាន​ប្តេ​ជា្ញ​ជាថ្មី​ក្នុងការ​ធ្វើការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយគ្នា​ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​នៃ​ផែនការ​ថ្មី​រយៈពេល​ប្រាំ​ឆ្នាំ​បន្តទៀត​រវាង​អាស៊ាន និង​ចិន​។​



​នៅ​ថ្ងៃទី​១១ ខែមេសា កន្លងទៅ អាស៊ាន និង​ចិន បាន​បើក​កិច្ចប្រជុំ​លើក​ទី​១៧ នៃ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការរួម​អាស៊ាន​-​ចិន ក្នុង​ក្រុង​ហ្សា​កាតារ ដោយមាន​ការចូលរួម​ពី​អ្នកតំណាង​អចិន្ត្រៃយ៍​នៃ​សមាជិក​អាស៊ាន និង​អគ្គរដ្ឋទូត​ចិន​ប្រចាំ​អាស៊ាន​។ នា​ជំនួប​នោះ ភាគី​ទាំងពីរ បាន​ស្វាគមន៍​ចំពោះ​ការ អនុវត្ត​លើ​ផែនការ​សកម្មភាព​អាស៊ាន​-​ចិន​ក្នុង​ឆ្នាំ​២០១១-២០១៥ និង​បាន​ព្រមព្រៀង​ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និទ​ជាមួយគ្នា​ដើម្បី​ធានា​ឲ្យ​បាន​ប្រសិទ្ធភាព​នៃ​ផែនការ​ថ្មី​ឆ្នាំ​២០១៦-២០២០​ទៀតផង​។​

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នោះដែរ ភាគី​ទាំងពីរ ក៏បាន​គ្រោង​ប្រារព្ធ​ខួប​លើក​ទី​២៥​នៃ​ទំនាក់ទំនង​កិច្ចសន្ទនា​ដែល​នឹងធ្វើ​ឡើង​ក្នុង​ក្រុង​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ​នៅ​ចុងឆ្នាំ​នេះ ដែល​ភាគី​ទាំងពីរ រំពឹងថា​ជា​ឱកាស​មួយ​ក្នុងការ​រម្លឹក​ពី​សម​ទ្ធិ​ផល​នៃ​ទំនាក់ទំនង​អាស៊ាន​-​ចិន និង​កំណត់​ពី​ទិសដៅ​បន្ថែម​នៃ​កិច្ចសហប្រតិបត្តិការ​ភាគី​ទាំងពីរ​ក្នុង​កម្រិត​បន្ទាប់​។

១. អាស៊ាន​ទទួលផល​ច្រើន​ពី​ចិន​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​
​តាមពិតទៅ ដៃគូ​សន្ទនា​របស់​អាស៊ាន សរុប​មាន​១០​ភាគី រួមមាន អូស្ត្រាលី កាណាដា ចិន សហភាព​អឺរ៉ុប ឥណ្ឌា ជប៉ុន ណូ​វែ​ល​សេ​ឡង់ កូរ៉េខាងត្បូង រុស្ស៊ី និង​សហរដ្ឋអាមេរិក​។ តែ​ក្នុងចំណោម​ដៃគូ ទាំង​១០​នេះ ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​អាស៊ាន​។​

​យោងតាម China Briefing និង ASEAN China Centre ចិន បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់ អាស៊ាន​ចាប់តាំងពី​ឆ្នាំ​២០០៩ ហើយ អាស៊ាន ក៏បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់​ទី​៣​របស់​ចិន ផងដែរ​។ ក្នុង​ឆ្នាំ​២០១៤ ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាស៊ាន បានសម្រេច​រហូត​ទៅដល់ ៤៨០.៤ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្នុងនោះ មាន​ទំហំ​ពាណិជ្ជកម្ម​នៃ​ការនាំចេញ​របស់​ចិន​មកកាន់ អាស៊ាន​មាន​ទំហំ​ប្រមាណ ២៧២.១ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ខណៈ​ទំហំ​ពាណិជ្ជកម្ម​នៃ​ការនាំ ចេញ​របស់​អាស៊ាន​ទៅ​ចិន​វិញ សម្រេចបាន​ប្រមាណ​២០៨.៣ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

​ជាមួយគ្នានេះ​ផងដែរ តាមរយៈ​កិច្ចសហការ​ជាមួយ​ចិន អាស៊ាន និង​រដ្ឋ​អាស៊ាន ទទួលបាន​ផល​ប្រ យោជន៍​ជាច្រើន ពី​គម្រោង និង​គំនិត​ផ្តួចផ្តើម​ដែល​បង្កើតឡើង​ដោយ​ចិន​ក្នុង​ដំណើរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​អាស៊ាន​។ គំនិត​ផ្តួចផ្តើម​ទាំងនោះ មានដូចជា គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ (OBOR = One Belt One Road)  ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) និង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ក្នុង​តំបន់​គ្រប់​ជ្រុងជ្រោយ  (RCEP) ដែលជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ដែល​ចិន និង​អាស៊ាន គ្រោង​នឹង​បញ្ចប់​ការចរចា​នៅ​ឆ្នាំ​២០១៦​នេះ​។​

២. ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ធ្វើ​អាស៊ាន និង​ចិន មានការ​ទើសទាល់​នឹង​គ្នា
​បើទោះបីជា​ចិន គឺជា​ដៃគូ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​អាស៊ាន​ក៏ដោយ ភាគី​ទាំងពីរ នៅតែ មាន​បញ្ហា​ស្រពេចស្រពិល​ជាមួយនឹង​គ្នា​មួយចំនួន ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​អាស៊ាន​-​ចិន មិនអាច​បង្កើត ទំនុកចិត្ត​ឲ្យ​គ្នា​បាន​ពេញលេញ​។ ហើយ​បញ្ហា​នោះ​គឺ ជម្លោះ​ដែន​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​។ ចិន បានទាមទារ​ស្ទើរតែ​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​ដោយ​ផ្អែក​តាម​កត្តា​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​ដែល​ពាក់ព័ន្ធ​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម បានទាមទារ​ដោយ​យោងតាម​កត្តា​ច្បាប់​(​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២)​។

​កន្លងមក​ដោយសារតែ​ជម្លោះ​ដ៏​ចម្រូងចម្រាស​នេះ បានធ្វើ​ឲ្យ​កិច្ចប្រជុំ​អាស៊ាន និង​ចិន បាន​ក្លាយជា​សមរភូមិ​មួយ​ក្នុង​ការដំឡើង​សរសៃ​ក​ដាក់គ្នា​។ ជាពិសេស​នោះ​ហ្វីលីពីន​និង​វៀតណាម​តែងតែ​ប្រឈមមុខគ្នា​ខ្លាំង​ជាមួយនឹង​ចិន​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​។ យ៉ាងណាក៏ដោយ បើ​អាស៊ាន មិន​បែងចែក​ពី​បញ្ហា​ជម្លោះ​ជាមួយនឹង​កិច្ចការ​ពាណិជ្ជកម្ម​ទេនោះ វា​នឹងធ្វើ​ឲ្យ​កិច្ចការ ត្រូវ​អន់ថយ និង​បាត់បង់​ផលប្រយោជន៍​ថែមទៀត​ផង​។​

​ជុំវិញ​បញ្ហា​នេះដែរ ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន​ចិន People’s Daily លោក​បណ្ឌិត AKP Mochtan អនុ​លេខាធិការ​អាស៊ាន បាន​អះអាង​លោក ជឿជាក់ថា​បញ្ហា​ព្រំដែន​នឹងមិន​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ចិន​នោះ​។  លោក ថា​អាស៊ាន និង​ចិន មានកា​លា​នុ​វត្ត ជាជាង​កត្តា​ប្រឈម​៕


Tag:
 អាស៊ាន​-​ចិន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com