ជាតិ
សកម្មជន​បរិស្ថាន​ក​ម្ពុ​ជា​ឈ្នះ​ពានរង្វាន់​វីរៈជន​បរិស្ថាន Goldman Environmental Prize
19, Apr 2016 , 10:17 am        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖ លោក អ៊ូច ឡេង គឺជា​សកម្មជន​បរិស្ថាន​ការពារ​ព្រៃឈើ​ពី​កម្ពុជា​តំណាង​ឲ្យ​ទ្វីបអាស៊ី​ទាំងមូល ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ រួមជាមួយ​នឹង​សកម្មជន​បរិស្ថាន​ដ៏​សកម្ម​ប្រាំ​នាក់​ទៀត​មកពី​ប្រទេស​ផ្សេងៗ សម្រាប់​ពានរង្វាន់​វីរៈជន​បរិស្ថាន​ឈ្មោះ​Goldman Environmental Prize ឆ្នាំ​២០១៦​។​





​លោក អ៊ូច ឡេង បាន​ប្រាប់ VOA ថា ការទទួលបាន​ពានរង្វាន់​ដ៏​ល្បីល្បាញ​នេះ គឺជា​កិត្តិយស​របស់​សកម្មជន​ការពារ​ព្រៃឈើ​នៅ​ទូទាំងប្រទេស​កម្ពុជា​។ លោក​ថា​៖ «​វា​ជា​កិត្តិយស​របស់​ប្រទេស​កម្ពុជា ហើយ​យើង​នឹង​ប្រើប្រាស់​ពានរង្វាន់​នេះ ដើម្បី​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់ ហើយ​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើការ​កំណែទម្រង់​ព្រៃឈើ ការពារ​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​»​។​

​ចាប់តាំងពី​ឆ្នាំ​២០០០​មក រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គម្រោង​គោលនយោបាយ​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​ទាក់ទាញ​ការវិនិយោគទុន​ក្នុង​វិស័យ​ឧស្សាហកម្ម​កសិកម្ម​ទ្រង់ទ្រាយ​ធំ ដោយ​ផ្តល់​ដី​ជាច្រើន​ហិកតា​ដល់​ក្រុមហ៊ុន​ឯកជន និង​ឈ្មួញ​មួយចំនួនធំ​។​



​លោក​បាន​បញ្ជាក់ថា ព្រៃឈើ​ដែល​នៅ​សេសសល់​ដែលជា​កេរ​មរតក​ដូនតា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​ឈ្មួញ​ឈើ ដែលជា​អ្នកមាន​ទ្រព្យ និង​មានអំណាច​មួយចំនួន ដែល​បានទទួល​ការសម្រួល​ពី​មន្ត្រី​រដ្ឋាភិបាល​ពុករលួយ​ក្នុងអំឡុង​រយៈពេល​៣០​ឆ្នាំ​កន្លងទៅនេះ​។​

​ការផ្តល់​ពានរង្វាន់​វីរៈជន​បរិស្ថាន​របស់​មូលនិធិ​បរិស្ថាន Goldman Environmental Foundation នេះ​គឺ​ដើម្បី​ផ្តល់​កិត្តិយស និង​ទទួលស្គាល់​ការតស៊ូ និង​ជោគជ័យ​ក្នុងការ​ការពារ​បរិស្ថាន ដោយ​ជម្នះ​ការលំបាក និង​គ្រោះថ្នាក់​ជាច្រើន​របស់​សកម្មជន​បរិស្ថាន​នៅ​ជុំវិញ​ពិភពលោក​។ ពានរង្វាន់​នេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៨៩​មកម្ល៉េះ ដោយ​លោក Richard N. Goldman និង​ភរិយា​របស់លោក​គឺ​លោកស្រី Rhoda H. Goldman​។ ពាន់រង្វាន់​នេះ​នឹង​ជួយ​គាំទ្រ​កិច្ចការ និង​យុទ្ធនាការ​របស់​សកម្ម​ជន​ជា​លក្ខណៈ​អន្តរជាតិ និង​ការឧបត្ថម្ភ​ជា​មូលនិធិ​ចំនួន​១៧​ម៉ឺន​៥​ពាន់​ដុល្លារ​អាមេរិក​ផងដែរ​ដល់​វីរៈជន​បរិស្ថាន​ទាំង​ប្រាំមួយ​នាក់​នេះ​។​

​លោក អ៊ូច ឡេង បាន​ប្រឡូក​ក្នុង​ការតស៊ូ​ការពារ​សិទ្ធិ​ពលរដ្ឋ ការពារ​បរិស្ថាន និង​ការពារ​ព្រៃឈើ នៅ​កម្ពុជា ដែល​ត្រូវបាន​រង​ការបំផ្លិចបំផ្លាញ​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ ដោយ​ធ្វើការ​ជាមួយនឹង​អង្គការសិទ្ធិមនុស្ស​មួយចំនួន ដូចជា អង្គការ​លីកាដូ អង្គការ​អាដហុក ជាដើម​។ លោក​ប្តេជ្ញា​ថា នឹង​ប្រើប្រាស់​ធនធាន​ដែល​ទទួលបាន​ពី​មូលនិធិ​បរិស្ថាន Goldman Environmental Foundation ដើម្បី​តស៊ូ​ការពារ​ព្រៃឈើ​កម្ពុជា ដើម្បី​មនុស្ស​ជំនាន់​ក្រោយ​របស់​កម្ពុជា​។​

​លោក​ថា​៖ «​ខ្ញុំ​នឹង​ប្រើ​ធនធាន​ទាំង​ថវិកា ទាំង​ចំណេះដឹង ទាំង​សមត្ថភាព ទាំង​កេរ្តិ៍ឈ្មោះ​ពានរង្វាន់​ពិភពលោក ដែល​បាន​ផ្តល់ជូន​ដល់​ខ្ញុំ ដើម្បី​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ទាំងអស់ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​នៅលើ​ពិភពលោក ឲ្យ​បានដឹងថា ប្រជាពលរដ្ឋ​ខ្មែរ​យើង​មាន​មោទនភាព​ដែល​បានទទួល​ពានរង្វាន់​នេះ​។ ហើយ​ខ្ញុំ​សូម​ប្តេជ្ញា​ថា នឹង​បន្តសកម្មភាព​របស់ខ្ញុំ​ការពារ​ព្រៃឈើ អំពាវនាវ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កម្ពុជា ទូទាំង​ពិភពលោក ក្រោកឈរឡើង​ដើម្បី​ការពារ​ព្រៃឈើ ប្រសិនបើ​រដ្ឋាភិបាល​មិនមាន​សមត្ថភាព​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច​ទាំងនេះ​ទាល់តែសោះ​»​។​



​លោក​បាន​បញ្ជាក់ថា ឆន្ទៈ​របស់លោក​ក្នុងការ​ការពារ​ព្រៃឈើ និង​ពលរដ្ឋ​ក្នុង​សហគមន៍​របស់លោក គឺធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត ដោយស្មោះ និង​ដោយ​គ្មាន​ម្ចាស់ជំនួយ​អ្វី​នោះទេ​។​

​លោក​ថា​៖ «​យើង​ធ្វើការ​ដោយ​ស្ម័គ្រចិត្ត​។ យើង​ធ្វើការ​ដោយ​ខំប្រឹងប្រែង ដឹកនាំ​សហគមន៍​ដើម្បី​ល្បាត​ព្រៃឈើ​ការពារ​ព្រៃឈើ​ដោយស្មោះ​ស្ម័គ្រ មិនមាន​បំណង​យក​ព្រៃឈើ​ធ្វើ​អាជីវកម្ម ឬ​ធ្វើ​សកម្មភាព​ដើម្បី​ទទួល​កម្រៃ​អ្វី​នោះទេ​។ យើង​ធ្វើ​សកម្មភាព​ដើម្បី​ការពារ​ព្រៃឈើ និង​ការពារ​កេរ​មរតក​ដូនតា ដែល​បន្សល់ទុក​សម្រាប់​ក្មេងជំនាន់ក្រោយ​ទាំងអស់គ្នា​»​។​

​លោក អ៊ូច ឡេង បានកើត​នៅក្នុង​គ្រួសារ​កសិករ​ដ៏​ក្រីក្រ​មួយ នៅក្នុង​ខេត្តតាកែវ​។ លោក​បាន​ប្រាប់ VOA ថា ដី​ធ្វើ​ចម្ការ​របស់​ឪពុកម្តាយ​របស់លោក​ត្រូវបាន​គេ​រឹបអូស ហើយ​ត្រូវ​បង្ខំចិត្ត​រស់នៅក្នុង​ព្រៃ​។ ដោយ​គ្មាន​ដី​ធ្វើស្រែ​ចិញ្ចឹមជីវិត គ្រួសារ​របស់លោក​បាន​ធ្វើដំណើរ​ផ្សងព្រេង​មក​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​១៩៨៣​។​

​ដោយសារតែ​ជីវភាព​ក្រីក្រ​ពេក លោក​មិនបាន​ចុះឈ្មោះ​ចូលរៀន​ជា​ផ្លូវការ​ដូច​ក្មេង​ដទៃទៀត​ទេ​។ លោក​ថា កាលណោះ​លោក​រៀន​តាម​បង្អួច​សាលា​ជាមួយនឹង​សិស្ស​ដ៏ទៃទៀត​។​

​លោក​ថា​៖ «​អញ្ចឹង​អត់​បាន​រៀន អត់​បាន​សូត្រ ទាល់តែ​ឆ្នាំ​៨៧ ៨៨ ទើប​ខ្ញុំ​បាន​រៀន ដោយសារតែ​ខ្ញុំ​រៀន​ពូកែ ហើយ​យើង​រៀន​លួច​មើលគ្រូ​តាម​បង្អួច​ជាដើម​។ ដូច្នេះ គ្រូ​គាត់​អាណិត​ទើប​គាត់​ឲ្យ​ចុះឈ្មោះ​ចូលរៀន​»​។​

​ក្នុង​វ័យ​សិក្សា លោក អ៊ូច ឡេង គឺជា​សិស្ស​វិទ្យាល័យ​ដ៏​ឆ្នើម​ម្នាក់​ខាង​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​។ នៅ​ឆ្នាំ​១៩៩៣ លោក​បានបញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ ហើយ​ទទួលបាន​អាហារូបករណ៍​ឲ្យ​ចូលរៀន​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ ហើយ​ទទួលបាន​បរិញ្ញាប័ត្រ​ផ្នែក​ច្បាប់​ជំនា​ន់ទី​១​នៅ​ឆ្នាំ​១៩៩៧​។​

​លោក​រៀបរាប់​ពី​ការតស៊ូ​រៀនសូត្រ​របស់លោក​ទាំង​អួលដើមក​ថា​៖ «​ពិបាក​មែនទែន គឺ​ម្តាយ​ខ្ញុំ​ជា​អ្នកសុំទាន ដោយសារ​គាត់​បាត់បង់​ព្រៃឈើ បាត់បង់​ស្រែ​អស់​អា​លីង​ទៅ គាត់​តូចចិត្ត​គាត់ គាត់​ក៏​ក្លាយជា​មនុស្ស​ឆ្កួត ហើយ​សុំទាន​គេ​ជាដើម ដើម្បី​ចិញ្ចឹម​គ្រួសារ​។ ហើយ​ឪពុក​ខ្ញុំ​ជា​អ្នកធាក់ស៊ីក្លូ រកស៊ី​ធាក់​ស៊ីក្លូ ដើម្បី​ចិញ្ចឹម​គ្រួសារ​ខ្ញុំ​។ ហើយ​ខ្ញុំ​អត់​មាន​មុខរបរ​អី យើង​លក់​បន្លែ​ផង យើង​រើស​អេតចាយ រើស​ក្រដាស​អី ដើម្បី​បន្ត​ការសិក្សា​រៀនសូត្រ​តទៅទៀត​។ ទោះបីជា​យ៉ាងណាក៏ដោយ ខ្ញុំ​ប្រឹង​តស៊ូ​»​។​

​លោក អ៊ូច ឡេង បាន​បញ្ជាក់ថា សកម្មភាព​ការពារ​ព្រៃឈើ​របស់លោក និង​ប្រជាពលរដ្ឋ​របស់​សហគម​ន៍​ក្នុង​តំបន់ គឺ​ជ្រោក​នៅក្រោម​អង្គការ​មួយ​ដែលមាន​ឈ្មោះថា អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា (CHRTF) ដោយ​គ្មាន​ទីស្នាក់ការ​អ្វី​ទេ​។ ក្នុងអំឡុងពេល​បំពេញភារកិច្ច លោក និង​ពលរដ្ឋ​ក្នុង​សហគមន៍​ដែល​ចូលរួម​ការពារ​ព្រៃឈើ តែងតែ​បោះតង់​រស់នៅ​ក្នុងព្រៃ ដើម្បី​តាមដាន​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​របស់​ឈ្មួញ​។​

​លោក​ថា រាល់​សកម្មភាព​តាមដាន និង​ប្រមូល​ភ័ស្តុតាង​នៃ​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​របស់​ពួកក្រុម​ឈ្មួញ គឺធ្វើឡើង​ជា​ក្រុម និង​ដោយ​សម្ងាត់ ដោយ​ក្រុម​របស់លោក​ក្លែងខ្លួន​ធ្វើជា​កម្មករ ឈ្មួញ​ទិញ​ឈើ អ្នកបើកបរ អ្នកទេសចរ និង​ជា​ចុងភៅ​ជាដើម​។ ការណ៍​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ផ្តិត​យក​ជា​រូបភាព ខ្សែ​វីដេអូ និង​ចងក្រង​ជា​ឯកសារ​នៃ​សកម្មភាព​ខុសច្បាប់​ទាំងនោះ ហើយ​ផ្សព្វផ្សាយ​ជូន​សាធារណៈជន រដ្ឋាភិបាល អង្គការ​ជាតិ និង​អន្តរជាតិ​ផ្សេងៗ​។​

​លោក អ៊ូច ឡេង បាន​ប្រឈម​នឹង​គ្រោះថ្នាក់ និង​ការគំរាមកំហែង​ជាច្រើនលើក​ជាច្រើន​សារ ដោយសារតែ​សកម្មភាព​ការពារ​ព្រៃឈើ​របស់លោក ដែល​មិន​ខុសគ្នា​ពី​សកម្មជន​ឆ្នើម ឈុត វុទ្ធី ដែលជា​អតីត​មិត្ត​រួម​ការងារ​របស់លោក ដែល​ត្រូវបាន​បាញ់សម្លាប់​កាលពី​ឆ្នាំ​២០១២ ដោយ​មិនទាន់​ទទួលបាន​យុត្តិធម៌​នៅឡើយ​។​

​ការខិតខំ​ប្រឹងប្រែងរ​ប​ស់លោក អ៊ូច ឡេង និង​ក្រុមការងារ​របស់លោក​ទ​ទួលបាន​ការឆ្លើយតប​មួយចំនួន​ពី​រដ្ឋាភិបាល​។ ឧទាហរណ៍ កាលពី​ឆ្នាំ​២០១៣ រដ្ឋាភិបាល​បានបញ្ចប់​គម្រោង​គោលនយោបាយ​ដី​សម្បទាន​សេដ្ឋកិច្ច ហើយក៏​បានប្រគល់​ដី​មួយចំនួន​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​គោលនយោបាយ​នេះ​។ បន្ថែម​លើ​នេះ កាលពីដើមឆ្នាំ​២០១៦ រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បង្កើត​គណៈកម្មាកា​រ​បង្ក្រាប​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​ផងដែរ​។​

​ទោះជា​យ៉ាងណាក្តី លោក អ៊ូច ឡេង អះអាងថា ទឹកចិត្ត​ស្រឡាញ់ និង​ការពារ​ព្រៃឈើ​របស់​ប្រជាពលរដ្ឋ​តាម​សហគមន៍​ដែលមាន​មកលើ​រូបលោក នៅតែ​បន្ត​លើកទឹកចិត្ត​ឲ្យ​លោក​តស៊ូ​ការពារ​ព្រៃឈើ​ត​ទៅមុខទៀត​ដោយ​គ្មាន​រួញរា​ឡើយ ហើយក៏​បាន​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​យុវជន​កម្ពុជា​ទាំងអស់ ឲ្យ​ក្រោកឈរ រួបរួមគ្នា​ដើម្បី​ការពារ​ព្រៃឈើ​កម្ពុជា ដែល​នៅ​សេសសល់​តែ​បន្តិចបន្តួច​បច្ចុប្បន្ននេះ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com