អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ការចរចា​សន្តិភាព​ស៊ី​រី​អាចបរាជ័យ ក្រោយ​ក្រុម​ឧទ្ទាម​ស្នើ​ផ្អាក​ការចរចា​
19, Apr 2016 , 11:18 am        
រូបភាព
 
​ក្រុម​ឧទ្ទាម​ប្រឆាំង​ស៊ី​រី​បានស្នើ​ទៅកាន់​អង្គការសហប្រជាជាតិ​ឲ្យ​ផ្អាក​ដំណើរ​ការចរចា​សន្តិភាព​នៅ​ទីក្រុង​ហ្សឺ​ណែវ ដើម្បី​រង់ចាំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់​បង្ហាញ​ពី​ការយកចិត្តទុកដាក់​លើ​ដំណើរការ​សន្តិភាព​ជាមុន​។ ការផ្អាក​នេះ ទំនងជា​សញ្ញា​នាំ​ដល់​ការដួលរលំ​ការចរចា​សន្តិភាព​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ សម្រាប់​បញ្ចប់សង្គ្រាម​ដែល​កើត​តាំងពី​ឆ្នាំ​២០១១​។​

 
​ការចរចា​សន្តិភាព​នៅ​ស៊ី​រី​បាន​ឈាន​មកដល់​ចំណុច​បរាជ័យ បន្ទាប់ពី​គណៈកម្មាធិការ​ចរចា​ជាន់ខ្ពស់ ដែលជា​ក្រុម​ឧទ្ទាម​ប្រឆាំង​នៅ​ស៊ី​រី ស្នើ​ផ្អាក​ការពិភាក្សា​ដែល​ធ្វើ​នៅ​ស្នាក់ការ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​។ ក្រុមប្រឆាំង​ចង់បាន​ភាពប្រាកដប្រជា​ពី​របប​លោក​ប្រធានាធិបតី បាស​សា អាល់​អាសាដ ចំពោះ​ការចរចា​សន្តិភាព និង​ការគោរព​បទ​ឈប់​បាញ់​។ បើទោះបីជា​ប្រកាស​ផ្អាក​ចរចា​ក៏ដោយ ក្រុមប្រឆាំង​មិនបាន​ចាក​ចេញពី​ទីក្រុង​ហ្សឺ​ណែវ​នោះទេ​។   
 
​នៅ​ថ្ងៃទី​១៨ ខែមេសា ក្រុមប្រឆាំង​និយាយថា ទាហាន​រដ្ឋាភិបាល​លោក អាសាដ នៅតែ​បន្ត​រុលទៅមុខ ហើយ​នេះ​មានន័យថា បទ​ឈប់​បាញ់​គឺ​បរាជ័យ​ទៅហើយ និង​បានស្នើ​ឲ្យ​ពន្យារពេល​ការចរចា​។ ចំណែកឯ ក្រុម​ឧទ្ទាម​ដែល​ចោទ​រដ្ឋាភិបាល​ស៊ី​រី​ថា​កំពុង​វាយលុក​ទីក្រុង Aleppo ក៏​បើក​យុទ្ធនាការ​មួយ​ប្រឆាំងនឹង​កងកម្លាំង​រដ្ឋាភិបាល​ក្នុង​ខេត្ត Latakia ដែល​ជាប់មាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​នេ​ផងដែរ​។ 
 
​មន្ត្រីជាន់ខ្ពស់​ក្រុមប្រឆាំង​លោក Mohammad Alloush ប្រាប់​សារព័ត៌មាន​Reuters ថា វា​គ្មាន​ផ្លូវ​ដែល​ក្រុមប្រឆាំង​វិល​រក​តុ​ចរចា​វិញ​នោះទេ នៅពេលដែល​សកម្មភាព​យោធា​នៅតែមាន ហើយ​វិបត្តិ​មនុស្សធម៌​នៅតែ​លំបាក​នោះ​។ លោក​ថា យើង​ចង់បាន​ការចរចា​ដែល​ពិតប្រាកដ មិនមែន​ក្លែងក្លាយ​នោះទេ​។ ការលើកឡើង​នេះ​ទំនងជា​ចង់​សំដៅ​ដល់​របប​លោក អាសាដ ដែល​យក​ការចរចា​ជា​លេស ដើម្បី​បន្ត​ប្រតិបត្តិការ​យោធា​របស់ខ្លួន​។​
 
​យ៉ាងណាមិញ បេសកជន​ពិសេស​អង្គការសហប្រជាជាតិ​លោក Staffan de Mistura មិនបាន​មើលឃើញ​ពី​សារៈសំខាន់​នៃ​ការសម្រេចចិត្ត​របស់​ក្រុមប្រឆាំង​នោះទេ​។ ជាមួយគ្នានេះ ក្រុម​របស់លោក​នឹង​បន្ត​ជួប​ជាមួយ​អ្នកចរចា​មកពី​ក្រុមប្រឆាំង ដរាបណា​ពួកគេ​មិនទាន់​ចាកចេញ​ពី​ទីក្រុង​ហ្សឺ​ណែវ​នោះ​។ លោក de Mistura ក៏បាន​ទទួលស្គាល់​ដែរ​ថា អំពើហិង្សា​គឺជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ ជាពិសេស​នៅ​ជុំវិញ​ទីក្រុង​Aleppo ហើយ​លោក​អាច​នឹង​និយាយ​រឿងនេះ​ជាមួយ​ក្រុង​មូ​ស្គូ​និង​វ៉ាស៊ីនតោន ប្រសិន​ស្ថាន​ការ​នៅតែ​មិនទាន់​ល្អប្រសើរ​ទៀត​នោះ​។​
 
​សូមបញ្ជាក់ថា ការចរចា​សន្តិភាព​នៅ​ទីក្រុង​ហ្សឺ​ណែវ​មាន​ទិសដៅ​បញ្ចប់សង្គ្រាម​រ៉ាំរ៉ៃ​រវាង​ភាគី​ជម្លោះ​នៅ​ស៊ី​រី ដែល​បណ្ដាល​ឲ្យ​មនុស្ស​ច្រើនជាង​ពីរ​សែន​នាក់​បាត់​បង់ជីវិត និង​រាប់លាន​នាក់​ទៀត​ក្លាយជា​ជនភៀសខ្លួន​។ ជម្លោះ​នេះ ក៏​ជួយ​ដល់​ការពង្រីក​ឥទ្ធិពល​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ដែល​កំពុង​អុកឡុក​ទឹកដី​មួយ​ធំរ​រវាង​ស៊ី​រី​និង​អ៊ីរ៉ាក់ ហើយ​ថែមទាំង​ទាក់ទាញ​មហាអំណាច​មួយចំនួន​ចូលមក​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ផងដែរ​។​
 
​យ៉ាងណាក៏ដោយ ការចរចា​នេះ​ហាក់​មិនបាន​លទ្ធផល​ជាទី​គាប់ចិត្ត​ទេ ដ្បិត​ភាគី​ជម្លោះ​ទាំងអស់​មាន​ជំហរ​ផ្សេងគ្នា និង​មាន​មហាអំណាច​ជួយ​ពីក្រោយ​ដូចគ្នា​។ ក្រុម​ឧទ្ទាម​ប្រឆាំង​ទទួល​ជំនួយ​ពី​លោកខាងលិច សម្រាប់​ប្រយុទ្ធ​នឹង​របប​លោក អាសាដ ខណៈដែល​ប្រធានាធិបតី អាសាដ មាន​រុស្សី​ជួយ​ពីក្រោយ​ដែល​ធ្វើ​ឲ្យ​លោក​អាច​ដណ្ដើម​កាន់កាប់​ទឹកដី​ពី​ក្រុមប្រឆាំង​មក​គ្រប់គ្រង​វិញ​ជា​បន្តបន្ទាប់​៕       
 
  

Tag:
 ស៊ី​រី
  កិច្ចចរចាសន្តិិភាពហ្សឺណែវ
  Staffan de Mistura
© រក្សាសិទ្ធិដោយ thmeythmey.com