អន្តរជាតិ
ប្រជាជន​ហ្ស៊ី​ម​បា​វ៉េ ងាក​ទៅរក​ការលក់​សត្វ​ចិញ្ចឹម​ដើម្បី​បន្ធូរបន្ថយ​ភាពអត់ឃ្លាន​
20, Apr 2016 , 8:19 am        
រូបភាព
ដោយ: VOA
CHIPINGE៖ ទីនេះ​គឺជា​ភូមិ Chachacha នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ​។ បុរសៗ​ក្នុងភូមិ​នេះ​កំពុង​ដេញ​សត្វ​គោក្របី​របស់​ពួកគេ ឲ្យ​ចូលទៅក្នុង​រថយន្ត​មួយ ដើម្បី​ដឹក​ទៅកាន់​ទីផ្សារ​។​



​ភាពរាំងស្ងួត​បណ្ដាលមកពី​អាកាសធាតុ El Nino ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​មនុស្ស​រាប់លាន​នាក់​នៅ​ទូទាំងប្រទេស​ហ្ស៊ី​ម​បា​វ៉េ និង​អាហ្វ្រិក​ខាងត្បូង រស់នៅ​ដោយ​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​។​

​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ បាន​និយាយថា រដូវវស្សា​នា​ឆ្នាំនេះ មាន​ភាពរាំងស្ងួត​ខ្លាំង​បំផុត​ក្នុង​រយៈពេល​៣៥​ឆ្នាំ មកនេះ​។​

​លោក Johannes Chibvongodze និយាយថា លោក​កំពុង​លក់​គោ​របស់លោក ពីព្រោះ​លោក​មិនអាច​មានលទ្ធភាព​ចិញ្ចឹម​ពួកវា​ទៀត​ទេ​។ ការធ្លាក់​ភ្លៀង​តិចតួច បានធ្វើ​ឲ្យ​វាលស្មៅ​ថយចុះ​។​

​លោក​បាន​និយាយថា​៖ «​យើង​បាន​ប្រើ​អស់ហើយ​ផល​ដែល​យើង​បាន​ប្រមូល​ពី​ឆ្នាំមុន ដូច្នេះ​យើង​បាន​ងាក​ទៅរក​ការលក់​សត្វ​ចិញ្ចឹម​របស់​យើង​ម្ដង ដើម្បី​បាន​ប្រាក់​ទិញ​អាហារ​»​។​

​លោក​និយាយថា ការងារ​នៅទីនេះ​គឺ​ពិបាក​រក​ណាស់ ហើយ​ប្រជាជន​នៅទីនេះ ត្រូវ​ប្រកួតប្រជែង​ជាមួយនឹង​មនុស្ស​ជាច្រើន​ទៀត​មកពី​ប្រទេស​ម៉ូ​សំ​ប៊ិក ដែល​កំពុង​ស្វែងរក​ការងារ​។​

​លោក​Johannes Chibvongodze បាន​បន្តថា ឆ្នាំនេះ​មាន​ភ្លៀង​ធ្លាក់​ដែរ ប៉ុន្តែ​វា​យឺត​ពេល​ហើយ​។​

​លោក​និយាយថា ដំណាំ​ដែល​ប្រជាជន​នៅទីនេះ បាន​ដាំ វា​បាន​ក្រៀម​ស្វិត​អស់​ទៅហើយ​។ គាត់​យល់ឃើញថា នៅពេលនេះ ការដាំ​ដំណាំ​អ្វី​ថ្មី​ក៏ដោយ ក៏​វា​គ្មាន​បាន​ផល​អ្វី​ដែរ​។​

​រដ្ឋធានី​ហា​រ៉ា​រ៉េ ស្ថិតនៅ​ប្រហែលជា ៦០០ គីឡូម៉ែត្រ​ពី​ទីនេះ​។ អ្នកភូមិ​បាន​និយាយថា ជំនួយ​របស់​រដ្ឋាភិបាល បាន​មកដល់​ប៉ុន្តែ​មាន​ភាពយឺតយ៉ាវ​។​

​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ បាន​ផ្គត់ផ្គង់​កសិករ​ចិញ្ចឹមសត្វ​នៅក្នុង​ស្រុក Chipinge ដោយ​ការលក់​ចំណី​សត្វ​ក្នុងតម្លៃ​ទាប ដើម្បី​ឲ្យ​ពួកគេ​ចិញ្ចឹមសត្វ​ពួកគេ​ឲ្យ​បាន​ធំធាត់​។​

​កសិករ​មួយចំនួន​នៅក្នុង​ស្រុក Chipinge កំពុង​មមាញឹក​ក្នុង​ការដាំ​ដំណាំ បើទោះបីជា​អគ្គនាយកដ្ឋាន​សេវា​ឧតុនិយម​របស់​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ បានប្រកាស​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​ថា រដូវវស្សា​ដ៏​ខ្លី​នេះ នឹង​បញ្ចប់​នៅ​ពាក់កណ្ដាល​ខែមេសា​ក៏ដោយ​។​

​អ្នកស្រី Taringa Makiwa គឺជា​បុគ្គលិក​ធ្វើការ​ក្នុង​សេវា​ពង្រីក​ផ្នែក​កសិកម្ម​របស់​រដ្ឋ ដែល​បាន​ផ្ដល់នូវ​ដំបូន្មាន​ដល់​ប្រជាជន​ហ្ស៊ី​ម​បា​វ៉េ​ក្នុង​ការធ្វើ​កសិកម្ម​។​

«​ពួកយើង​នឹង​ជំរុញ​ឱ្យ​កសិករ​ប្រើ​គ្រាប់​ធញ្ញជាតិ​តូចៗ​ប្រសើរ​ជាង ជាពិសេស​គឺ​ស្រូវ​ប្រភេទ finger millet ស្រូវ pearl millet និង​ស្រូវ sorghum ពីព្រោះ​ស្រូវ​ទាំងនេះ​មាន​លក្ខណៈ​ធន់​នឹង​ភាពរាំងស្ងួត​បាន​មួយកម្រិត​។​

​កសិករ​យើង​ភាគច្រើន​ធ្លាប់​ជ្រើស​យក​ដំណាំ​ពោត​។ ចំពោះ​ការដាំដុះ ដំណាំ​ពោត​ងាយស្រួល​ជាង បើ​ប្រៀបធៀប​ទៅនឹង​គ្រាប់​ដំណាំ​តូចៗ ប៉ុន្តែ​នៅ​ចុងបញ្ចប់ បើ​គិត​ជា​ទិន្នផល​វិញ យើង​ពិតជា​គ្មាន​បាន​ច្រូតកាត់​អ្វី​ទេ​។ ដូច្នេះ គ្រាប់​ដំណាំ​តូចៗ អាច​ធន់​ទ្រាំ​នឹង​គ្រោះរាំងស្ងួត​បាន​។ ដូច្នេះ យ៉ាងហោចណាស់ កសិករ​អាច​ទទួលបាន​ផល​ចេញពី​ដំណាំ​ទាំង​នោះបាន​»​។​

​ទោះយ៉ាងណា ប្រជាជន​ហ្ស៊ី​ម​បា​វ៉េ នៅតែ​ចូលចិត្ត​ដាំ​ដំណាំ​ពោត​។ ពោត​ត្រូវបាន​គេ​ប្រើ​សម្រាប់​ធ្វើជា​បបរ​ខាប់​ដ៏​ពេញនិយម​មួយ​ប្រភេទ​ដែល​គេ​ហៅថា sadza ដែល​ធ្វើ​ពី​ពោត ហើយ​ត្រូវគេ​បរិភោគ​ជាមួយ​ជ្រក់​។​

​គ្រួសារ​ភាគច្រើន​បរិភោគ​បបរ sadza ពីរដង​ក្នុង​មួយថ្ងៃ គឺ​សម្រាប់​អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច​។​

​តម្លៃ​អាហារ​ធ្វើ​ពី​ពោត បាន​កើនឡើង​នៅក្នុង​ទីផ្សារ​ក្នុងស្រុក ដោយសារតែ​ពោត​ការមិន​សម្បូរ​។​

​រដ្ឋាភិបាល​និយាយថា ខ្លួន​ត្រូវ​ការប្រាក់ ១៦០០​លាន​ដុល្លារ​ពី​ជំនួយ​អន្តរជាតិ​ដើម្បី​នាំចូល​ធញ្ញជាតិ និង​ផ្ដល់​ជា​ជំនួយ​ផ្សេងទៀត ប៉ុន្តែ​ការប៉ាន់ស្មាន​នេះ ត្រូវ​ភ្នាក់ងារ​ផ្ដល់ជំនួយ​អន្តរជាតិ​វិភាគ​ថា​មាន​ចំនួន​ខ្ពស់​ពេក​។​

​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ខ្លួន​រៃអង្គាស​បាន​ប្រហែល ៨០​លាន​ដុល្លារ សម្រាប់​ផ្ដល់​ជា​ជំនួយ​ស្បៀងអាហារ​ឱ្យទៅ​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ​។​

​ប្រទេស​ចិន ក៏បាន​បរិច្ចាគ​អង្គរ​ដែលមាន​តម្លៃ​ស្មើនឹង ២៤,៦ លាន​ដុល្លារ ទៅ​ឲ្យ​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ​កាលពី​ខែមីនា​។​

​ប្រជាជន​ក្នុងស្រុក Chipinge សង្ឃឹមថា ជំនួយ​នឹង​មក​បាន​លឿន​។ ការលក់​សត្វពាហនៈរ​បស់​ពួកគេ​អាចជា​ដំណោះស្រាយ​រយៈពេល​ខ្លី​តែប៉ុណ្ណោះ ហើយ​វា​នឹងធ្វើ​ឲ្យ​ពួកគេ​ងាយ​រងគ្រោះ​កាន់តែខ្លាំង​សម្រាប់​ឆ្នាំក្រោយៗ​ទៀត​៕

ប្រែ​សម្រួល​ដោយ ឆាយ គីម​ហ៊​ង​
សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com