អន្តរជាតិ
លោក អូ​បា​ម៉ា ប្រឹង​កែខៃ​រឿង​ល្អក់កករ​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក​បី មុន​ផុត​អាណត្តិ​
19, Apr 2016 , 8:19 pm        
រូបភាព
​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​បី​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​។ លោក​នឹង​ឈប់​សំចត​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ពិភាក្សា ជាមួយ​ក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត​ពី​ចំណង​ការទូត​ទ្វេភាគី​ដែល​រកាំរកូស​ដោយសារ​វិបត្តិ​នៅ​មជ្ឈិមបូព៌ា​និង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ បន្ទាប់ពី​ចាកចេញ​ពី​អា​រ៉ា​ប៊ី​សា​អូឌីត លោក​នឹង​បន្តដំណើរ​ទៅ​ចក្រភព​អង់គ្លេស​ទៀត​។  តាមពិតទៅ ទំនាក់ទំនង​សម្ព័ន្ធមិត្ត​ទាំងពីរ​ល្អក់កករ​ខ្លាំង​ដោយសារ​បញ្ហា​មួយចំនួន​ជាពិសេស​ការគាំទ្រ​ណា​តូ​និង​អន្តរាគមន៍​យោធា​នៅ​មជ្ឈិមបូព៌ា​កន្លងមក​។  ចុងក្រោយ លោក​បន្ត​ទស្សនកិច្ច​នៅ​ប្រទេស​អាល្លឺម៉ង់ ដែលមាន​ប្រជាជន​មិន​ច្រើន​ប៉ុន្មាន​ពេញចិត្ត អាមេរិក ព្រោះ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​លួច​ស្តាប់​ខ្សែ​ទូរស័ព្ទ​អធិការបតី​អាល្លឺម៉ង់​ផង​។​



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល ៦​ថ្ងៃ​ទៅកាន់​ប្រទេស​បី​ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក​។ ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ហើយ​ប្រទេស​ទីមួយ​ដែល​លោក​ទៅដល់ ដំបូង​បំផុត អា​រ៉ា​ប៊ី​សា​អូឌីត​ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក​មួយ​នៅ​មជ្ឈិមបូព៌ា មុននឹង​បន្តទៅ​អង់គ្លេស​និង​អាល្លឺម៉ង់​។

​លោក​នឹង​ជួប​ជជែក​ពិភាក្សា​ជាមួយ​ក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត Salman bin Abdulaziz Al Saud ដើម្បី​ជជែក​ពី​ចំណង​ការទូត​ទ្វេភាគី​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​ដែល​ធ្លាក់ចុះ​មួយរយៈ​ពេល​ចុងក្រោយ​។ ក្រៅពី​ពិភាក្សាគ្នា លោក អូ​បា​ម៉ា មាន​វត្តមាន​ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ក៏​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពួ​ល​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​រ​ដ្ឋ​ឈូង​សមុទ្រ (GCC)  ដែលមាន​សមាជិក​ផ្សេងទៀត​ចូលរួម​មាន​គុយ​វ៉ែត អារ៉ាប់​រួម អូ​ម៉​ង់ បា​រ៉ែ​ន និង​កាតា​ផងដែរ​។

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ កាលពី​ឆ្នាំមុន អា​រ៉ា​ប៊ី​សា​អូឌីត បានធ្វើ​ពហិកា​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ ដែល​រៀបចំឡើង​នៅ Camp David សហរដ្ឋអាមេរិក​។ មូលហេតុ​នៃ​ការ​ពហិកា​នេះ​វា​ទាក់ទង​គោលនយោបាយ​ការបរទេស​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចំពោះ​អ៊ីរ៉ង់ និង​របប​ដឹកនាំ​ស៊ី​រី​កន្លងមក​ផង​។​

១.​លោក​អូ​បា​ម៉ា ចង់​បន្ថយ​ភាព​រកាំរកូស​នៃ​ចំណង​សម្ព័ន្ធភាព​ជាមួយ​រដ្ឋ​ឈូង​សមុទ្រ​
​ដូច​បានលើកឡើង​ខាងដើម​ស្រាប់ ចំណងមិត្តភាព​អាមេរិក​ជាមួយ​រដ្ឋ​ឈូង​សមុទ្រ​ជាពិសេស​អា​រ៉ា​ប៊ី​សា​អូឌីត មិនល្អ​សោះឡើយ​នៅពេលដែល​របប​ដឹកនាំ​ក្រុង​វ៉ាស៊ីនតោន​កាន់តែ​ខិត​ទៅជិត​របប​ដឹកនាំ​ក្រុង​តេ​ហេ​រ៉ង់​។ ប៉ុន្តែ​អាច​និយាយថា ចំណុច​ចាប់ផ្តើម​នៃ​ការប្រែប្រួល​ទំនាក់ទំនង​ទ្វេភាគី​នេះ​កើតឡើង​តាំង​ពេលដែល​ចលនា​បដិវត្តន៍​និ​ទាឃ​រដូវ​អារ៉ាប់​ផ្ទុះឡើង​នៅ​មជ្ឈិមបូព៌ា​ដោយមាន​ការគាំទ្រ​ពី​ក្រុង​វ៉ាស៊ីនតោន​ផង​នោះ​។ អា​រ៉ា​ប៊ី​សា​អូឌីត​ឃ្នើសចិត្ត ដោយសារ​អាមេរិក​បណ្តោយ​ឲ្យ​មេដឹកនាំ​ផ្តាច់ការ​ដែលជា​ជិតស្និទ្ធ​ខ្លួន​លោក ហូ​ស​នី មូ​បា​រ៉ា​ក់ ត្រូវគេ​ទម្លាក់​ពី​តំណែង ហើយ​មាន​ការលើក​បន្ទុប​សមា​ជិ​ក​ក្រុម​ភាតរ​ឥស្លាម (Muslim Brotherhood) ឲ្យ​កាន់កាប់​អេ​ហ្ស៊ី​ប​វិញ​។ ហើយ​គ្រួសារ​រាជវង្ស​អា​រ៉ា​ប៊ី​សា​អូឌីត​ក៏​បារម្ភ​ខ្លាំង​ពី​ចលនា​បដិវត្តន៍​ដែល​វា​អាច​ឆ្លង​មកដល់​រដ្ឋ​ឈូង​សមុទ្រ​ផ្សេង​ទៀតផង​។​

​បន្តម​កទៀត អា​រ៉ា​ប៊ី​សា​អូឌីត កាន់​តែមាន​មន្ទិលសង្ស័យ​លើ​របប​ដឹកនាំ​ក្រុង​វ៉ាស៊ីនតោន​ដែល​បន្ទន់​ជំហរ​ដាក់​អ៊ីរ៉ង់​ដែលជា​សត្រូវ​ស៊ីសាច់ហុតឈាម​របស់ខ្លួន ដោយ​ព្រម​បង្កើត​ឲ្យ​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ផង​។  អា​រ៉ា​ប៊ី​សា​អូឌីត​បារម្ភ​ពី​សុវត្ថិភាព​និង​សន្តិសុខ​ជាតិ​នៅពេល​អ៊ីរ៉ង់​រួច​ផុតពី​ទណ្ឌកម្ម​អន្តរជាតិ ហើយ​ភ័យខ្លាច​ថា​ថ្ងៃ​ណាមួយ​អ៊ីរ៉ង់​នឹង​ឈានទៅ​ផលិត​អាវុធ​ន​យ​ក្លេ​អ៊ែរ​ផង​។

​យ៉ាងណាមិញ​រឿង​កាន់តែ​ធ្ងន់ធ្ងរ នៅពេល​លោក អូ​បា​ម៉ា ផ្តល់​បទសម្ភាសន៍​ដល់​ទស្សនា​វ​ដ្តី អា​ត្ល​ង់​ទិ​ក ពាក់ព័ន្ធ​សម្ព័ន្ធមិត្ត​អាមេរិក​។ លោក​អូ​បា​ម៉ា ប្រើពាក្យ​ធ្ងន់​រិះគន់ សម្ព័ន្ធមិត្ត​នៅ​មជ្ឈិមបូព៌ា​និង​អឺរ៉ុប​ដែល​មិន​ជួយ​ចូក​ជួយ​ចែវ បែរ​ទុក​ឲ្យ​អាមេរិក​រងបន្ទុក​ធ្ងន់​ម្នាក់ឯង​ក្នុង​អន្តរាគមន៍​យោធា​នៅ​លី​ប៊ី​នោះ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក អូ​បា​ម៉ា ក៏បាន​ថ្លែង​ផង​ថា អា​រ៉ា​ប៊ី សា​អូឌីត​គួរ​ចែក «​តំបន់​មជ្ឈិមបូព៌ា​»​ជាមួយ​រដ្ឋ​ប្រកាន់​សាសនា​ឥស្លាម​និកាយ​ស៊ី​អ៊ី​ត អ៊ីរ៉ង់​ផង​។  សម្តី​របស់​ប្រធានាធិបតី​អាមេរិក​នេះ បាន​បង្ក​ឲ្យ​ក្រុង​រី​យ៉ា​ដ​ខឹងសម្បារ​ជាខ្លាំង​រហូតដល់​រាជ្យ​បុត្រ Turki al-Faisal សរសេរ​លិខិត​ថ្កោលទោស​បទសម្ភាសន៍​ប្រមុខរដ្ឋ​អាមេរិក​នេះ​ទៀត​។

​លើសពីនេះ ទំនាក់ទំនង​នេះ​នឹង​កាន់តែ​ស្មុ​គ្រ​ស្មាញ​នៅពេល ប្រជាជន​អាមេរិក​ជាពិសេស​ក្រុមគ្រួសារ​ជនរងគ្រោះ​ក្នុងការ​វាយប្រហារ​អាគា​រ​ពាណិជ្ជកម្ម​ពិភពលោក​ថ្ងៃ ១១ ខែកញ្ញា ស្រាប់តែ​ចេញមុខ​តវ៉ា​និង​ទាមទារ​ឲ្យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្តឹង​ឲ្យ​មេដឹកនាំ​អា​រ៉ា​ប៊ី សា​អូឌីត ទទួលខុសត្រូវ​ចំពោះ ការវាយប្រហារ​អត្ថ​ឃាត​នេះ​ទៀត​។​

 ទោះ​បែបណា​ក្តី គេ​រំពឹងថា លោក អូ​បា​ម៉ា នឹង​យក​ជំនួប​ជាមួយ​ក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​បកស្រាយ​ពី​បញ្ហា​ចម្រូងចម្រាស​ដែល​កើតមាន​កន្លងមក និង​ដើម្បី​ជម្រះ​ឲ្យ​អស់​នូវ​មន្ទិលសង្ស័យ​ដែល​កើតមាន​។ ថ្វីបើ​មានរឿង​ល្អក់កករ​ខ្លះ​មែន  អា​រ៉ា​ប៊ី​សា​អូឌីត​មិនអាច​ព្រងើយកន្តើយ​ចំពោះ​សម្ព័ន្ធភាព​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ឡើយ​។ បណ្តា​រដ្ឋ​ឈូង​សមុទ្រ​កំពុង​ត្រូវការ​អាវុធ​ជាពិសេស​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដើម្បី​ទប់ទល់​ការគំរាមកំហែង​ពី​ខាងក្រៅ​ជាពិសេស​ពី​អ៊ីរ៉ង់​ដែល​ទើប​បាញ់​សាកល្បង​មី​ស៊ី​ល​ថ្មីៗ​នេះ​។

២. សមាជិកសភា​អង់គ្លេស​ស្នើ​លោក អូ​បា​ម៉ា កុំ​ឲ្យ​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​អង់គ្លេស​
​ក្រោយ​ចាក​ចេញពី​អា​រ៉ា​ប៊ី​សា​អូឌីត លោក នឹង​ប្រញាប់ប្រញាល់​ឆ្ពោះទៅ​ចក្រភព​អង់គ្លេស ខណៈដែល​ប្រជាជន​អង់គ្លេស​ភាគច្រើន​ត្រៀមខ្លួន​បោះឆ្នោត​ប្រជាមតិ​បញ្ចប់​សមាជិកភាព​អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប​។ លោក អូ​បា​ម៉ា នឹង​ជួប​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​ម្ចាស់​ក្ស​ត្រី អេ​លី​ហ្សា​បែ​តទី ២ មុននឹង​បន្ត​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ដេវីដ ខេ​មេ​រ៉ូ​ន​។​

​ទំនាក់ទំនង​រវាង​អង់គ្លេស​និង​អាមេរិក  ធ្លាក់ចុះ​គួរ​ឲ្យ​ព្រួយបារម្ភ​ក្រោយ​លោក អូ​បា​ម៉ា ផ្តល់​បទសម្ភាសន៍​ដល់​ទស្សនា​វ​ដ្តី​អា​ត្ល​ង់​ទិ​កដោយ​លោក​ព្រមាន​អង់គ្លេស​ឲ្យ​ចំណាយ​ថវិកា​យ៉ាងហោចណាស់ ២​ភាគរយ​នៃ​ចំណូល​ជាតិ​សរុប​សម្រាប់​គាំទ្រ​បក្សសម្ព័ន្ធ​ណា​តូ​និង​បន្ទោស​អង់គ្លេស​ចំពោះ​បញ្ហា​សន្តិសុខ​និង​ភាពចលាចល​ដែល​កើត​មាននៅ​លី​ប៊ី​ក្រោយ​ការដួលរលំ​នៃ​របប​កា​ដា​ហ្វី​ថែមទៀត​។​

​ក្រោយ​ការផ្តល់​បទសម្ភាសន៍រ​ប​ស់លោក អូ​បា​ម៉ា សមាជិក​បក្ស អភិរក្ស​របស់លោក ខេ​មេ​រ៉ូ​ន​លោក Alan Duncan ប្រតិកម្ម​តប និង​ស្តីបន្ទោស​លោក អូ​បា​ម៉ា​វិញ​ភ្លាម​ដែរ ដោយ​លោក​លើកឡើងថា បញ្ហា​ត្រង់​ថា អាមេរិក​ចាកចេញ​ពី​អ៊ីរ៉ាក់ ដកខ្លួន​ពី​មជ្ឈិមបូព៌ា ហើយ​មិន​បានធ្វើ​អ្វី​សោះ​ដើម្បី​ដោះស្រាយ​បញ្ហា​ស៊ី​រី លី​ប៊ី និង​ប៉ា​ឡេ​ស្ទី​ន តែ​ចុងក្រោយ​បែរជា​មក​បន្ទោស​អង់គ្លេស​ទៅវិញ​។

​ដោយឡែក​ក្នុង​ទស្សនកិច្ច​ទៅ​អង់គ្លេស​នេះដែរ លោក អូ​បា​ម៉ា ក៏​ឆ្លៀត​បង្ហាញ​ជំហរ​អាមេរិក​គាំទ្រ ចលនា​ដែល​ចង់​ឲ្យ​អង់គ្លេស​បន្ត​ស្ថិតនៅក្នុង​សហភាព​អឺរ៉ុប​ផងដែរ​។ លោក​ក៏​ទំនងជា​នឹង​ថ្លែង​សារ​នយោបាយ​អំពាវនាវ​ឲ្យ​ប្រជាជន​អង់គ្លេស​ប្តូរ​ចិត្ត​បោះឆ្នោត​ថា «​ទេ​» នៅក្នុង​ប្រជាមតិ​ខែមិថុនា​ខាងមុខ​។ ប៉ុន្តែ​អ្នកនយោបាយ​អង់គ្លេស​ច្រើន​បាន​រិះគន់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ខ្លាំងៗ​រួចទៅហើយ ហើយ​ស្របពេល​ជាមួយគ្នា​នោះ សមាជិកសភា​អង់គ្លេស​ច្រើន ១០០​នាក់​បានសម្រេច​ដាក់​លិខិត​មួយ​ទៅកាន់​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​អង់គ្លេស​រួចទៅហើយ​ដោយ​ព្រមាន​មិន​ឲ្យ​លោក អូ​បា​ម៉ា លូកលាន់​ក្នុង​បញ្ហា​ផ្ទៃក្នុង​របស់​អង់គ្លេស​ជាពិសេស ការ​«​ចាក​ចេញពី​សហភាព​អឺរ៉ុប​»​។​

៣.​លោក អូ​បា​ម៉ា ទៅ​អាល្លឺម៉ង់ ដើម្បី​បកស្រាយ​រឿង​ចារកម្ម​អាមេរិក​?
​គោលដៅ​ចុងក្រោយ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា គឺ​ប្រទេស​អាល្លឺម៉ង់​។ ប្រមុខរដ្ឋ​អាមេរិក​នេះ​នឹង​ជួប​ជជែក​ជាមួយ​លោកស្រី អែន​ជេ​ឡា មឺ​ហ្កែ​ល ពី​សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំងពីរ និង​បញ្ហា​ប្រឈម​នានា​ដែល​ធ្វើ​ឲ្យ​អាល្លឺម៉ង់​មិនសូវ​ទុកចិត្ត​អាមេរិក​។  ក្រៅពី​បញ្ហា​សម្ព័ន្ធភាព​ទ្វេភាគី វិបត្តិ​ជនភៀសខ្លួន​អឺរ៉ុប និង​បញ្ហា​ប្រឈម​ផ្សេងទៀត​ជាពិសេស​សន្តិសុខ​អឺរ៉ុប​ក៏​ស្ថិតក្នុង​របៀបវារៈ​នៃ​កិច្ចពិភាក្សា​រវាង​មេដឹកនាំ​ទាំងពីរ​ដែរ​។​

​តាមពិត ទំនាក់ទំនង​ទ្វេភាគី​នេះ​មាន​បញ្ហា ក្រោយ​មានការ​ទម្លាយ​ព័ត៌មាន​ដែល​បង្ហាញថា ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក បាន​លួច​ធ្វើ​ចារកម្ម​លើ​អាល្លឺម៉ង់ និង​លួច​ស្តាប់​ខ្សែ​ទូរស័ព្ទ​របស់លោក​ស្រី​អធិការបតី​។ ដំណឹង​នេះ​បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៊ែ​កឡាំង​និង​ប្រជាជន​អាល្លឺម៉ង់​ទូទៅ​ខឹងសម្បារ​អាមេរិក​ជាខ្លាំង ខណៈដែល​ប្រជាជន​អាល្លឺម៉ង់​មិនសូវ​ពេញចិត្ត​អាមេរិក​ស្រាប់​នោះ​។ យោងតាម​របាយការណ៍​ស្ទង់​មតិ​ឆ្នាំ ២០១៥ របស់​វិទ្យាស្ថាន​ស្រាវជ្រាវ Pew ប្រជាជន​អាល្លឺម៉ង់​ប្រហែល ៥០​ភាគរយ​ប៉ុណ្ណោះ​ដែល​ពេញចិត្ត​អាមេរិក ហើយ​វា​ត្រឹម​ស្ថិតក្នុង​កម្រិត​មួយ​គ្រាន់បើ​ជាង​ចិន​បន្តិច​តែប៉ុណ្ណោះ​៕


Tag:
 បា​រ៉ា​ក់ អូ​បា​ម៉ា​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  អាល្លឺម៉ង់​
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com