អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី ស៊ូ​ជី នៅតែ​ចង់​កែ​រដ្ឋធម្មនុញ្ញ ទោះជា​គ្មាន​សង្ឃឹម​ក៏ដោយ​
20, Apr 2016 , 8:19 am        
រូបភាព
 
 
​ប្រមុខ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ប្រកាសថា លោកស្រី​ជំរុញ​ឲ្យ​មានការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨ ដែល​តាក់តែង​ដោយ​ក្រុម​យោធា​។ គោលបំណង​នៃ​វិសោធនកម្ម​គឺ​ការកសាង​ប្រជាធិបតេយ្យ​ពេញលេញ​នៅ​មី​យ៉ាន់​ម៉ា ដែល​ទើបតែ​ងើប​ចេញពី​ការគ្រប់គ្រង​របស់​យោធា​។ ប៉ុន្តែ​នេះ​មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​លោកស្រី ស៊ូ​ជី នោះទេ ដ្បិត​យោធា​នៅតែមាន​អំណាច​ខ្លាំង​ដែល​ផ្ដល់​ដោយ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨​។​

 
​លោកស្រី អ៊ុង​សាន ស៊ូ​ជី និយាយថា លោកស្រី​នឹងធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ក្រុម​យោធា​សរសេរ​ក្នុង​ឆ្នាំ​២០០៨ ដើម្បី​ធ្វើ​ឲ្យ​មី​យ៉ាន់​ម៉ា​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​។ លោកស្រី​ថ្លែង​ដូចនេះ នៅ​ចំ​ពេលដែល​គណបក្ស​រប​ស់លោក​ស្រី​ឈ្នះឆ្នោត​ឆ្នាំ​២០១៥ ហើយ​មនុស្ស​ជំនិត​របស់លោក​ស្រី​គឺ​លោក ធិ​ន ច (Htyn Kyaw) ក៏​ក្លាយជា​ប្រធានាធិបតី​ស៊ីវិល​ដែល​គ្មាន​ប្រវត្តិ​ទាក់ទិន​នឹង​យោធា ហើយ​លោកស្រី​ខ្លួនឯង​ក៏​ធ្វើជា​រដ្ឋមន្ត្រី​ពីរ​ស្ថាប័ន​និង​ជាទី​ប្រឹក្សា​រដ្ឋ​ផងដែរ​។​
 
​ថ្លែង​តាម​ទូរទស្សន៍​ដើម្បី​អបអរ​បុណ្យចូលឆ្នាំថ្មី​នៅ​ថ្ងៃទី​១៨ ខែមេសា លោកស្រី​ក៏​បញ្ជាក់​ពី​អនាគត​របស់​លោកស្រី និង​ការលំបាក​នានា​ដែល​រង់ចាំ​រដ្ឋាភិបាល​ថ្មី​ដោះស្រាយ​។ លោកស្រី​ថា គោលនយោបាយ​លោកស្រី​គឺ​ការបង្រួបបង្រួម​ជាតិ នីតិរដ្ឋ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​បន្តធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​កាន់តែ​ទៅមុខ​។ ចំពោះ​បញ្ហា​រដ្ឋធម្មនុញ្ញ លោកស្រី​បន្ថែមថា រដ្ឋធម្មនុញ្ញ​ត្រូវតែ​ជា​ច្បាប់​ដែល​ផ្ដល់កំណើត​ដល់​ប្រជាធិបតេយ្យ​ពិតប្រាកដ ហើយ​យើង​ត្រូវតែ​កែ​រដ្ឋធម្មនុញ្ញ​។​
 
​យ៉ាងណាមិញ និយាយ​មិនមែន​ស្រួល​ដូច​ធ្វើ​នោះទេ ព្រោះ​លទ្ធភាព​ដែល​លោកស្រី ស៊ូ​ជី ចង់​កែ​រដ្ឋធម្មនុញ្ញ​នឹងត្រូវ​រារាំង​ដោយ​ក្រុម​យោធា​ដ៏​មាន​ឥទ្ធិពល​។ រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨​បានផ្ដល់​ឲ្យ​យោធា​មី​យ៉ាន់​ម៉ា​នូវ​អំណាច​គួរសម​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​និង​នីតិបញ្ញត្តិ​។ នៅក្នុង​គណៈរដ្ឋមន្ត្រី យោធា​មាន​សិទ្ធិ​តែងតាំង​រដ្ឋមន្ត្រី​សំខាន់​បី​ក្រសួង​គឺ មហាផ្ទៃ ការពារជាតិ និង​កិច្ចការ​ព្រំដែន​។ ចំណែក​នៅ​សភា​គ្រប់​ជាន់ យោធា​ទទួលបាន​កៅអី​២៥​ភាគរយ​ដោយ​ស្វ័យប្រវត្តិ ដែល​ចំនួន​នេះ​គឺ​គ្រប់​គ្រាប់​សម្រាប់​រារាំង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។​
 
​ជាមួយគ្នានេះ សារព័ត៌មាន Irrawaddy ផ្សាយ​ថា លោកស្រី ស៊ូ​ជី នៅតែ​ទទូច​កែ​រដ្ឋធម្មនុញ្ញ​ដែល​សរសេរ​នៅ​ឆ្នាំ​២០០៨ ដោយ​លោកស្រី​ថា រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​ត្រូវតែ​កែ ដើម្បី​ឲ្យ​ប្រទេស​ទៅមុខ​។ កន្លងមក ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១​រូបនេះ ក៏​ធ្លាប់​ចរចា​ជាមួយ​ក្រុម​យោធា​ទាក់ទិន​នឹង​រឿង​រដ្ឋធម្មនុញ្ញ​នេះដែរ​។ លោកស្រី​បាន​ជួប​ជាមួយ​មេបញ្ជាការ​ទ័ព​លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង បី​ដង តែ​គ្មាន​លទ្ធផល​ផ្លែផ្កា​អ្វី​ទេ​។  
 
​ជា​ប្រមុខ​គណបក្ស​ឈ្នះឆ្នោត លោកស្រី អ៊ុង​សាន ស៊ូ​ជី គួរតែ​ធ្វើជា​ប្រធានាធិបតី ប៉ុន្តែ​ត្រូវ​រារាំង​ដោយ​មាត្រា​៥៩​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែងថា អ្នកណា​ដែលមាន​ប្ដី​ប្រពន្ធ​ឬ​កូន​ជា​ជនបរទេស​នោះ មិនអាច​ធ្វើជា​ប្រធានាធិបតី​បានទេ​។ លោកស្រី ស៊ូ​ជី មាន​អតីត​ប្ដី​និង​កូនប្រុស​ពីរ​នាក់​ជា​ជន​ជា​អង់គ្លេស​។ 
 
​ជំនួស​មកវិញ​នោះ លោកស្រី ស៊ូ​ជី សម្រេចចិត្ត​មិន​តតាំង​នឹង​ក្រុម​យោធា ដោយ​ជ្រើស​លោក ធិ​ន ច ជា​ប្រធានាធិបតី ខណៈ​លោកស្រី​កាន់តំណែង​ដ៏​មាន​ឥទ្ធិពល​ដែល​ទើប​បង្កើត​គឺ​ទីប្រឹក្សា​រដ្ឋ​។ ក្រៅពីនោះ​លោកស្រី​ក៏​កាន់តំណែង​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​រដ្ឋមន្ត្រី​ការិយាល័យ​ប្រធានាធិបតី​៕ 
 
 
 
  
     

Tag:
 អ៊ុង​សាន​ស៊ូ​ជី​
 ​មី​យ៉ាន់​ម៉ា
  រដ្ឋធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com