អន្តរជាតិ
សៀវភៅ​ខៀវ​ជប៉ុន រង​ប្រតិកម្ម​ពី​ចិន​និង​កូរ៉េខាងត្បូង ដ្បិត​បញ្ហា​ចម្រូងចម្រាស​ដែន​អធិបតេយ្យ​
19, Apr 2016 , 8:59 pm        
រូបភាព
ដោយ:
​ក្រសួងការបរទេស​ជ​ប៉ុន បានចេញ​ផ្សាយ​សៀវភៅ​ខៀវ (Diplomatic Bluebook) ឆ្នាំ​២០១៦ ដែលជា​របាយ​ការណ៍កំ​ណ​ត់​ពី​គោលនយោបាយ​ការបរទេស​របស់​ជប៉ុន​។ បើទោះបីជា​ចំណុច​មួយចំនួន​បាន  និយាយ​ពី​សារសំខាន់​នៃ​ទំនាក់ទំនង​ជាមួយនឹង​អ្នកជិតខាង​ក៏ដោយ សៀវភៅ​ខៀវ​នោះ ក៏បាន​រង​នូវ​ការរិះគន់​ពី​សំណាក់ ចិន និង​កូរ៉េខាងត្បូង ដ្បិត​មានការ​កំណត់​ចំណុច​មួយចំនួន​ដែល​ប៉ះពាល់​ដល់​អធិបតេយ្យ​។



Diplomatic Bluebook ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៥ ខែមេសា កន្លងទៅ បានចាត់ទុក​កូរ៉េខាងត្បូង ជា​រដ្ឋ​នៃ​ប្រទេសជិតខាង​ដ៏​សំខាន់បំផុត​របស់​ជប៉ុន​ដែល​បាន​ចែករំលែក​ផលប្រយោជន៍​យុទ្ធសាស្ត្រ​រវាង​គ្នា​ទៅវិញទៅមក​។ គោលជំហរ​របស់​ជប៉ុន​ទៅកាន់​កូរ៉េខាងត្បូង​អាចឈាន​មកដល់ពេលនេះ​បាន​ក៏​ជា​លទ្ធផល​មួយ​នៃ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​ទាំងពីរ​ទាក់ទង​លើ​បញ្ហា​ប្រវត្តិសាស្ត្រ​ស្តីពី​ទាសភាព​ផ្លូវភេទ​ដែល​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៥​កន្លងទៅ​។​

​យ៉ាងណាក៏ដោយ​ទន្ទឹម​ការបង្ហាញ​ពី​គោលជំហរ​ស្និទ្ធស្នាល​នេះ ក៏មាន​បញ្ហា​ចម្រូងចម្រាស​ដែល​បាន បញ្ញា​ត្តិ​នៅក្នុង​សៀវភៅ​ខៀវ​នោះ​ផងដែរ​។ ភ្លាមៗ​ក្រោយ​នៃ​ការចុះផ្សាយ​សៀវភៅ​នោះ កូរ៉េខាងត្បូង បាន​រិះគន់​ជប៉ុន​ដែល​បានបញ្ជាក់​ជាថ្មី​លើ​ដែន​អធិបតេយ្យ​កោះ​ថា​ជា​របស់ខ្លួន និង ទទូច​ឲ្យ​ជប៉ុន ដក​ចំណុច​នោះ​ជាបន្ទាន់​ផងដែរ​។ តំបន់​កោះ​ដែល​ជប៉ុន​បាន​និយាយ និង​កំពុង​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​កូរ៉េខាងត្បូង​នោះ ត្រូវបាន​ជប៉ុន​ហៅថា​កោះ​Takeshima និង​កូរ៉េខាងត្បូង​ហៅថា​កោះ​Dokdo​។

« វា គឺជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​សម្រាប់​ជប៉ុន​ក្នុង​ការនិយាយ​ម្តង​ហើយ​ម្តងទៀត​លើ​ដែន​អធិបតេយ្យ Dokdo ដែលជា​ចំណុចរួម​នៃ​អធិបតេយ្យ​យើង តាម​ប្រវត្តិសាស្ត្រ ច្បាប់​អន្តរជាតិ និង​កត្តា​ភូមិសាស្ត្រ​នោះ​»​។ នេះ គឺជា​សេចក្តី​ថ្លែង​ការ​ប្រតិកម្ម​របស់​ក្រសួងការបរទេស​កូរ៉េខាងត្បូង​ដែល​បាន​ដកស្រង់ ដោយសារ​ព័ត៌មាន Japan Time​។

​ជាមួយគ្នានេះ​ផងដែរ សៀវភៅ​ខៀវ ក៏បាន​និយាយ​ពី​បញ្ហា​នៅ​សមុទ្រ​ខាងកើត និង​សមុទ្រ​ចិន​ខាងត្បូង ដែល​បាន​ប៉ះពាល់ និង​ទទួល​នូវ​រង​ប្រតិកម្ម​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផងដែរ​។ យោងតាម​សារព័ត៌មាន People’s Daily នៅ​ថ្ងៃទី​១៨ ខែមេសា​ម្សិលមិញ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Lu Kang បាន​ថ្លែងថា​ជប៉ុន គួរតែបញ្ឈប់​ការ​បំផ្លើស​បញ្ហា​ដែនសមុទ្រ និង​ការបង្កើត​កំណត់សម្គាល់​ដែល​មិនមាន​ការទទួលខុសត្រូវ ដែល​អាចបង្កើត​ឲ្យ​មាន​ភាពចម្រូងចម្រាស​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​ស្ថានភាព​នៅក្នុង​តំបន់​ទៀតផង​៕


Tag:
 ជប៉ុន​
  សៀវភៅ​ខៀវ
© រក្សាសិទ្ធិដោយ thmeythmey.com