អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
របប​សឹក​ថៃ ហាម​ដាច់ខាត​មិន​ឲ្យ​មាន​យុទ្ធនាការ​មុន​ថ្ងៃ​ធ្វើ​ប្រជាមតិ​រដ្ឋធម្មនុញ្ញ​ថ្មី​ឡើយ​
19, Apr 2016 , 9:39 pm        
រូបភាព
ដោយ:
​សល់​តែ​បួន​ខែ​ទៀត​តែប៉ុណ្ណោះ ថៃ នឹង​រៀបចំ​ការធ្វើប្រជាមតិ​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​រដ្ឋាភិបាលយោធា​ចាត់ទុកជា​យន្តការ​មួយ​ដើម្បី​ស្តារ​ស្ថិរភាព​នយោបាយ​ថៃ​ឡើងវិញ​។ ទន្ទឹមនឹងនេះ របប​សឹក បាន​ហាម​ដាច់ខាត​មិន​ឲ្យ​មាន​យុទ្ធនាការ​ផ្សេងៗ​នៅក្នុង​អំឡុងពេល​នៃ​ការរង់ចាំ​នៃ​ប្រជាមតិ​នេះនោះ​ទេ​។​



​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​១៩ ខែមេសា​នេះ អះអាងថា យុទ្ធនាការ​នឹងមិន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ នៅមុន​ខែសីហា​ដែលជា​ពេល​នៃ​ការធ្វើប្រជាមតិ​រដ្ឋធម្មនុញ្ញ​ថ្មី​ឡើយ​។ ជាមួយគ្នានេះ រដ្ឋាភិបាលយោធា ក៏​ព្រមាន​អ្នក​រិះគន់​មួយចំនួន​ដែល​កំពុងតែ​បញ្ជ្រាប​ឥទ្ធិពល​របស់ខ្លួន​ក្នុងការ​បោះឆ្នោត​ប្រជាមតិ​នោះ​។​

«​កុំ​ធ្វើ​យុទ្ធនាការ​, កុំ​ព្យាយាម​បញ្ចេញ​អនុភាព​លើ​ការធ្វើប្រជាមតិ​។ ទុក​ឲ្យ​ប្រជាជន​ជា​អ្នកសម្រេច​»​។ នេះ​គឺជា​ការលើកឡើង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​Prawit Wongsuwan ដែល​បាន​ដកស្រង់​ដោយ​ភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​បន្ថែម​ដែរ​ថា អ្នក​ដែល​មិន​ពេញចិត្ត​ចំពោះ​រដ្ឋធម្មនុញ្ញ ចាំ​បោះឆ្នោត​សម្រេច​នៅពេលនោះ​ចុះ​។

​ទាក់ទិន​នឹង​បញ្ហា​នេះដែរ ថ្មីៗ​នេះ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ច័ន្ទ អូ​ចា ដែល​បាន​ឡើងកាន់​អំណាច តាមរយៈ​រដ្ឋប្រហារ​យោធា​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ ក៏បាន​ប្រតិកម្ម​ជាមួយនឹង​បក្សនយោបាយ ដែល​បាន​ជំទាស់​ទៅនឹង​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នោះ​ផងដែរ​។ លោក ថា លោក មិន​អើពើ​នឹង​ការតវ៉ា​របស់​បក្សនយោបាយ​ដែល​មិន​សប្បាយ​ចិត្តនឹង​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បានធ្វើ​រួចរាល់​ហើយ​នោះទេ​។

​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​២៩ ខែមីនា​កន្លងទៅ គណៈកម្មាធិការ​ព្រាងរ​ដ្ឋ​ធម្មនុញ្ញ បានប្រកាសថា ថៃ នឹង​រៀបចំ​ការធ្វើប្រជាមតិ​ជាតិ​មួយ​លើ​សេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ថ្ងៃទី​០៧ ខែសីហា​ខាងមុខនេះ​ដើម្បី​ស្ទង់​មតិ​ប្រជាជន​ថៃ​ថា​តើ​សេចក្តីព្រាង​នោះ​សមស្រប និង​គ្រប់​ជ្រុងជ្រោយ​ដែរ​ឬ​យ៉ាងណា​។ សេចក្តីព្រាងច្បាប់​ថ្មី​នោះ​គឺជា​សេចក្តីព្រាង​លើក​ទី​២​ដែល​ធ្វើឡើង​ក្រោម​ការដឹកនាំ​ប្រទេស​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ច័ន្ទ អូ​ចា​។ សេចក្តីព្រាង​លើក​ទី​១ ត្រូវបាន​បរាជ័យ​កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ ដ្បិត​សភា​ជំទាស់​។ បើ​សេចក្តីព្រាងច្បាប់​លើក​ទី​២​នេះ អាច​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាជន នោះ​សេចក្តីព្រាង​នឹង​ក្លាយជា​រដ្ឋធម្មនុញ្ញ​ទី​២០​ក្នុង​អាយុកាល​នៃ​លទ្ធិប្រជាធិបតេយ្យ​ថៃ​៨៤​ឆ្នាំ​៕


Tag:
 ថៃ​
  សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​
© រក្សាសិទ្ធិដោយ thmeythmey.com