សុខភាព
អន្តរជាតិ
ចិន​៖ គ្រូពេទ្យ​ពិការ​ជើង​ទាំងពីរ តែ​ជួយ​អ្នកជំងឺ​ជិត​៦០០០០​នាក់​
20, Apr 2016 , 8:39 am        
រូបភាព
ដោយ: ធីតា

 ​នៅក្នុង​តំបន់ Chongqing ប្រទេស​ចិន អ្នកស្រី Li Juhong បាន​ជួយសង្គ្រោះ​មនុស្ស​ជិត​៦០០០​នាក់​ហើយ​។ ស្រី​ពិការ​ជើង​ទាំងសងខាង​វ័យ​៣៧​ឆ្នាំ រូបនេះ ធ្វើជា​គ្រូពេទ្យ​នៅ​ជនបទ​អស់​រយៈពេល​១៥​ឆ្នាំ​មកហើយ  ដោយ​គាត់​ផ្លាស់​ទី​ដោយ​រទេះរុញ កៅអី និង​ជំនួយ​ពី​អ្នកផ្សេង​។​



​នៅ​វ័យ​៤​ឆ្នាំ Li Juhong បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឲ្យ​គាត់​ដាច់​ជើង​ទាំងពីរ​។ យោងតាម​កា​សែ ត​ចិន People’ s Daily Online កុមារី Li បាន​ប្រឹងប្រែង​តស៊ូរ​ដោយ​ប្រើប្រាស់​ដៃ​ទាំងពីរ​ជំនួស​ជើង ហើយ​បន្ទាប់មក រៀន​ប្រើប្រាស់​ឈើច្រត់​។ បើទោះបី​ធ្លាក់ខ្លួន​ពិការ​ក៏ដោយ Li មិនដែល​បោះបង់​ក្តី​ស្រមៃ​ក្នុងការ​ក្លាយជា​គ្រូពេទ្យ​នោះឡើយ​។​

​នា​ឆ្នាំ​២០០០ Li បាន​វិលត្រឡប់​ទៅ​ភូមិកំណើត​វិញ បន្ទាប់​រៀន​ចប់​នៅ​មហាវិទ្យាល័យ ដើម្បី​ប្រកបរ​បរជា​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​។ អ្នកភូមិ​ប្រមាណ​១០០០​នាក់ ដែល​ភាគច្រើន​មនុស្ស​ចំណាស់ សុទ្ធតែ​ទទួលបាន​នូវ​សេវា​ព្យាបាល​ពី​សំណាក់​អ្នកស្រី Li​។​

​ការងារ​ដ៏​មមាញឹក និង​ធ្ងន់ធ្ងរ​របស់ Li អាច​ដើរ​ទៅមុខ​បាន ក៏​ដោយសារតែ​មានការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​លោក Xing ដែលជា​ស្វាមី​ផងដែរ​។ លោក Xing បាន​អះអាងថា លោក​សុខចិត្ត​លាឈប់​ពី​ការងារ​ដើម្បី​ជួយ​ដល់​ភរិយា​នៅពេលដែល​គាត់​ត្រូវ​ទៅ​ជួប​អ្នកជំងឺ​។​

Li បាន​ប្រាប់ People’ s Daily Online ថា គាត់​ពេញចិត្ត​ខ្លាំងណាស់​ចំពោះ​ការងារ​របស់ខ្លួន​ដែល​បាន​ជួយ​ព្យាបាល​មនុស្ស​រហូតដល់​ជិត​៦០០០​នាក់​។ គាត់​អះអាងថា​៖ «​ខ្ញុំ​គិតថា​នេះ​ជា​កិច្ច​ការដែល​ខ្ញុំ​ត្រូវធ្វើ​។ បើទោះបី​ជាមាន​បញ្ហា​មួយចំនួន​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​មិន​បោះបង់​ការងារ​ជា​គ្រូពេទ្យ​នៅ​ជនបទ​នោះឡើយ​»៕

​ 

© រក្សាសិទ្ធិដោយ thmeythmey.com