អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហ៊ី​ឡា​រី​គ្លី​ន​តុ​ន​,​ដូ​ណា​ល់​ត្រាំ​ទទួល​ជ័យជម្នះ​នៅ​ញូវយ៉ក​
20, Apr 2016 , 11:14 am        
រូបភាព
​បេក្ខជន​នាំមុខ​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន (Hillary Clinton) បាន​ផ្តួល​គូប្រជែង​លោកស្រី លោក ប៊ែ​នី សេន​ដឺ (Bernie Sanders) ក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​ទី ១៩ មេសា ម្សិលមិញ​នៅ​ញូវយ៉ក​។ ចំណែក​ក្នុង​បក្ស​សាធារណរដ្ឋ​ លោក ដូ​ណា​ល់ ត្រាំ (Donald Trump) នៅតែ​អាច​ដណ្តើមយក​ជ័យជម្នះ​បាន​ទៀត​។

​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​នៅ ញូវយ៉ក​ថ្ងៃ​អង្គារ​ទី ១៩ មេសា​ម្សិលមិញ​នេះ​។ លោកស្រី​បានទទួល​សំឡេងគាំទ្រ​រហូតដល់ ៥៧.៦​ភាគរយ ខណៈដែល​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont​លោក ប៊ែ​នី សេន​ដឺ​បានទទួល ៤២.៧​ភារ​គរ​យ​ប៉ុណ្ណោះ​។​
 
​គេ​វាយតម្លៃ​ជាមុន​ហើយ​ថា លោកស្រី​គ្លី​ន​តុ​ន មានលទ្ធភាព​ក្នុងការ​ទទួលជោគជ័យ​នៅ​ញូវយ៉ក ដែល​ប្រជាជន​ភាគច្រើន​គាំទ្រ​លោកស្រីស្រាប់​។ ក្រោយពេល​ប្រកាស​ពី​ជ័យជម្នះ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន​ញូវយ៉ក​ផងដែរ​ចំពោះ​ការគាំទ្រ​លោកស្រី​។ លោកស្រី​ថា​៖«  អរគុណ​អ្នក ញូវយ៉ក​។ អ្នកផ្តល់​ការជឿជាក់​របស់​អ្នក​មកដល់​ខ្ញុំ​កាលពី ១៦​ឆ្នាំមុន ហើយ​អ្នកធ្វើ​វា​ម្តងទៀត​នៅ​យប់​នេះ​ម្តងទៀត​។ ខ្ញុំ​នឹងមិន​បញ្ចប់​ការប្រឹងប្រែង​ធ្វើ​គ្រប់យ៉ាងដើម្បី​អ្នក​ឡើយ​»​។ 
 
​ដើម្បី​ឈ្នះ​ការតែងតាំង​ពី​បក្ស បេ​ក្ខ​ជ​បក្ស​ប្រជាធិបតេយ្យ​ត្រូវ​រក​តំណាង​របស់ខ្លួន​ឲ្យ​បាន ២៣៨៣ ហើយ​នៅពេលនេះ​តំណាង​ដែល​នៅសល់​សម្រាប់​ការ​ប្រជែង​គ្នា​រវាង​លោកស្រី គ្លី​ន​តុ​ន និង​លោក សេន​ដឺ​មាន​ត្រឹម ១៦៩២​នាក់​។ បច្ចុប្បន្ន​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានទទួល​អ្នកតំណាង​សរុប​ចំនួន ១៨៩៣​នាក់ រួចទៅហើយ ក្នុងចំណោម​នោះ​មាន​អ្នកតំណាង​ពិសេស (Super Delegate) ដែល​ប្រកាស​គាំទ្រ​លោកស្រី ចំនួន ៤៦៩​នាក់​។​
 
​លោក សេន​ដឺ ទើប​ទទួលបាន​អ្នកតំណាង​ចំនួន ១១៨០​នាក់ នៅឡើយ​។  នេះ​បង្ហាញ​ឲ្យ​ឃើញថា ជ័យជម្នះ​ជាថ្មី​នេះ ផ្តល់​ក្តីសង្ឃឹម​ច្រើន​សម្រាប់​លោកស្រី​ក្នុង​ការទទួល​បានការ​តែង​តាំងពី​បក្ស​នៅក្នុង​ខែកក្កដា​ខាងមុខ​ដែរ​។ 
 
​ចំណែក​នៅក្នុង​បក្ស​សាធារណរដ្ឋ​ឯណោះ​វិញ សេដ្ឋី​អចលនទ្រព្យ​លោក ដូ​ណា​ល់ ត្រាំ នៅតែមាន​លទ្ធភាព​ដណ្តើម​ជ័យជម្នះ​ជាថ្មីទៀត​ក្នុងការ​បោះឆ្នោត​ក្នុង​បក្ស​នៅ ញូវយ៉ក​។ សេដ្ឋី​រូបនេះ​អា​ចរក​សំឡេង​គាំទ្រ​បាន​រហូតដល់ ៦០ ភាគរយ ខណៈដែល​លោក ច​ន ខា​សិ​ក (John Kasich)   បាន​ត្រឹម ២៥.២ ហើយ​ចុងក្រោយ​លោក ថេត គ្រុស (Ted Cruz) បាន​សំឡេង ១៤.៨​ភាគរយ​ប៉ុណ្ណោះ​។ យោងតាម​ភាគរយ​នៃ​សំឡេងគាំទ្រ​លោក ដូ​ណា​ល់ ត្រាំ បានទទួល​តំណាង​ចំនួន ៨៩ ក្នុងចំណោម​អ្នកតំណាង​នៅ​ញូវយ៉ក​ចំនួន ៩៥​នោះ​។ 
 
​សូម​ពន្យល់​បន្តិច​ដែរ​ថា ដើម្បី​ទទួល​ការតែងតាំង​ពី​បក្ស​សម្រាប់ បេក្ខជន​បក្ស​សាធារណរដ្ឋ​ចាំបាច់​ត្រូវ​រក​ឲ្យ​បាន​តំណាង​សរុប​ចំនួន ១២៣៧ ។ បច្ចុប្បន្ន​លោក ដូ​ណា​ល់ ត្រាំ រកបាន​ចំនួន ៨៤៥ លោក ថេត គ្រុស រកបាន​៥៥៩  និង​ចុងក្រោយ​លោក ច​ន ខា​សិ​ក រកបាន​ចំនួន​១៤៧ ។  ចំនួន​អ្នកតំណាង​នៅ​សេសសល់​សម្រាប់​បេក្ខជន​ទាំងបី​ប្រជែង​គ្នា​ដណ្តើមយក​នោះ​មាន​ត្រឹម ៧៣៤ ប៉ុណ្ណោះ​៕

Tag:
 ហ៊ីឡារីគ្លីនតុន
 ដូណាល់ត្រាំ
  ញូវយ៉ក
© រក្សាសិទ្ធិដោយ thmeythmey.com