ជាតិ
តុលាការ​កោះហៅ ស្រីមុំ និង ធី សុវណ្ណ​ថា ឲ្យ​ចូល​បំភ្លឺ
20, Apr 2016 , 2:07 pm        
រូបភាព
ដោយ: ថ្មីៗ
 
​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ និង​កញ្ញា ធី សុវណ្ណ​ថា ត្រូវបាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យ​ចូល​បំភ្លឺ​។  ការកោះហៅ​នេះ ដើម្បី​សាកសួរ​ពី​រឿងរ៉ាវ ដែល​កញ្ញា ធី សុវណ្ណ​ថា បាន​ប្តឹង​ទៅកាន់​តុលាការ កន្លងមក​។​


​លោក កែវ សុជាតិ ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​ចំនួន​ពីរ ដើម្បី​កោះហៅ កញ្ញា ខុម ចាន់​តារា​ទី និង​កញ្ញា ធី សុវណ្ណ​ថា ឲ្យ​ចូលខ្លួន​បកស្រាយ នៅពេល​ខាងមុខនេះ​។ យោងតាម​ដីកាកោះ​ខាងលើ នារី​ទាំងពីរ​នេះ ត្រូវ​ចូលខ្លួន​ផ្តល់​ចម្លើយ​ដល់​ព្រះរាជអាជ្ញា នៅ​ថ្ងៃ​ផ្សេងគ្នា​។ 
 
​កញ្ញា ធី សុវណ្ណ​ថា ដែលជា​ដើមបណ្តឹង ត្រូវ​ចូលខ្លួន​នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ ។ ចំណែកឯ កញ្ញា ខុម ចាន់​តារា​ទី ដែល​គេ​សង្ស័យថា​ជា​តួអង្គ​ក្នុង​ខ្សែអាត់​សំឡេង ត្រូវ​ចូលទៅ​កាន់​តុលាការ នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ ។ 
 
​ការកោះហៅ​ពួកគេ​ទាំងពីរ គឺ​ដើម្បី​សាកសួរ​ពី​ដំណើរ​ដើមទង ដែល​កញ្ញា​ធី សុវណ្ណ​ថា ប្តឹង​ពីបទ «​បរិ​យា​ហារ​កេរ្តិ៍ តាមរយៈ​ខ្សែអាត់​សំឡេង ដែល​បង្ហោះ​ផ្សព្វផ្សាយ​ដោយ ទំព័រ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ រឿង​ពិត CNRP»​។  
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦ កញ្ញា ខុម ចាន់​តារា​ទី បាន​ចូលខ្លួន​ភ្លឺ​ម្តង​រួម​មកហើយ តាម​ដីកា​កោះហៅ​របស់លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ព្រះរាជអាជ្ញា​រូបនេះ បាន​ចំណាយពេល​ជាង​៤​ម៉ោង ដើម្បី​សួរនាំ​កញ្ញា ខុម ចាន់​តារា​ទី ពី​ខ្សែអាត់​សំឡេង​ក្នុង​ទូរ​សព្ទ និង​ទំនាក់ទំនង​រវាង​រូបនាង ជាមួយ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​៕
 
 
 

Tag:
 ស្រីមុំ​
  ធី សុវណ្ណ​ថា​
  ខ្សែអាត់
© រក្សាសិទ្ធិដោយ thmeythmey.com