អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​ប្រា​យុទ្ធ ចេញមុខ​ការពារ​តំណែង​យោធា​ក្មួយប្រុស​ថា​មិនមែនជា​«​គ្រួសារនិយម​ឡើយ​»
20, Apr 2016 , 3:18 pm        
រូបភាព
ដោយ:
​ថ្មីៗ​នេះ មាន​របាយការណ៍​បែកធ្លាយ​មួយ បង្ហាញថា​ប្អូនប្រុស​របស់លោក​នាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ច័ន្ទ អូ​ចា ដែលមាន​តំណែង​ជា​មន្ត្រី​យោធា​ជាន់ខ្ពស់ បានតែងតាំង​កូនប្រុស​របស់ខ្លួន​ក្នុង​តំណែង​ជាន់ខ្ពស់​យោធា​ផងដែរ​។ បញ្ហា​នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ច័ន្ទ អូ​ចា ចេញមុខ​ការពារ​ដោយ​លោក​ថា​វា​មិនមាន​ពាក់ព័ន្ធ​នឹង​រឿង​គ្រួសារនិយម​ឡើយ​។​



​លោកនាយក​រដ្ឋមន្ត្រីរ​ដ្ឋ​ប្រហារ​យោធា ប្រា​យុទ្ធ ច័ន្ទ អូ​ចា នៅ​ថ្ងៃទី​១៩ ខែមេសា ម្សិលមិញ​បានចេញ​មុខការ​ពារ​ប្អូនប្រុស​របស់លោក ដែល​រង​ពី​ការ​ចោទ​នៃ​គ្រួសារនិយម​នៅក្នុង​តំណែង​កងទ័ព​។ ប្រតិកម្ម នេះ ធ្វើឡើង​ក្រោយពី​មានការ​បែក​ធា្ល​យ​ឯកសារ​សំងាត់​ដែល​បង្ហាញថា​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រ៊ី​ចា ច័ន្ទ អូ​ចា ដែលជា​ប្អូនប្រុស​លោក ប្រា​យុទ្ធ ច័ន្ទ អូ​ចា បានផ្តល់​តំណែង​កងទ័ព​មួយ​ដល់​កូនប្រុស​ខ្លួន ។​

​ឯកសារ​បែកធ្លាយ ដែល​ចុះហត្ថលេខា​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រ៊ី​ចា ច័ន្ទ អូ​ចា ដែលមាន​តំណែង​ជា​លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួងការពារជាតិ​ថៃ នោះ បាន​និយាយថា​លោក ប៉ា​ទី​ប៉ាត ច័ន្ទ អូ​ចា ដែលមាន​អាយុ​២៥​ឆ្នាំ នឹង​កាន់តំណែង​កិច្ចការ​ស៊ីវិល​ក្នុង​កងទ័ព​ភូមិភាគ​៣ ដែលមាន​ប្រាក់ខែ​ប្រមាណ ១៥០០០​បាត​។ នេះ​បើ​យោងតាម​ដកស្រង់​ដោយសារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​។​

​ជុំវិញ​បញ្ហា​នេះ លោក ប្រា​យុទ្ធ បាន​បញ្ជាក់ថា វា គ្រាន់​ជា​បញ្ហា​តូច​មួយ និង​ជាការ​តែងតាំង​ដ៏​សាមញ្ញ​មួយ​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​ដែល​បាន​ដកស្រង់​សម្តី លោក ប្រា​យុទ្ធ ដែរ​ថា ការតែងតាំង​កូនចៅ​ជំនាន់​ក្រោយ​ក្នុង​កងទ័ព ក៏​ព្រោះតែ​គេ​អាច​បង្កើន​ការទុកចិត្ត​ពីអ្វី​ដែល​ឪពុកម្តាយ​ពួកគេ បានធ្វើ​កន្លងមក​សម្រាប់​ប្រទេស​។ លោក ប្រា​យុទ្ធ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​យ៉ាងខ្លី​ចុងក្រោយ​ថា «​អ្វី​គ្រប់យ៉ាង គឺ​ស្របច្បាប់ និង​ត្រឹមត្រូវ​»​។​

​ជាមួយគ្នានេះដែរ នៅ​ថ្ងៃទី​១៨ ខែមេសា​កន្លងទៅ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រ៊ី​ចា ច័ន្ទ អូ​ចា ក៏បាន​ការពារ​ចំពោះ​តំណែង​នោះដែរ​។ លោក ថា​កូនប្រុស​របស់លោក អាច​នឹងខ្វះ​ខាត​នូវ​បទពិសោធន៍​ផែ្ន​ក​យោធា តែ សក្តិសម​នឹង​តំណែង​នោះ ដ្បិត​កូនប្រុស​លោក ធ្លាប់មាន​បទពិសោធន៍​ធ្វើការ​ក្នុង​កិច្ចការ​ទំនាក់ទំនង​សាធារណៈ​ផងដែរ​។

​លោក ប្រ៊ី​ចា ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា ប្រហែល​គ្រួសារ​ត្រកូល «​ច័ន្ទ អូ​ចា​» មានការ​ចាប់អារម្មណ៍​ពី​សាធារណៈហើយ​បានជា​មានការ​ចោទ​បែបនេះ​។ លោក ថា មានកូន​មន្ត្រី​យោធា​ជាន់ខ្ពស់​ជាច្រើន​បាន​ចូល​ជា​បម្រើការ​ជា​កងទ័ព នៅពេល​មានការ​ជ្រើសរើស​។

​សូមបញ្ជាក់​ផងដែរ​ថា លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ អូ​ចា ដែលជា​មេបញ្ជាការ​កំពូល​កងទ័ព​ថៃ បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី ក្រោយពី​មាន​រដ្ឋប្រហារ​យោធា​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ ។ ក្រោម​ការដឹកនាំ​ដោយ​របប​សឹក​នេះ មានការ​លើក​ចោទ​ជាច្រើន​ទាក់ទង​នឹង​បញ្ហា​គ្រួសារនិយម និង បញ្ហា​ពុករលួយ​ដោយ​មន្ត្រី​យោធា​ជាន់ខ្ពស់ តែ​បញ្ហា​នោះ ក៏​ត្រូវបាន​ច្រានចោល​ជា​បន្តបន្ទាប់​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com