អន្តរជាតិ
ឡាវ​ជ្រើស​បាន​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ថ្មី​
20, Apr 2016 , 4:03 pm        
រូបភាព
​សភាជាតិ​ឡាវ​បានសម្រេច​រើស​មេដឹកនាំ​ប្រទេស​សម្រាប់​អាណត្តិ​ថ្មី​រួចរាល់​ហើយ​នៅក្នុង​កិច្ចប្រជុំ​អាណត្តិ​ទី​៨​របស់ខ្លួន​។ អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ឡាវ​លោក ប៊ុន​ញ៉ា​ង វ​រ៉ា​ជិត ត្រូវបានតែងតាំង​ជា​ប្រធានាធិបតី ខណៈ​លោក ថង​លួ​ន ស៊ី​សូលី​ត ត្រូវ​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ផងដែរ​។



​ជាង​បួន​ខែក្រោយ​សន្និបាត​បក្ស​កុម្មុយនីស្ត​ឡាវ​នៅ​ខែមករា សភាជាតិ​ឡាវ​បាន​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​សម្រាប់​ដឹកនាំ​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល ដែល​រួមមាន​តំណែង​ប្រធានាធិបតី និង​តំណែង​នាយករដ្ឋមន្ត្រី​។ ការតែងតាំង​នេះ ជា​សញ្ញា​បង្ហាញ​ពី​ការបន្ត​សកម្មភាព​អាថ៌កំបាំង​របស់​ផ្ទៃក្នុង​បក្ស​កុម្មុយនីស្ត​ឡាវ ដែល​គ្រប់គ្រង​ប្រទេស​ចាប់តាំងពី​ចប់​សង្គ្រាម​វៀតណាម​មក​។​

​នៅក្នុង​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​២០ ខែមេសា ដែល​ផ្សាយ​តាម​ទូរទស្សន៍​ផង​នោះ ប្រធាន​សភាជាតិ​លោកស្រី  Pany Yathotou ប្រកាសថា អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ឡាវ​លោក ប៊ុន​ញ៉ា​ង វ​រ៉ា​ជិត (Bounnhang Vorachit) ត្រូវបាន​សមាជិក​ឯក​ភាព​ឲ្យ​កាន់តំណែង​ជា​ប្រធានាធិបតី​ជំនួស​លោក ជុំ​ម៉ាលី សា​យ៉ា​សន​ ( Choummaly Sayasone)។

​ជាមួយគ្នានេះ សភាជាតិ​ដែលមាន​សមាជិក​១៤៩​រូប ក៏បាន​សម្រេច​ជ្រើសរើស​ឧបនាយករដ្ឋមន្ត្រី​លោក ថង​លួ​ន ស៊ី​សូលី​ត (Thongloun Sisoulith) ជា​នាយករដ្ឋមន្ត្រី​ថ្មី​ផងដែរ​។ លោក ថង​លួ​ន ដែលជា​រដ្ឋមន្ត្រី​ការ​បរ​ទស​ដែរនោះ ត្រូវ​បន្តវេន​ពី​លោក ថុង​ស៊ី​ង ថា​ម៉ា​វង្ស (Thongsing Thammavong)​។ 

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដំណើរការ​បោះឆ្នោត​និង​ជ្រើសរើស​ក្នុង​សភាជាតិ​ឡាវ ធ្វើទៅ​ក្នុង​រង្វង់​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ​។ បន្ទាប់ពី​ត្រូវបាន​ជ្រើសរើស​ជា​ប្រធានាធិបតី​លោក ប៊ុន​ញ៉ា​ង វ​រ៉ា​ជិត និយាយថា លោក​នឹង​ប្រឹងប្រែង​ដើម្បី​គោលនយោបាយ​សន្តិភាព​លើ​ឆាក​អន្តរជាតិ ការបង្រួបបង្រួម  មិត្តភាព និង​សហប្រតិបត្តិ​ការល្អ​។  

​សូម​រម្លឹកថា ឡាវ​ជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុងចំណោម​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​ល្អ​ដទៃទៀត​។ ថ្វីបើ​ពុំមាន​ព្រំដែន​សមុទ្រ​ក៏ដោយ ឡាវ​មាន​កំណើន​GDP ដល់​ទៅ​៧​ភាគរយ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយសារតែ​ឡាវ​អាច​ផលិត​ថាមពលអគ្គីសនី​យ៉ាងច្រើន​លក់​ទៅ​ឲ្យ​អ្នកជិតខាង ជាពិសេស​ថៃ​តែម្ដង​។​

​ទាក់ទិន​នឹង​បញ្ហានយោបាយ​វិញ ឡាវ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​វៀតណាម ព្រោះ​មាន​របប​នយោបាយ​កុម្មុយនីស្ត​ដូចគ្នា​។ ប៉ុន្តែ​មួយរយៈ​ក្រោយមក ចិន​ក៏​ជ្រៀត​ចូលមក​បញ្ចូល​ឥទ្ធិពល​របស់ខ្លួន​ផងដែរ​៕ 


Tag:
 ឡាវ​
© រក្សាសិទ្ធិដោយ thmeythmey.com