អន្តរជាតិ
អាមេរិក​-​កូរ៉េខាងត្បូង​-​ជប៉ុន ព្រមព្រៀង​ចាត់វិធានការ​ប្រឆាំង​ការបង្ក​ហេតុ​កូរ៉េខាងជើង​
20, Apr 2016 , 4:58 pm        
រូបភាព
ដោយ:
​មន្ត្រីការទូត​ជាន់ខ្ពស់​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង បាន​ព្រមព្រៀងគ្នា​ក្នុងការ​ចាត់វិធានការ​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​កូរ៉េខាងជើង ប្រសិន​នៅតែ​បន្តសកម្មភាព​បង្កហេតុ​បន្ថែមទៀត​។ ជំនួប​នេះ​ធ្វើឡើង​បន្ទាប់ ពី​មានការ​លេចចេញ​នូវ​របាយការណ៍​ចារកម្ម​មួយ​ដែល​បាន​បង្ហាញថា​កូរ៉េខាងជើង​ត្រៀម​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី​ប្រាំ​។



​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken រួមជាមួយ​សម​ភាគី​លោក លោក​អនុរដ្ឋមន្ត្រី​ការបរទេស ជប៉ុន Akitaka Saiki  និង​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង Lim Sung-nam  នៅ​ថ្ងៃទី​១៩ ខែមេសា ម្សិលមិញ បាន​ជួប​ពិភាក្សាគ្នា​ក្នុង​ក្រុង​សេ​អ៊ូ​ល​លើ​ស្ថានភាព​វិ​វត្ត​ចុងក្រោយ​នៅក្នុង​ឧបទ្វីប​កូរ៉េ​។ នេះ បើ​យោងតាម​សារព័ត៌មាន​រុស្ស៊ី Sputnik International ដែល​បាន​ដកស្រង់​ពី​វិទ្យុ KBS World Radio ។

​ក្នុងជំនួប​នោះ ភាគី​ទាំងបី បាន​ថ្លែងការណ៍​ថ្កោលទោស​យ៉ាងខ្លាំង​លើ​សកម្មភាព​ដ៏​គឃ្លើន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​។ នេះ​បើ​យោង​ប្រភពព័ត៌មាន​ដដែល ដែល​បាន​ដកស្រង់​សម្តី​លោក​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង Lim Sung-nam ដែរ​ថា សហគមន៍​អន្តរជាតិ មិនគួរ​លើកលែង​សកម្មភាព​បង្កហេតុ​របស់​កូរ៉េខាងជើង​ឡើយ ហើយ​កូរ៉េខាងជើង អាច​ប្រឈម​នូវ​ទណ្ឌកម្ម និង​ការ​ទុក​ឲ្យ​នូវ​ឯកា​ពី​សហគមន៍​អន្តរជាតិ​ផងដែរ​។

​សូមបញ្ជាក់​ផងដែរ ថ្មីៗ​នេះ មាន​របាយការណ៍​ចារកម្ម​មួយ​ដែល​ចុងក្រោយ​ត្រូវបាន​ទទួលស្គាល់​ដោយ​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​បង្ហាញថា កូរ៉េខាងជើង កំពុងតែ​ត្រៀម​បាញ់​សាកល្បង​អាវុធ​នុយ​ក្លេ អ៊ែរ​លើក​ទី​៥​មុនពេល​នៃ​សមាជជាតិ​របស់ខ្លួន​ដែល​សកម្មភាព​នេះ បាន​បំពាន​ទៅនឹង​បម្រាម​របស់​អង្គការសហប្រជាជាតិ​ជាថ្មី​។ ការបាញ់​លើក​ទី​៤​របស់​កូរ៉េខាងជើង ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​០៦ ខែ មករា​កន្លងទៅ​។

​សូម​រម្លឹក​ផងដែរ​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​នៅ​ថ្ងៃទី​០២ ខែមីនា​បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​ថ្មី​មួយទៀត​ប្រឆាំង​សកម្មភាព​ដ៏​គឃ្លើន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ថ្ងៃទី​០៦ ខែមករា និង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ សេចក្តីសម្រេច​លេខ​២២៧០ ដែល​បាន​បញ្ញា​ត្តិ​៥២​ចំណុច​នោះ ត្រូវបាន​ចាត់ទុកថា​ជា​ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​បន្ថែម​លើ​ទណ្ឌកម្ម​ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​កន្លងមក​៕


Tag:
 អាមេរិក​
  ​កូរ៉េខាងត្បូង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com