អន្តរជាតិ
កូរ៉េខាងជើង មិន​ចង់​រៀន​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់​
20, Apr 2016 , 5:24 pm        
រូបភាព
​មន្ត្រី​ទូត​ជាន់ខ្ពស់​របស់​អាមេរិក​ចង់​ឲ្យ​កូរ៉េខាងជើង​រៀនសូត្រ​ពី​ប្រទេស​អ៊ីរ៉ង់​ដែល​បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មហាអំណាច​ពិភពលោក​ដើម្បី​លះបង់​អាវុធ​នុយក្លេអ៊ែរ​។ បើសិន​កូរ៉េខាងជើង​មាន​ឆន្ទៈ​ចង់​ចរចា​និង​ឆ្លើយតប​តាម​ការទាមទារ​របស់​សហគមន៍​អន្តរជាតិ អាមេរិក​នឹង​ត្រៀមខ្លួន​ភ្ជាប់​ទំនាក់ទំនង​។ កន្លងមក​កូរ៉េខាងជើង​បាន​ព្រមាន​ហើយ​ថា គ្មាន​ថ្ងៃ​ដែល​ខ្លួន​ត្រូវ​ឱនក្បាល​ដាក់​មហាអំណាច​ដូចជា​អាមេរិក  ដោយ​លះបង់​អាវុធ​ដែល​ខ្លួន​ខំ​ផលិត​រាប់​ឆ្នាំ​ដើម្បី​ការពារ​អធិបតេយ្យ​និង​បូរណភាព​ដែនដី​ឡើយ​។ នេះ​បញ្ជាក់ថា ក្រុង​ព្យុងយ៉ាង មិន​ចង់​រៀនសូត្រ​ពី​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​ទោះ​វា​ល្អ​ប៉ុណ្ណា​ក៏ដោយចុះ ។

 


​សូម​ស្តាប់​ការ​ស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



​បញ្ហា​នុយក្លេអ៊ែរ​ឧបទ្វីប​កូរ៉េ​នៅតែ​ជា​រឿង​ក្តៅ​និង​ពិបាក​ដោះស្រាយ​បំផុត​ដែរ​។ ក្រោយ​ក្រុង​ព្យុងយ៉ាង​បាញ់​សាកល្បង​អាវុធ​អ៊ីដ្រូសែន​ដើមខែ​មករា​ឆ្នាំនេះ និង​បន្ត​បាញ់​គ្រាប់​រ៉ុក្កែត​ក្នុង​ខែកុម្ភៈ​បន្តបន្ទាប់ ប្រទេសជិតខាង រួមទាំង​សហរដ្ឋអាមេរិក​ផង​នោះបាន​បង្ហាញ​ក្តីបារម្ភ​ខ្លាំង ហើយ​សហគមន៍​អន្តរជាតិ​ក៏បាន​ជំរុញ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំង​របប​ក្រុង​ព្យុងយ៉ាង ថែមទៀត​ដែរ​។ គេ​ឃើញ​មហា​យក្ស​ចិន​និង​អាមេរិក​ព្រាង​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​រួមគ្នា​សម្តៅ​ដល់​ការដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង​ផង​។​

​ក្រៅពី​ប្រើប្រាស់​វិធានការ​ក្តៅ​ដូចជា​ដាក់ទណ្ឌកម្ម​ដើម្បី​កំញើញ​កូរ៉េខាងជើង មហាអំណាច​ដូចជា​អាមេរិក​ក៏​ចង់​ឲ្យ​របប​ដឹកនាំ​លោក គីម ជុង​អ៊ុន ព្រម​ត្រលប់​ចូល​តុ​ចរចា​ដើម្បី​ឈានទៅ​បង្កើត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដូច​អ៊ីរ៉ង់​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​ដែរ​។

១. កូរ៉េខាងជើង​គួរ​រៀន​ពី​អ៊ីរ៉ង់​?
​ថ្ងៃ​អង្គារ​ទី ១៩​មេសា ម្សិលមិញ​នេះ អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken  បាន​ព្រលយ​ពាក្យ​ថា រដ្ឋ​ឯកោ​កូរ៉េខាងជើង​គួរតែ​រៀនសូត្រ​ពី​អ៊ីរ៉ង់​ដែល​ព្រម​លះបង់​បំណង​ផលិត​អាវុធ​នុយក្លេអ៊ែរ ដោយ​ដាក់​កម្រិត​លើ​ការប្រើប្រាស់​កម្មវិធី​នុយក្លេអ៊ែរ​នោះ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុងពេល​លោក​ស្ថិតនៅ​ទីក្រុង​សេ​អ៊ូ​ល មន្ត្រី​ទូត​ជាន់ខ្ពស់​ខាងលើ​ថ្លែងថា​៖« អ៊ីរ៉ង់​បាន​បង្កើត​ជម្រើស​ដ៏​សំខាន់​មួយ​។ ប្រទេស​នេះ​សម្រេច​ផ្អាក​ដំណើរការ​កម្មវិធី​នុយក្លេអ៊ែរ​និង​អនុញ្ញាត​ឲ្យ​មានការ​ត្រួត​ពិនិត្យមើល​និង​ឈានទៅ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពេញលេញ​មួយ​»​។ លោក​បន្ថែមថា វា​ជា​ក្តីសង្ឃឹម​របស់​អាមេរិក​ដែលថា ជម្រើស​របស់​អ៊ីរ៉ង់​នឹង​ញាំ​ង​ឲ្យ​កូរ៉េខាងជើង​ធ្វើតាម​ដែរ​។ លោក​ក៏​ពន្យល់​ផងដែរ​ថា ការវិវត្ត​នៃ​ចំណង​ការទូត​រវាង​អាមេរិក​និង គុយបា ក៏ដូចជា​ជាមួយ​មី​យ៉ាន់​ម៉ា​កន្លងទៅ​សុទ្ធតែ​បង្ហាញ​ច្បាស់​ពី​ឆន្ទៈ​របស់​អាមេរិក​ក្នុង​ការបន្ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយរ​ដ្ឋ​ដូចជា​កូរ៉េខាងជើង​នេះ​។ ប៉ុន្តែ​ការរៀនសូត្រ ឬ​ធ្វើតាម​អ៊ីរ៉ង់​នោះ​វា​មិនមែនជា​ជម្រើស​ដែល​កូរ៉េខាងជើង​ចង់បាន​ឡើយ ហើយ​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​ខ្លះ​ក៏​មិន​ជឿថា សេណា​រី​យ៉ូ​ដូច​កិច្ចចរចា​កម្មវិធី​នុយក្លេអ៊ែរ​ដូច​អ៊ីរ៉ាក់​អាច​ប្រើប្រាស់​ក្នុងស្ថានភាព​កូរ៉េខាងជើង​បច្ចុប្បន្ន​ដែរ​។​

២. បញ្ហា​កូរ៉េខាងជើង និង​អ៊ីរ៉ង់​ជា​រឿង​ពីរ​ខុសគ្នា ?
 ជុំវិញ​បញ្ហា​ដែលថា តើ​សេណា​រី​យ៉ូ​ចរចា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​អាច​យកមកប្រើ​ប្រាស់​ក្នុងករណី​សំណុំរឿង​កូរ៉េខាងជើង ឬ​អត់​នោះ លោកស្រី​អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​ការគ្រប់គ្រង​អាវុធ​និង​សន្តិសុខ​អន្តរជាតិ Rose Gottemoeller  ធ្លាប់​ពន្យល់ថា «​រឿង​ពីរ​នេះ​ជា​រឿង​ខុសស្រឡះ​ពីគ្នា​»​។  បើ​ក្រឡេកមើល សំណុំរឿង​អ៊ីរ៉ង់ រដ្ឋ​ឥស្លាម​នេះ​មាន​ឆន្ទៈ​ខ្ពស់​ចង់ភ្ជាប់​ខ្លួន​ជាមួយ​សហគមន៍​អន្តរជាតិ​បញ្ចប់​ភាព​ឯកោ​លើ​ឆាក​អន្តរជាតិ​។ អ៊ីរ៉ង់​ចង់​មាន​សេដ្ឋកិច្ច​ប្រសើរ និង​អភិវឌ្ឍ​ទៅមុខ​។ ផ្ទុយទៅវិញ រដ្ឋ​កូរ៉េខាងជើង គ្មាន​ឆន្ទៈ​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពិភព​ខាងក្រៅ​ឡើយ ទោះជា​រដ្ឋ​នេះ​រង​ទណ្ឌកម្ម​ហើយ​ប្រជាជន​រងទុក្ខវេទនា​ក៏ដោយចុះ​។ ប្រទេស​នេះ​ធ្លាប់មាន​លទ្ធភាព​ចូលរួម​ក្នុង​តុ​ចរចា​រឿង​កម្មវិធី​នុយក្លេអ៊ែរ​ច្រើនដង​ដែរ ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​ដើរចេញ​និង​បោះបង់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ធ្លាប់​កសាងបាន​កន្លងមក​ក្នុងការ​បញ្ចប់​ការផលិត​អាវុធ​នុយក្លេអ៊ែរ​។​

​កាលពី​ឆ្នាំ ២០០៣ វេទិកា​ពហុភាគី​«​កិច្ចពិភាក្សា​ភាគី ៦»​ត្រូវបាន​បង្កើតឡើង​ដើម្បី​រក​ដំណោះស្រាយ​ឈានទៅ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​ក្រុង​ព្យុងយ៉ាង​។ ភាគី​៦ រួមមាន ចិន កូរ៉េ​ទាំងពីរ អាមេរិក រុស្ស៊ី និង​ជប៉ុន​ផង​។  ប៉ុន្តែ​ក្រោយមក​ការជជែក​គ្នា ស្រាប់តែ​ជាប់គាំង​ក្នុង​ឆ្នាំ​២០០៩ ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ដើរចេញ​ពី​តុ​ចរចា ហើយ​ស្រាប់តែ​ប្រឹង​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ច្រើនសន្ធឹក​ដើម្បី​ផលិត​អាវុធ​ទៅវិញ​។ បន្ត​បន្ទាប់មក ក្រុង​ព្យុងយ៉ាង​ចាប់ផ្តើម​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ច្រើន​ដើម នៅ​ឆ្នាំ ២០១២ និង​ដើមឆ្នាំ ២០១៣ ហើយ​បន្ត​មកដល់​ការបាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​និង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ផ្សេងទៀត​ចាប់ពី​ដើមឆ្នាំ ២០១៦​កន្លងមកនេះ​។ នេះ​អាច​និយាយបានថា ដើម្បី​ទាញ​ក្រុង​ព្យុងយ៉ាង​មកកាន់​តុ​ចរចា​និង​ជជែក​គ្នា​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ ជា​រឿង​ស្មុគស្មាញ​និង​លំបាក​បំផុត​មួយ​។ ហើយ​វា​ចាំបាច់​ត្រូវមាន​វិធីសាស្ត្រ​ផ្សេង​ពី​វិធីសាស្ត្រ​ដែល​សហគមន៍​អន្តរជាតិ​ប្រើប្រាស់​ជាមួយ​របប​ដឹកនាំ​ក្រុង​តេ​ហ​រ៉ង់​។​

៣.​គ្មាន​ពេលដែល​កូរ៉េខាងជើង​ត្រូវ​ឱនក្បាល​លះបង់​អាវុធ​នុយក្លេអ៊ែរ​?
​ក្រុង​ព្យុងយ៉ាង​តាំងពីដើម​មក​មិនដែល​បង្ហាញ​ជំហរ​លះបង់​ចោល​អាវុធ​ដែល​ខ្លួន​ផលិត​បានឡើយ​។ កាលពី​ឆ្នាំមុន កូរ៉េខាងជើង​ក៏​ធ្លាប់​ប្រកាស​ម្តង​ហើយ​ថា វា​គ្មានអ្វី​ត្រូវ​ចាប់អារម្មណ៍​សោះ ចំពោះ​ការលះបង់​សិទ្ធិ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ឡើយ​។ ហើយ​ក្រុង​ព្យុងយ៉ាង​ក៏​ព្រលយ​ពាក្យ​ថា គ្មាន​ថ្ងៃ​ដែល​ខ្លួន​ត្រូវ​ឱនក្បាល​ដាក់​មហាអំណាច​ដូច​អាមេរិក ដោយ​សុខចិត្ត​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែរ​ដូច​អ៊ីរ៉ង់ ព្រោះ​វា​មិន​ចំណេញ​អ្វី​សូម្បីតែ​បន្តិច​។​

 អាវុធ​នុយក្លេអ៊ែរ​ជា​អាវុធ​យុទ្ធសាស្ត្រ​យ៉ាងសំខាន់​បំផុត​មួយ​សម្រាប់​ប្រទេស​ដែល​ឯកោ​បំផុត​ដូចជា​កូរ៉េខាងជើង​នេះ ដើម្បី​ប្រើប្រាស់​ទប់ទល់​ជាមួយ​គោលនយោបាយ​អាមេរិក ដែល​តែងតែ​ប៉ុនប៉ង​ផ្តួលរំលំ​របប​ដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង​។

​ជានិច្ច​ជា​កាល កូរ៉េខាងជើង​ចាត់ទុក ការ​លូកដៃ​របស់​ក្រុង​វ៉ាស៊ីនតោន​នៅ​ឧបទ្វីប​កូរ៉េ​ដូចជា ជួយ​គាំទ្រ​កូរ៉េខាងត្បូង និង​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​រួមជាមួយ​កូរ៉េខាងត្បូង​ជាដើម​នោះ ជា សកម្មភាព​បង្កបញ្ហា​នៅ​តំបន់​។ ហើយ​ក្រុង​ព្យុងយ៉ាង​ក៏​យល់ថា បើសិនជា​ខ្លួន​គ្មាន​អាវុធ​នុយក្លេអ៊ែរ មិនដឹង​ជា​អាមេរិក​ធ្វើ​អ្វីខ្លះ​នៅ​កូរ៉េខាងជើង​ទេ​។  កន្លងមក​គេ​សង្កេតឃើញ​កូរ៉េខាងជើង​មានលទ្ធភាព​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន​ដើម្បី​កំញើញ​អាមេរិក​ម្តងម្កាល​ដែរ ហើយ​របប​នេះ​ក៏​ឆ្លៀត​បាញ់​សាកល្បង​អាវុធ​គ្រប់​ធុន ដើម្បី​ដាក់​សម្ពាធ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្តល់ជំនួយ​ដល់​ខ្លួន​ថែមទៀត ៕


© រក្សាសិទ្ធិដោយ thmeythmey.com