ជាតិ
សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ឡើង​១១​លេខ ហើយ​នៅតែ​ប្រសើរ​ជាងគេ​នៅ​អាស៊ាន​
03, May 2016 , 9:50 am        
រូបភាព
ដោយ: រួបរួម
 ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ឡើង​ពី​ចំណាត់ថ្នាក់​លេខ​១៣៩​នៅ​ឆ្នាំ​២០១៥ មក​លេខ​១២៨​ក្នុងចំណោម​១៨០​ប្រទេស​នៅ​ឆ្នាំ​២០១៦ ។ នេះ​បើតាម​របាយការណ៍ 2016 World Press Freedom Index របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (Reporters Without Borders) ដែល​ទើបតែ​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​២០ ខែមេសា​។

 
​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បានផ្តល់​០,២៩​ពិន្ទុ​បន្ថែម​ដល់​កម្ពុជា ដើម្បី​ទទួលបាន​ពិន្ទុសរុប ៤០,៩៩ សម្រាប់​ឆ្នាំ​២០១៦​។ ពិន្ទុសរុប​នេះ​នាំ​ឲ្យ​សេរីភាព​សារព័ត៌មាន​កម្ពុជា​ឡើង​ចំណាត់ថ្នាក់​១១​លេខ ដោយ​ពី​១៣៩ មក​១២៨ ក្នុងចំណោម​១៨០​ប្រទេស​។​
 
​សម្រាប់​ប្រទេស​នៅ​តំបន់​អាស៊ាន កម្ពុ​ជាមាន​ចំណាត់ថ្នាក់​ល្អប្រសើរ​ជាងគេ​ដោយ​ស្ថិតនៅ​លេខ​១២៨ ដោយ​នាំមុខ​ប្រទេស​៩​ផ្សេងទៀត ដែលមាន​រួមមាន ឥណ្ឌូនេស៊ី (១៣០) ថៃ (១៣៦) ហ្វីលីពីន (១៣៨) មី​យ៉ាន់​ម៉ា (១៤៣) ម៉ាឡេស៊ី (១៤៦) សឹង្ហ​បុរី (១៥៤) ប្រ៊ុយណេ (១៥៥) ឡាវ (១៧៣) និង​វៀតណាម (១៧៥) ។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន នៅតែ​កត់សម្គាល់​ឃើញថា សារព័ត៌មាន​ជាច្រើន​នៅ​កម្ពុជា​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ដោយ​ប្រយោល ហើយ​អ្នកកាសែត​នៅតែមាន​បញ្ហា​នៅពេល​ចុះ​យក​ព័ត៌មាន​ទាក់ទង​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់ ការ​ជូ​ញ​ដូរ​ធនធានធម្មជាតិ​ផ្សេងៗ ជាដើម​។ ការចោទប្រកាន់​ពីបទ​បរិហារកេរ្តិ៍​ក៏​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​ព្រួយបារម្ភ​ផងដែរ​៕
 

Tag:
 អ្នកកាសែត​គ្មាន​ព្រំដែន​
  សេរីភាព​សារព័ត៌មាន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com