ជាតិ
រដ្ឋមន្ត្រីដឹកជញ្ជូននឹងត្រួតពិនិត្យការអ៊ុតគំនូសចរាចរផ្ទាល់ នៅយប់ស្អែក
22, Apr 2016 , 8:03 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជួន រួមទាំងក្រុមការងាររបស់ខ្លួន នឹងចុះទៅត្រួតពិនិត្យការអ៊ុតគំនូសចរាចរណ៍ចំនួនពីរខ្សែក្នុងរាជធានីភ្នំពេញ នៅពេលយប់ ថ្ងៃទី២៣ ខែមេសា​ ឆ្នាំ២០១៦។ ការចុះត្រួតពិនិត្យនេះ នឹងត្រូវចំណាយពេល ៨ម៉ោង គឺចាប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៥ ទាបភ្លឺ។



ផ្លូវទាំងពីរខ្សែ ដែលនឹងត្រូវត្រួតពិនិត្យនោះគឺ ខ្សែទី១ ជាមហាវិថីសុរាម្រិត ចាប់ពីមហាវិថីសម្តេចសុធារស រហូតដល់ រង្វង់មូលវិមានឯករាជ្យ។ ចំណែកឯខ្សែទី២ គឺមហាវិថីព្រះនរោត្តម ចាប់ពីរង្វល់មូលវត្តភ្នំ រហូតដល់រង្វង់មូលវិមានឯករាជ្យ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ។

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីបញ្ចប់ដំណាក់កាលទី១នៃការអ៊ុតគំនូសចរាចរណ៍ទាំងពីរខាងលើរួចហើយ ក្រសួងសាធារណការ នឹងសហការជាមួយសាលារាជធានីភ្នំពេញ ដើម្បីបន្តអ៊ុតគំនូសចរាចរណ៍លើផ្លូវផ្សេងៗទៀត។ ប្រតិបត្តិការនៃការអ៊ុតគំនូសចរាចរណ៍ គឺដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ក្នុងរាជធានីភ្នំពេញ ឲ្យកាត់តែមានភាពល្អប្រសើរឡើង៕

Tag:
 ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com