ភ្នំពេញ៖ រឿងខ្លីខាងក្រោមនេះ គឺជាប្រភេទអត្ថបទប្រឌិតឡើងដោយអ្នកនិពន្ធ តែវាបានបង្ហាញការពិតរបស់សង្គមមួយចំនួនធំនៅក្នុងពិភពលោក ក្នុងនោះ មានប្រទេសកម្ពុជាផងដែរ។ តើឪពុក «ពុករលួយ» តែកូនប្រឆាំងអំពើពុករលួយ…មានប្រសិទ្ធិភាពប៉ុនណា?
កញ្ញា សុភី ដែលជានិស្សិតឆ្នាំទី១ផ្នែកគ្រប់គ្រងនៅសកលវិទ្យាល័យមួយនៅទីក្រុងភ្នំពេញ មិនចូលចិត្តនឹងអំពើពុករលួយទាល់តែសោះ។ និស្សិតរូបនេះ តែងតែប្រឆាំងអំពើពុករលួយនៅតាមកម្មវិធីផ្សេងៗជាមួយនិស្សិតដទៃ និងអង្គការដទៃទៀតដែរ។ សុភី គឺជាសកម្មជនម្នាក់ដ៏សកម្មក្នុងការបោសសម្អាតអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។
ជារៀងរាល់ព្រឹកនាងធ្វើដំណើរទៅសាលាជាមួយកូនឡានរបស់នាង និងមានថវិកា១០ដុល្លារសម្រាប់ចាយវាយក្នុងមួយថ្ងៃ។ សុភី ជានិស្សិតរៀនពូកែក្នុងថ្នាក់ ពូកែវោហារ និងមានចិត្តបរិសុទ្ធចង់ប្រឆាំងអំពើពុករលួយ ព្រោះនាងយល់ថា ប្រសិនបើមានអំពើពុករលួយ វានឹងមានអំពើយុត្តិធម៌, វានឹងមានអ្នកមាន និងអ្នកក្រ, ហើយចំនួនអ្នកក្រអាចកើនឡើងកាន់តែច្រើនជាងមុន។ ម្យ៉ាងវិញទៀត វានឹងបង្កើតវិសមភាពក្នុងសង្គមកាន់តែខ្លាំង ហើយឈានទៅរកកលិយុគនៅថ្ងៃណាមួយនៅក្នុងប្រទេសជាក់ជាពុំខាន។
សុភី មានបងប្អូន៤មា្នក់។ ម្នាក់ៗមានរថយន្តមួយសម្រាប់ធ្វើដំណើរ។ ទីធ្លារនៃភូមិគ្រឹះ សុភី ពោរពេញទៅដោយដើមឈើ ត្រជាក់ត្រឈឹងត្រឈៃ រីឯក្នុងផ្ទះវិញ គ្រឿងសង្ហារឹមប្រណិតបានបង្ហាញខ្លួននៅក្នុងគ្រប់បន្ទប់ទាំងអស់។
ថ្ងៃមួយពេលត្រឡប់មកពីធ្វើយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយជាមួយអង្គការវិញ សុភី ក៏មានពេលសំណេះសំណាលជាមួយឪពុករបស់ខ្លួនដែលជាមន្ត្រីរាជការឋានៈគ្រាន់បើតាំងពីឆ្នាំ១៩៧៩មក ដោយ សុភី សួរសំណួរទៅកាន់ឪពុកថា តើការងាររបស់ពុកលំបាកទេ? ឪពុកឆ្លើយវិញថា ការងារអ្វីក៏មិនដែលស្រួលដែរ។ គ្រប់ការងារទាំងអស់ គឺលំបាក។ គ្មានការងារណាស្រួលទេកូន។ តើប្រាក់ខែរដ្ឋយ៉ាងម៉េចដែរពុក? សុភី សួរបន្ត។
ឪពុក សុភី ឆ្លើយថា ប្រាក់ខែទាបចិញ្ចឹមគ្រួសារយើងមិនទាំងបានផង។ ត្រង់ចំណុចនេះ សុភី អាចយល់បានថា ថវិកាក្នុងផ្ទះ របស់របរដែលខ្លួនប្រើប្រាស់ ចាយវាយប្រចាំថ្ងៃ គឺជាប្រាក់កាសដែលឪពុករកបានមិនស្របច្បាប់ ពីព្រោះ ប្រាក់ខែរបស់គាត់តិចតួចដូចគេដូចឯងដែរ។
ចាប់ពីថ្ងៃពិភាក្សារវាង សុភី និងឪពុក មក។ ឪពុក ដឹងកិច្ចការរបស់ សុភី ដែលជាសកម្មជនប្រឆាំងអំពើពុករលួយ។ ចំពោះ សុភី វិញ នាងក៏ដឹងពីទង្វើអាក្រក់របស់ឪពុកដែរ។
ជាលទ្ធផលនៃការពិភាក្សា, ឪពុក សុភី ចាប់ពីថ្ងៃនោះមក លែងសូវហ៊ានប្រព្រឹត្តិអំពើពុករលួយ រីឯ សុភី វិញ រឹតតែប្រឹងធ្វើកិច្ចការរបស់ខ្លួនប្រឆាំងនឹងអំពើពុករលួយបន្ថែមទៀត៕