អន្តរជាតិ
កេ​ន​យ៉ា ដុត​កម្ទេច​ភ្លុក​សត្វ​រាប់រយ​តោន​ដើម្បី​ប្រឆាំង​ការជួញដូរ​ភ្លុក​សត្វ​
01, May 2016 , 4:00 pm        
រូបភាព
​អាជ្ញាធរ​កេ​ន​យ៉ា​បានសម្រេច​ដុត​ភ្លុក​សត្វ​រមាស និង​សត្វ​ដំរី​ដែល​រឹបអូស​បាន​ពី​ឈ្មួញ​ជួញដូរ​សត្វព្រៃ និង​ភ្លុក​សត្វ​ចំនួន ជាង​១០០​តោន នៅ​ថ្ងៃ​សៅរ៍​ទី ៣០​មេសា​ម្សិលមិញ​នេះ​។ ប្រធានាធិបតី​កេ​ន​យ៉ា បាន​ចុះ​ដុត​កម្ទេច​ភ្លុក​នេះ​ដោយផ្ទាល់ ហើយ​លោក​បញ្ជាក់ថា ការដុត​ចោល​នូវ​ភ្លុក​សត្វព្រៃ​នេះ ដើម្បី​ទាមទារ​ឲ្យ បញ្ឈប់​ការជួញដូរ​ភ្លុក​សត្វ​ទៀត​។  នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​



​ការដុត​ភ្លុក​សត្វព្រៃ​ទ្រង់ទ្រាយ​ធំ​បំផុត​មួយ ត្រូវបាន​រៀបចំឡើង​នៅក្នុង​ប្រទេស​កេ​ន​យ៉ា​។ កេ​ន​យ៉ា ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​អាហ្វ្រិក ដែល​ប្រឈម​ការ​បរបាញ់​សត្វ​ដំរី និង​រមាស​យក​ភ្លុក​ច្រើនជាងគេ​។ ប្រធានាធិបតី​កេ​ន​យ៉ា លោក អ៊ូ​ហ៊ូ​រ៉ូ កេ​ន​យ៉ា​តា (Uhuru Kenyatta) ជា​អុ្ន​ក​ដុត​ភ្លើង​កម្ទេច​ភ្លុក​សត្វព្រៃ​នេះ​ដោយ​ផ្ទាល់ដៃ ដែល​រៀបចំ​នៅក្នុង​ឧ​ទ្យា​ជាតិ​កេ​ន​យ៉ា ស្ថិតក្នុង​រដ្ឋធានី​ណៃ​រ៉ូ​ប៊ី​។​

​ក្នុងចំណោម​ភ្លុក​ដែល​គេ​រឹបអូស​បាន​ពី​ឈ្មួញ​ទុច្ចរិត និង​ដុត​កម្ទេចចោល​នេះ មាន​ភ្លុក​ដំរី​ចំនួន ១០៥ តោន និង​ភ្លុក​សត្វ​រមាស ជាង​មួយ​តោន​។

​ប្រធានាធិបតី​កេ​ន​យ៉ា  លោក អ៊ូ​ហ៊ូ​រ៉ូ កេ​ន​យ៉ា​តា ក៏បាន​ឆ្លៀតឱកាស​ថ្លែង​សុន្ទរកថា​ទាមទារ​ឲ្យ​បញ្ឈប់​ឲ្យ​អស់ នូវ​ការ​បរបាញ់​សត្វ​ខុសច្បាប់ ដើម្បី​យក​ភ្លុក ឬ​ស្នែង​។ លោក​ចាត់ទុកថា ការបន្ត​បរបាញ់​សត្វ​និង​ជួញដូរ​ភ្លុក ឬ​ស្នែង​សត្វ​នេះ កំពុង​ធ្វើ​ឲ្យ​សត្វព្រៃ​ដែលជា​សត្វ​កម្រ​ស្រាប់​នោះ នឹង​ផុត​ពូជ​នៅពេល​ខាងមុខ បើសិនជា​គ្មាន​វិធានការ​តឹងរ៉ឹង​បង្ក្រាប​ទេនោះ​។​

​លោក​ថា​៖ កម្ពស់​នៃ​ភ្លុក​សត្វ នៅ​ចំពោះមុខ​យើង​នេះ បង្ហាញ​ពី​ភាពខ្លាំង​នៃ​ដំណោះស្រាយ​របស់​យើង​។ គ្មាន​អ្នកណាម្នាក់ ដែលមាន​ជំនួញ​ជួញដូរ​ភ្លុក​សត្វ​ដំរី ហើយ​បើ​មាន​ជំនួញ​នេះ​មានន័យថា វា​ការស្លាប់​នៃ​សត្វ​ដំរី​របស់​យើង និង​ជាការ​ស្លាប់​នៃ​សម្បត្តិ​បេតិកភណ្ឌ​ធម្មជាតិ​ថែមទៀត​»​។​

​កាលពី​ថ្ងៃ​សុក្រ ប្រធានាធិបតី​កេ​ន​យ៉ា​រូបនេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រមុខរដ្ឋ​អាហ្វ្រិក និង​បណ្តា​អ្នក​អភិរក្ស​បរិស្ថាន និង​សត្វព្រៃ ដើម្បី​ជំរុញ​ឲ្យ​មានការ​ហាមឃាត់​ពេញលេញ​មួយ សម្រាប់​ការជួញដូរ​ភ្លុក​សត្វ​នេះ​។ លោក​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងអស់ ក្រោកឈរឡើង​សហការគ្នា ដើម្បី​ដោះស្រាយ និង​បង្ក្រាប​រាល់​សកម្ម​ភាពខុស​ច្បាប់​នេះ មិនគួរ​បន្ត​ឈរ​មើល​សត្វព្រៃ​បាត់បង់​បន្តិច​ម្តងៗ បែបនេះ​ឡើយ​។​

​តាមពិតទៅ អាហ្វ្រិក​ជា​ជម្រក​នៃ​សត្វ​ដំរីព្រៃ​ច​ម្លោះ​ពី​៤៥​ម៉ឺន​ក្បាល ទៅ​៥០​ម៉ឺន​ក្បាល​ឯណោះ ប៉ុន្តែ​រឿង​គួរ​ឲ្យ​សង្វេក គឺ​សត្វ​ដំរី​ច្រើនជាង ៣​ម៉ឺន​ក្បាល ត្រូវបាន​គេ​សម្លាប់​យក​ភ្លុក​រាល់​ឆ្នាំ ដើម្បី​បំពេញ​តម្រូវ​ទីផ្សារ​នៅ​អាស៊ី ដែល​កំពុង​ត្រូវការ​ភ្លុក​សត្វព្រៃ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ភ្លុក​សត្វ​នេះ ត្រូវបាន​គេ​លក់​ចេញទៅ​ទីផ្សារ​អាស៊ី ក្នុងតម្លៃ ១០០០ ​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ហើយ​ទីផ្សារ​ធំ​សម្រាប់​ភ្លុក​សត្វ​ពី​អាហ្វ្រិក គឺ​ប្រទេស​ចិន​។

​យ៉ាងណាមិញ ការបង្ក្រាប​បទល្មើស​ជួញដូរ​ភ្លុក​សត្វ​នេះ មិនសូវមាន​ប្រសិទ្ធភាព​ឡើយ​។ ទីមួយ​ដោយសារតែ​វា​មាន​ទីផ្សារ​ធំ​ដូចជា​ចិន​។ ចង់​មិន​ចង់ ប្រជាជន​អាហ្វ្រិក​ក្រីក្រ​នោះ ត្រូវ​លួច​បាញ់​សត្វ​ដំរី ឬ​រមាស ដើម្បី​លក់​រក​ចំណូល​ព្រោះ​បាន​តម្លៃ​ថ្លៃ​។ មួយវិញទៀត គឺ​អំពើពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ការ​ឃុ​ប​ខិត​គ្នា​រវាង​ឈ្មួញ និង​មន្ត្រី​។ ដូច្នេះហើយ​វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ ក្នុងការ​ទប់ស្កាត់​បទ​ល្មើ​សត្វព្រៃ​នេះ​។ វា​ចាំបាច់​ត្រូវ​មានការ​បោសសម្អាត ក្នុង​សមាសភាព​មន្ត្រី​អនុវត្តន៍​ច្បាប់ ស្ថាប័ន​នយោបាយ​ជាដើម និង​ត្រូវ​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ផងដែរ​៕


Tag:
 ​កេ​ន​យ៉ា​
  ភ្លុក​សត្វព្រៃ​
  អាហ្វ្រិក​
© រក្សាសិទ្ធិដោយ thmeythmey.com