អន្តរជាតិ
​រកឃើញ​កាក់​សំរឹទ្ធ​សម័យ​រ៉ូ​ម៉ាំង​១៩​ថូ​នៅ​អេ​ស្ប៉ា​ញ ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​
03, May 2016 , 7:39 am        
រូបភាព
ដោយ: ធីតា
 ​ក្រុមកម្មករ​នៅ​តំបន់ Tomares ក្រុង Seville  ប្រទេស​អេ​ស្ប៉ា​ញ បាន​រកឃើញ​កាក់​សម័យ​រ៉ូ​ម៉ាំង​ប្រមាណ​៦០០​គីឡូក្រាម ដែល​ដាក់​ក្នុង​ថូ​ផ្សេងៗ​គ្នា​ចំនួន​១៩ ។ តាម​ជំនាញ​កាក់​សំរឹទ្ធ​ទាំងនោះ គឺជា​កំណប់ទ្រព្យ​តាំងពី​សតវត្សរ៍​ទី​៤ ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​អាមេរិក​។​

 
​កាលពី​ចុងខែ​មេសា ឆ្នាំ​២០១៦ អាជ្ញាធរ​តំបន់ Tomares នៃ​ប្រទេស​អេ​ស្ប៉ា​ញ បានប្រកាស​ពី​ការរកឃើញ​ដោយ​ចៃដន្យ​នូវ​កាក់​សំរឹទ្ធ​តម្លៃ​រាប់លាន​ដុល្លារ នៅក្នុង​ការដ្ឋាន​មួយ​។ អ្នកស្រី Ana Navarro នាយិការ​សារមន្ទីរ​បុរាណវិទ្យា​ប្រចាំ​ក្រុង Seville  បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​នេះ​ជាការ​រកឃើញ​ដ៏​កម្រ​មួយ និង​មិនដែល​ធ្លាប់​កើតឡើង​ពី​ពេលមុនៗ​។​
 
​ជាការ​សន្និដ្ឋាន​ជំហាន​ដំបូង កាក់​នេះ គឺជា​កំណប់​ដែល​នៅ​សេសសល់​ពី​សម័យ​អាណាចក្រ​រ៉ូ​ម៉ាំង​នា​សតវត្សរ៍ ទី​៣ និង​ទី​៤ ។ បន្ទាប់ពី​ការរកឃើញ​ដោយ​ចៃដន្យ​នេះ ក្រុមកម្មករ​ជីកដី ត្រូវ​ស្នើសុំ​ឲ្យ​ផ្អាក​ការងារ​ការដ្ឋាន ដើម្បី​ឲ្យ​ក្រុម​ស្រាវជ្រាវ​ផ្តើម​ការរុករក​កំណប់​ផ្សេងៗ​នៅក្នុង​តំបន់​ដែលមាន​ពលរដ្ឋ​ប្រមាណ​២៥០០០​នាក់​នេះ​។​
 
​អ្នកជំនាញ​វាយតម្លៃថា កាក់​ទាំងនោះ ប្រហែលជា​មិនទាន់​ត្រូវបាន​ប្រើប្រាស់​នោះឡើយ ហើយ​វា​ក៏​មិនមែនជា​កម្មសិទ្ធិ​របស់​មនុស្ស​តែ​ម្នាក់​នោះដែរ​។ កំណប់​មហាសាល​ទាំងនោះ ទំនងជា​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការបង់ពន្ធ​ជូន​ដល់​អធិរាជ​រ៉ូ​ម៉ាំង​៕
 

Tag:
 រ៉ូ​ម៉ាំង​
  អេ​ស្ប៉ា​ញ
© រក្សាសិទ្ធិដោយ thmeythmey.com