អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា ប្រហែល​មិន​ចូល​បំភ្លឺ​ក្នុង​តុលាការ​ឡើយ​
03, May 2016 , 3:18 pm        
រូបភាព
​ឯកឧត្តម កឹម សុខា ត្រូវបាន​ព្រះរាជអាជ្ញា​ចេញ​ដីកា​កោះហៅ ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែឧសភា​ខាងមុខនេះ ដើម្បី​សាកសួរ​ករណី​បរិហារកេរ្តិ៍ កញ្ញា ធី សុវណ្ណ​ថា ។ ព័ត៌មាន​កោះហៅ​ឯកឧត្តម កឹម សុខា នេះ​ត្រូវបាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Fresh News។  កញ្ញា ធី សុវណ្ណ​ថា ប្តឹង​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ  ពីបទ«​បរិហារកេរ្តិ៍​» ដោយ​ទាមទារ​សំណង​១​លាន​ដុ​លា្ល​រ​អាមេរិក​។​



​ជុំវិញ​ដីកា​កោះហៅ​ឯកឧត្តម កឹម សុខា  លោក អេង ឆៃអ៊ាង ក៏​មិនទាន់​បានដឹង​និង​ទទួលបាន​ដីកា​នៅឡើយ​ទេ​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ហាក់ដូចជា​ហួសចិត្ត​និង​គ្មាន​វាចារ​អ្វីដែល​ឆ្លើយតប​នឹង​ដីកា​កោះហៅ  ឯកឧត្តម កឹម សុខា នេះឡើយ​។ តែ​យ៉ាងណា​លោក អេង ឆៃអ៊ាង គ្រាន់តែ​បង្ហើប​ថា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ប្រហែលជា​មិន​ចូល​បំភ្លឺ​តាម​ដីកា​នេះ​ទេ ព្រោះ​សំអាង​លើ​អភ័យឯកសិទ្ធិ​រដ្ឋសភា​។ 
 
​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ​មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ប្រហែល​គាត់​មិន​ចូល​ច្រើនជាង ព្រោះ​គាត់​មាន​អភ័យឯកសិទ្ធិ ដែល​ចង់​ចូល​បំភ្លឺ​ក៏បាន មិន​ចូល​បំភ្លឺ​ក៏បាន​។ តែបើ​គេច​ង់​រំលោភ​លើ​អភ័យឯកសិទ្ធិ​នេះ ឲ្យ​គេ​រំលោភ​ទៀត​ទៅ​»​។​
 
​បើតាម​លោក អេង ឆៃអ៊ាង ឯកឧត្តម កឹម សុខា មិនបាន​ចេញទៅ​ណា​ទេ ពោលគឺ​​ប្រធានស្តីទី​កំពុង​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​កញ្ញា ធី សុវណ្ណ​ថា ធ្លាប់​អះអាងថា ដើមឡើយ នាង​មិនបាន​ប្តឹង​ឯកឧត្តម កឹម សុខា នោះទេ តែ​នាង​ចង់​ឲ្យ​តុលាការ វែក​រកមុខ​អ្នក ដែល​បរិហារកេរ្តិ៍​នាង ក្នុង​ខ្សែអាត់​សំឡេង ដែល​ចោទប្រកាន់​នាង បោកប្រាស់​ប្រាក់​មូលនិធិ​ក្រៅប្រទេស យកទៅ​ទិញ​ឡាន​និង​ផ្ទះ​ប៉ុណ្ណោះ​។ ប៉ុន្តែ បន្ទាប់ពី កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ បាន​ទម្លាយ​រឿងអាស្រូវ​ស្នេហា ​រវាង​នាង ជាមួយ​ឯកឧត្តម កឹម សុខា កញ្ញា ធី សុវណ្ណ​ថា ក៏បាន​ចាត់ទុកបុរស​ដែល​បរិហារកេរ្តិ៍​នាង ក្នុង​ខ្សែអាត់​សំឡេង ថា​ជា​ឯកឧត្តម កឹម សុខា​។ ដូច្នេះហើយ ទើប​កញ្ញា ធី សុវណ្ណ​ថា ប្តឹង​ឯកឧត្តម កឹម សុខា ដោយ​ទាមទារ​សំណង​១​លាន​ដុល្លារ និង​ស្នើ​ឲ្យ​តុលាការ ដាក់ទោស​អនុប្រធាន​គណបក្សប្រឆាំង​រូបនេះតាមផ្លូវ​ច្បាប់​៕

Tag:
 កឹម សុខា
 ធី សុវណ្ណថា
© រក្សាសិទ្ធិដោយ thmeythmey.com