អន្តរជាតិ
រដ្ឋាភិបាល​ថ្មី​វៀតណាម​រង​ការរិះគន់ ក្រោយ​ត្រី​រាប់លាន​ក្បាល​ទើរ​នៅ​ឆ្នេរសមុទ្រ​
03, May 2016 , 8:59 pm        
រូបភាព
​រដ្ឋាភិបាល​ថ្មី​វៀតណាម​កំពុងតែ​ឈឺក្បាល នឹង​ត្រី​រាប់លាន​ក្បាល​ដែល​ងាប់ និង​ទើរ​តាម​បណ្ដោយ​មាត់សមុទ្រ​នៅ​ភូមិភាគ​កណ្ដាលនៃ​ប្រទេស ដែលមាន​ប្រវែង​១២៥​ម៉ា​យ​។ បញ្ហា​នេះ ​នឹង​ក្លាយជា​ការសាកល្បង​សមត្ថភាព​រដ្ឋាភិបាល​វៀ​ត​ណា​ម ដែល​ទើប​ឡើងកាន់តំណែង​មិនទាន់បាន​មួយខែ​ស្រួលបួល​ផង​នោះ​។



​ត្រី​រាប់លាន​ក្បាលងាប់ ​និង​ទើរ​តាម​បណ្ដោយ​ឆ្នេរ​ដ៏​វែង ​របស់​ភាគ​កណ្ដាល​វៀត​ណា​ម កំពុង​បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង ​ដល់​រដ្ឋាភិបាល​ថ្មី​វៀតណាម​របស់​នាយករ​ដ្ឋ​មន្ត្រី​លោក Nguyen Xuan Phuc ហើយ​វា​ក្លាយជា​មេរៀន​សាកល្បង​ដ៏​ធំ​ សម្រាប់​លោក Nguyen​។ ប្រជាជន​វៀតណាម បាន​រិះគន់​រដ្ឋាភិបាល​យ៉ាងខ្លាំង នៅតាម​បណ្ដាញ​សង្គម ដ្បិត​មិនមាន​តម្លាភាព និង​ឆ្លើយតប​យឺត​ ចំពោះ​បញ្ហា​ដែល​កើតឡើង ខណៈដែល​អ្នក​តវ៉ា​ជាច្រើន ប្រមូលគ្នា​នៅតាម​ទីក្រុង​ធំ និង​បណ្ដា​ខេត្ត​នានា​។​

​ចំពោះ​ការ​ងាប់​សន្ធឹកសន្ធាប់​បែប​ប​នេះ រដ្ឋាភិបាល​វៀតណាម​នៅ​មិនទាន់​ដឹង​ពី​មូល​ហេតុ ដែល​បណ្ដាល​ឲ្យ​ត្រី​រាប់លាន​ក្បាល​ទើរ​តាម​ឆ្នេរ ​ក្នុង​ខេត្ត​ចំនួន​បួន ដែល​កើតឡើង​ចាប់ពី​ថ្ងៃទី​៦​ដល់ទី​១៨ ខែមេសា​។ រដ្ឋាភិបាល​វៀតណាម​បញ្ជាក់ថា ការ​ងាប់​ច្រើន​បែបនេះ ​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច និង​បរិស្ថាន​។

​ទាក់ទិន​នឹង​ហេតុការណ៍​នេះ គេ​ព្រួយបារម្ភ​យ៉ាងខ្លាំង ​ចំពោះ​ការបំផ្លាញ​លើ​បរិស្ថាន សុវត្ថិភាព​ចំណីអាហារ និង​ការ​គ្របគ្រង​លើ​ការរកស៊ី​។ សារព័ត៌មាន Chicago Tribune ផ្សាយ​ថា សារព័ត៌មាន​ក្នុងស្រុក​វៀតណាម​ បាន​លើក​ជា​សំណួរ ពាក់ព័ន្ធ​នឹង​បំពង់​បង្ហូរ​សំរាម​របស់​រោងចក្រ​ដែក Formosa ដែលមាន​ទីតាំង​ក្នុង​ខេត្ត Ha Tinh ។ យ៉ាងណាក្ដី នៅ​ថ្ងៃទី​២៦ ខែមេសា ក្រុមហ៊ុន Formosa បដិសេធ​មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ទេ ដោយ​អះអាងថា ខ្លួន​ចាយលុយ​៤៥​លាន​ដុល្លារ សម្រាប់​ប្រព័ន្ធ​សម្អាត​ទឹក​។

​ជាមួយគ្នានេះ រដ្ឋាភិបាល​វៀតណាម​បញ្ជាក់ដែរថា ខ្លួន​គ្មាន​ភស្តុតាង​បង្ហាញថា ក្រុមហ៊ុន Formosa ពាក់ព័ន្ធ​នឹង​រឿងនេះ​ទេ​។ ប៉ុន្តែ​បើតាម​អាជ្ញាធរ ត្រី​ទាំងនេះ​ងាប់​ដោយសារ​ពុល​សារធាតុ​តុកស៊ីន ដែល​បញ្ចេញ​ដោយ​សកម្មភាព​មនុស្ស និង​ជំនោរ​ក្រហម​។

​យ៉ាងណាមិញ ប្រជាជន​វៀតណាម​រាប់ពាន់នាក់ ធ្វើបាតុកម្ម​នៅតាម​ទីតាំង​ជាច្រើន ដោយ​រួមបញ្ចូល​ទាំង​រដ្ឋធានី​ហ​ណូយ​ផងដែរ​។ ព្រម​គ្នា​នេះ លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ឯណោះ​វិញ គេ​ឃើញ​មាន ការចែករម្លែក​រូប​ធ្វើបាតុកម្ម​នៅ​ខេត្ត​ភាគខាងត្បូង និង​ភាគ​កណ្ដាល​។ មួយវិញទៀត ប៉ូលិស​ក៏បាន​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់ ដែល​ប្រមូល​ និង​ចែក​ព័ត៌មាន​លើ​អ៊ី​ន​ធឺ​ណិ​ត ដើម្បី​ប្រមូល​មនុស្ស​មក​ធ្វើបាតុកម្ម​។

​ការបាត់បង់​ចំនួន​ត្រី​ដ៏​ច្រើន​នេះ ក៏​ប៉ះពាល់​ដល់​ឧស្សាហកម្ម​នេសាទ និង​វិស័យ​ទេសចរណ៍​ផងដែរ​។ អ្នកនេសាទ​ក្នុង​ខេត្ត Quang Binh បាន​បាត់បង់​ចំណូល​ចំនួន​ជាង​៥​លាន​ដុល្លារ ខណៈដែល​អ្នកទេសចរ​​ប្រមាណ​៣០​ភាគរយ លុបចោល​គម្រោងកម្សាន្តទៅកាន់​តំបន់​នោះ​៕


Tag:
 ​វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com