អន្តរជាតិ
ត្រាំ និង សេន​ដឺ ឈ្នះ នៅ Indiana តែ ថេត គ្រុស ដកខ្លួន​ពីស​ង្វៀន​ទាំង​ខកចិត្ត​
04, May 2016 , 11:37 am        
រូបភាព
ដោយ: ថ្មីៗ
​លោក​ដូ​ណា​ល់​ត្រាំ និង​លោក ប៊ែ​នី សេន​ដឺ បានទទួល​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​សាកល្បង​នៅ​រដ្ឋ Indiana នៅ​ថ្ងៃ​អង្គារ​ទី ៣ ខែឧសភា​នេះ​។ ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ គូប្រជែង​លោក ដូ​ណា​ល់ ត្រាំ សមាជិក​ព្រឹទ្ធសភា​រដ្ឋ​តិច​សា​សលោក ថេត គ្រុស សម្រេច​ចាក​ចេញពី​សង្វៀន​នយោបាយ  វា​ច្បាស់​ណាស់​ថា​នឹង បើកផ្លូវ​ឲ្យ​សេដ្ឋី​អចលនទ្រព្យ ដូ​ណា​ល់ ត្រាំ នេះ​ទទួលបាន​ការតែងតាំង​ពី​បក្ស​ក្នុង​ខែកក្កដា​ខាងមុខនេះ​។



​លទ្ធផល​បោះឆ្នោត​នៅ​រដ្ឋ Indiana បង្ហាញថា លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ជា​អ្នក​ដែល​ទទួល​ជ័យជម្នះ​។ ជ័យជម្នះ​ជាថ្មី​នេះ មិន​ត្រឹមតែ​ជួយ​ឲ្យ​លោក​កាន់តែ​ខិត​ទៅរក​ការតែងតាំង​ពី​បក្ស​ប៉ុណ្ណោះ​ទេ តែ​វា​ធ្វើ​ឲ្យ​គូប្រជែង​របស់លោក​សម្រេច​ដកខ្លួន​ពី​ការប្រកួតប្រជែង​ផងដែរ​។​

​យោងតាម​សារព័ត៌មាន​អាមេរិក Politico លោក ដូ​ណា​ល់ បានទទួល​សំឡេងគាំទ្រ​ជាង ៥០​ភាគរយ ហើយ​លោក ថេត គ្រុស​(Ted Cruz)  បាន​ត្រឹម​ជាង​៣៦​ភាគរយ​។ ចុងក្រោយ​គេ​គឺ លោក ច​ន កា​សិ​ក (John Kasich) ដែល​បាន​សំឡេងគាំទ្រ​តែ​ជាង​៧​ភាគរយ​។ ជ័យជម្នះ​នៅ​រដ្ឋ Indiana នោះ​ធ្វើ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ បានទទួល​ចំនួន​អ្នកតំណាង​រហូតដល់ ១០៤៧ ដែល​មានន័យថា លោក​នៅ​ខ្វះ​ចំនួន​អ្នកតំណាង​តែ​ជាង ១០០ នាក់​ទៀត​ប៉ុណ្ណោះ​ដើម្បី​ឈានទៅ​ទទួល​ការតែងតាំង​ពី​បក្ស​។ ដើម្បី​ឈ្នះ​ការតែងតាំង ក្នុង​បក្ស​សាធារណរដ្ឋ បេក្ខជន​ម្នាក់​ត្រូវ​រក​តំណាង​ឲ្យ​បាន ១២៣៧​នាក់ ។ ដូច្នេះ ឈ្នះ​តែ​ពីរ ឬ​បី​រដ្ឋ​ទៀត​ប៉ុណ្ណោះ លោក ដូ​ណា​ល់ ត្រាំ រកបាន​អ្នកតំណាង​គ្រប់​ចំនួន​រួចទៅហើយ​។​

​ត្រលប់​មកវិញ រឿង​ដែល​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​ក្រោយ​ការប្រកាស​លទ្ធផល​បោះឆ្នោត​ក្នុង​បក្ស​សាធារណរដ្ឋ នោះ​គឺ លោក ថេត​គ្រុស បានប្រកាស​ប្រាប់​អ្នកគាំទ្រ​លោក​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា លោក​ឈប់​ឃោសនាបោះឆ្នោត​ត្រឹម​នេះហើយ​។ អាច​ថា បរាជ័យ​នៅ Indiana នេះ​ជា​សារ​មួយ​សម្រាប់​លោក និង​ក្រុម​អ្នកគាំទ្រ​លោក​ថា គ្មាន​ផ្លូវ​ណា​ដែល​អាច​ឈ្នះ ដូ​ណា​ល់ ត្រាំ ឡើយ ហើយ​ទោះ​នៅ​បន្តទៀត​ក៏​គ្មាន​ន័យ​អ្វី​ដែរ​។ ការ​ប្រជែង​គ្នា​ក្នុង​បក្ស​សាធារណរដ្ឋ​ឈានដល់​ទីបញ្ចប់​ហើយ បើ​យោងតាម​ស្ថានភាព​ជាក់ស្តែង​នេះ​។

​ចំណែក​នៅក្នុង​បក្ស​ប្រជាធិបតេយ្យ​វិញ សមាជិក​ព្រឹទ្ធសភា រដ្ឋ Vermont បាន​ផ្តួល​គូប្រជែង​របស់លោក គឺ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក្នុង​រដ្ឋ Indiana​។ លោក​បានទទួល​សំឡេងគាំទ្រ ៥៣​ភាគរយ ហើយ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានទទួល ៤៧ ភាគរយ​។ អាច​ថា ការ​ប្រជែង​ក្នុង​បក្ស​ប្រជាធិបតេយ្យ​នេះ​នៅតែ​ស្វិតស្វាញ នៅឡើយ​ថ្វីបើ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឈ្នះ​បាន​តំណាង​ច្រើន​រហូតដល់ ២២០២​នាក់​ទៅហើយនោះ​។​ចំណែក​លោក សេន​ដឺ ទើបបាន ១៤០០​នាក់​នៅឡើយ​។  សូមបញ្ជាក់​បន្តិច​ដែរ ក្នុង​បក្ស​ប្រជាធិបតេយ្យ បេក្ខជន​ម្នាក់​ត្រូវ​រក​អ្នកតំណាង​ឲ្យ​បាន​សរុប​២៣៨៣​នាក់ ដើម្បី​ឈានទៅ​ទទួលបាន​ការតែងតាំង​ពី​បក្ស​ប្រជាធិបតេយ្យ​៕


© រក្សាសិទ្ធិដោយ thmeythmey.com