អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ស៊ី ថាវត្តមានប្រធានាធិបតីថ្មីឡាវនៅចិន បង្ហាញពីសារៈសំខាន់នៃចំណងមិត្តភាពប្រទេសទាំង ពីរ
04, May 2016 , 12:17 pm        
រូបភាព
ដោយ:
 
លេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានាធិបតីថ្មីឡាវ លោក Bounnhang Vorachit បានទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃម្សិលមិញ ក្នុងដំណើរទស្សនកិច្ចផ្លូវការតាមការអញ្ជើញរបស់សមភាគីចិនលោកប្រធា នាធិបតី ស៊ី ជិនពីង។ ភាគីទាំងពីរ បានបង្ហាញគោលជំហរវិជ្ជមានជាមួយគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទ្វេភាគីផងដែរ។




លោក Bounnhang Vorachit កំពុងតែបំពេញទស្សនកិច្ចសុឆន្ទៈផ្លូវការរយៈពេលបីថ្ងៃជាលើកដំបូងទៅកាន់ប្រទេសចិនក្នុងនាមជាប្រមុខដឹកនាំឡាវ។ ដំណើរទស្សនកិច្ចនេះដែរ គឺជាទិសដៅក្រៅប្រទេសទីពីរហើយដែលប្រមុខដឹកនាំថ្មីឡាវរូបនេះ បានទៅដល់បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាមដែលសុទ្ធសឹងតែជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ឡាវ។ 
 
ក្នុងជំនួបជាលើកដំបូងជាមួយនឹងលោក Bounnhang Vorachit លោក ស៊ី ជិនពីង បានអះអាងថាទស្សនកិច្ចរបស់ភាគីឡាវ បានបង្ហាញពីសារៈសំខាន់រវាងចំណងមិត្តភាពឡាវ-ចិន ហើយ លោក ស៊ី បានស្នើ ឲ្យភាគីឆក់យកឱកាសដើម្បីបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយគ្នាផងដែរ។ នេះបើ យោងតា ភ្នាក់ងារព័ត៌មាន Xinhua ដែលស្រង់សម្តីលោក ស៊ី ដែលបានទទួចឲ្យប្រទេសប្រកាន់របបសង្គមនិយមទាំងពីរ ពង្រីកនូវទំនាក់ទំនងកម្រិតខ្ពស់ រក្សានូវការទុកចិត្តរួមផ្នែកនយោបាយជាន់ខ្ពស់ ពង្រឹងការផ្លាស់ការប្តូររវាងបក្សទាំងពីរ និងលើកកម្ពស់ការសិក្សារួមទាក់ទងនឹងអភិបាលកិច្ច។
 
លោក ស៊ី សង្កត់ធ្ងន់ថា ភាគីទាំងពីរ អាចធ្វើសមាហរណកម្មយុទ្ធសាស្ត្រអភិវឌ្ឍន៍ ពង្រឹងសហប្រតិបត្តិការពិតប្រាកដ ពង្រីកការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងបង្កើនកិច្ចសហប្រតិបត្តិការកិច្ចការសន្តិសុខ ។ បន្ថែមពីនេះ លោក ស៊ី ក៏បានបង្ហាញការជឿជាក់រវាងសហប្រតិបត្តិការក្នុងក្របខណ្ឌនៃកិច្ចការអន្តរជាតិ ដែលរាប់បញ្ចូលទាំងសហប្រតិបត្តិការរវាងចិន និងអាស៊ានផងដែរ។ 
 
ឆ្លើយតបនឹងការលើកឡើងរបស់លោក ស៊ី ជិនពីង លោក Bounnhang Vorachit ក៏បានអរគុណទៅភាគីចិន ដែលបានបង្ហាញការគាំទ្រចំពោះឡាវក្នុងនាមជាប្រធានវិលជុំអាស៊ានឆ្នាំនេះ។ទាក់ទងនឹងការអភិវឌ្ឍវិញ លោក Bounnhang បានបង្ហាញការជឿជាក់ថា ចិន នឹងបន្តចូលរួមចំណែកក្នុងការរក្សាសន្តិភាពក្នុងតំបន់ និងការអភិវឌ្ឍរបស់ពិភពលោកផងដែរ។
 
អ្វីគួរកត់សម្គាល់នោះ មុនពេលនៃវត្តមានមេដឹកនាំឡាវនៅក្នុងទឹកដីចិន ភាគីទាំងពីរ សម្រេចបាននូវ កិច្ចព្រមព្រៀងលើចំណុចរសើបមួយរួចទៅហើយ។ ហើយនោះគឺភាគីទាំងពីរ បានព្រមព្រៀងគ្នាទាក់ ទងនឹងគោលជំហរសមុទ្រចិនខាងត្បូងដែលជាបញ្ហាចម្រូងចម្រាសរបស់អាស៊ាន និងចិន នាឱកាសនៃដំណើរទស្សនកិច្ចក្នុងក្រុងវៀងចន្ទន៍របស់រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី កាលពីចុងខែមេសាកន្លងទៅ៕ 
 

Tag:
 ឡាវ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com