អន្តរជាតិ
ជប៉ុន សន្យា​គាំទ្រ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​មី​យ៉ាន់​ម៉ា​
04, May 2016 , 5:33 pm        
រូបភាព
ដោយ:
​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Fumio Kishida  កំពុងតែ​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​អាស៊ី​អា​គ្នេ យ៍​។ នាឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​លោក  Fumio Kishida   បាន​ជួប​ជាមួយនឹង​សមភា​គីមី​យ៉ាន់​ម៉ា លោកស្រី​អ៊ុង​សាន ស៊ូ​ជី និង បាន​សរសើរ​ពី​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​មី​យ៉ាន់​ម៉ា​ផងដែរ​។



​នា​ជំនួប​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ​ជី​នៅ​ថ្ងៃទី ០៣ ខែឧសភា​ម្សិលមិញ លោក Fumio Kishida    បាន​សន្យាថា ជប៉ុន នឹង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​របស់​មី​យ៉ាន់​ម៉ា​ទាំងស្រុង​។

​នា​ជំនួប​ដដែល​នោះ លោក​រដ្ឋមន្ត្រី Kishida ក៏បាន​អះអាង​ដែរ​ថា ជប៉ុន ក៏មាន​គម្រោង​ក្នុងការ​គាំទ្រ​មី​យ៉ាន់​ម៉ា​លើ​វិស័យ​ការងារ ការអប់រំ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និង​វិស័យ​ជាច្រើន​ផ្សេងទៀត​ផងដែរ​។ ជាពិសេស​នោះ ជប៉ុន ក៏​គ្រោង​នឹង​បង្កើត​សាលា​វេជ្ជសាស្ត្រ​នៅ​មី​យ៉ាន់​ម៉ា​នៅ​ពាក់កណ្តាល​ខែឧសភា​នេះ ដើម្បី​បង្ហាត់បង្រៀន​ប្រជាជន​ឲ្យ​ចេះ​ប្រើប្រាស់​សម្ភារ​វេជ្ជសាស្ត្រ​ទំនើបៗ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី Kishida ក៏បាន​សង្កត់ធ្ងន់ថា ជប៉ុន នឹង​ជួយ​មី​យ៉ាន់​ម៉ា​ក្នុងការ​ដំណើរការ​ផ្សះផ្សារ​ជាតិ​ឲ្យ​អស់ពី​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។

​សូមបញ្ជាក់​ផងដែរ លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន Fumio Kishida បានចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​ពីថ្ងៃ​ទី​២៩​ខែមេសា ដល់​ថ្ងៃទី​០៦ ខែឧសភា ក្នុង​តំបន់​ដែល​រួមមាន​ប្រទេស​ចិន ថៃ មី​យ៉ាន់​ម៉ា ឡាវ និង​វៀតណាម​។​

​នៅក្នុង​ជំនួប​ជាមួយនឹង​រដ្ឋាភិបាល​ថៃ​នៅ​ថ្ងៃទី​០២ ខែឧសភា ដែលជា​ទិសដៅ​ទីមួយ​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ លោក​រដ្ឋមន្ត្រី Kishida ក៏បាន​ប្រកាស​ដែរ​ថា ជប៉ុន នឹងដាក់​ដំណើរការ​គំនិត​ផ្តួចផ្តើម​ថ្មី​ក្នុង​ការគាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​នៅតាម​បណ្តោយ​ទន្លេមេគង្គ​។ គំនិត​ផ្តួចផ្តើម​នោះ​មាន​ទំហំ​ប្រមាណ​៧​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែលជា​ជំនួយ​របស់​ជប៉ុន​សម្រាប់​ប្រទេស​ក្នុង​តំបន់​ក្នុង​រយៈពេល​៣​ឆ្នាំ​ផងដែរ​៕  

Tag:
 ជប៉ុន​
 ​ មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com