អន្តរជាតិ
អូស្ត្រាលី​៖ ឈ្មោះ Wi-fi ដ៏​គួរ​ឲ្យ​ភ័យខ្លាច​មួយ បង្ខំ​ឲ្យ​យន្តហោះ​ចុះចត​អស់ពីរ​ម៉ោង​
05, May 2016 , 8:39 am        
រូបភាព
ដោយ: ធីតា
 
​យន្តហោះ​ក្រុមហ៊ុន Qantas ដែល​ហោះហើរ​ពី​ក្រុង Perth ទៅ​ក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី បាន​បង្ខំចិត្ត​ចុះចត​រយៈពេល​២​ម៉ោង​កាលពី​ចុង​សប្តាហ៍​កន្លងមក បន្ទាប់ពី​អ្នកដំណើរ​ម្នាក់​ឃើញ Wi-Fi Hotspot មួយ​ដែលមាន​ឈ្មោះថា «mobile detonation device» (​ឧបករណ៍​បំផ្ទុះ​ចល័ត​)​។​

 
​មុន​ពេលដែល​យន្តហោះ​ចេញពី​អាកាសយានដ្ឋាន Melbourn Airport អ្នកដំណើរ​ស្រី​ម្នាក់ បានឃើញ Wi-Fi ដែលមាន​ឈ្មោះថា «mobile detonation device» (​ឧបករណ៍​បំផ្ទុះ​ចល័ត​)​។ គាត់​បាន​រាយការណ៍​ទៅកាន់​បុគ្គលិក​យន្តហោះ បន្ទាប់​មកពី​ឡុ​ត និង​ភ្នាក់ងារ​សន្តិសុខ​អាកាសយានដ្ឋាន បានសម្រេច​ឲ្យ​យន្តហោះ​ចុះចត ដោយ​ខ្លាចក្រែង​មានការ​គម្រាមកំហែង​ភេរវកម្ម​។​
 
​បុគ្គលិក​យន្តហោះ បាន​ប្រាប់​អ្នកដំណើរ​ឲ្យ​រាយការណ៍​ពី Wi-Fi ឈ្មោះ​ដ៏​សាហាវ​នេះ ប៉ុន្តែ​គ្មាន​អ្នកណាម្នាក់​ចេញមុខ​ឡើយ​។ បន្ទាប់មក អ្នកដំណើរ​ទាំងអស់​ត្រូវ​បានស្នើ​ឲ្យ​ចុះ​ពី​យន្តហោះ​ដើម្បី​ទទួល​ការត្រួតពិនិត្យ​សារជាថ្មី រួមទាំង​កាបូប​របស់​ពួកគេ​ផងដែរ ប៉ុន្តែ​គ្មាន​អ្វីដែល​គួរ​ឲ្យ​សង្ស័យ​នោះឡើយ​។​
 
​ក្រោយ​ការ​ចុះចត​អស់​រយៈពេល​២​ម៉ោង យន្តហោះ​សម្រេច​ហោះហើរ​ធម្មតា ប៉ុន្តែ​ក្នុងនោះ អ្នកដំណើរ​ប្រមាណ​៥០​នាក់ បានធ្វើ​ការបដិសេធ ដោយ​សម្រេច​ទៅ​ជិះ​យន្តហោះ​ជើង​ថ្មី​មួយទៀត​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់ Channel Seven​។​
 
​គេ​ជឿថា ម្ចាស់ Wi-Fi អាច​ស្ថិត​ក្នុងចំណោម​មនុស្ស​ដែល​នៅ​អាកាសយានដ្ឋាន ដែល​ធ្វើឡើង​ក្នុង​គោលបំណង​លេងសើច​តែប៉ុណ្ណោះ​៕

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com