អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ច​ន កា​សិ​ក ដកខ្លួន​ទុក​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​តំណាង​បក្ស
05, May 2016 , 10:50 am        
រូបភាព
ដោយ: ថ្មីៗ
​​បេក្ខជន​បក្ស​សាធារណរដ្ឋ និង​ជា​អភិបាលរដ្ឋ Ohio លោក ច​ន កា​សិ​ក (John Kasich) បានប្រកាស​ដកខ្លួន​ចេញពី​ការប្រកួតប្រជែង​ក្នុង​បក្ស​នៅ​ថ្ងៃ ៤​ឧសភា​ម្សិលមិញ​នេះ​។ ការដកខ្លួន​របស់លោក​កើតឡើង​មួយថ្ងៃ​ក្រោយ​លោក ថេត គ្រុស (Ted Cruz) សម្រេច​ដកខ្លួន​ដែរ ហើយ​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ក៏​ក្លាយជា​តំណាង​បក្ស​ជា​ស្វ័យប្រវត្តិ​។​


​ចុងក្រោយ អភិបាលរដ្ឋ Ohio លោក ច​ន កា​សិ​ក ក៏​ប្រកាស​ដើរ​ចេញពី​ការប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ក្នុង​បក្ស​ដែរ​។ ការសម្រេចចិត្ត​នេះ​កើតឡើង​ត្រឹម​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​លោក ថេត គ្រុស ថា​លោក​បញ្ចប់​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​។ ការដកខ្លួន​ចេញ​របស់​អ្នក​ទាំងពីរ ជួយ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​អ្នកតំណាង​របស់​បក្ស​សាធារណរដ្ឋ​ជា​ស្វ័យប្រវត្តិ​។​
 
​យ៉ាងណាមិញ កាលពី​ម្សិលមិញ​នេះ មុន​មានការ​ប្រកាស​ដកខ្លួន​ចេញ​ជា​ផ្លូវការ លោក ច​ន កា​សិ​ក បាន​ថ្លែងប្រាប់​អ្នកគាំទ្រ​លោក​ថា មានតែ​លោក​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​ផ្តល់​ក្តីសង្ឃឹម​សម្រាប់​បក្ស​សាធារណរដ្ឋ​បាន​។ ដែល​មានន័យថា អ្នក​សាធារណរដ្ឋ​ត្រូវ​បន្ត​គាំទ្រ​លោក បើ​ចង់​ឃាំង​លោក ដូ​ណា​ល់ ត្រាំ មិន​ឲ្យ​បន្ត​ទៅមុខទៀត​។   
 
​តែ​បញ្ហា​ត្រង់​ថា កន្លងមក​លោក ច​ន កា​សិ​ក ស្ថិតនៅ​លេខ​រៀង​ក្រោម​គេ​បង្អស់ ព្រោះ​មិនបាន​ទទួល​សំឡេងគាំទ្រ​ច្រើន​ឡើយ​។ បើ​និយាយ​ទៅ ទោះជា​លោក​ត្រដរ​នៅ​ក៏​មិនមាន​លទ្ធភាព​អ្វី​ផ្តួល​សេដ្ឋី​អចលនទ្រព្យ​លោក ដូ​ណា​ល់ ត្រាំ ឡើយ​។ លោក​អាចមាន​សង្ឃឹម​ម្យ៉ាង​គត់​គឺ នៅ​បន្ត​ឃោសនា​ដល់​ថ្ងៃ​សមាជ​បក្ស​ចុងក្រោយ ព្រោះ​ពេល​អ្នក​សាធារណរដ្ឋ​ប្រមូល​ផ្តុំគ្នា គេ​នឹង​អាច​សម្រេច​ជាថ្មី​ចំពោះ​អ្នក​ដែល​ត្រូវ​តំណាង​បក្ស​ទៅ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​។ 
 
​ប៉ុន្តែ វា​មិនអាច​ទៅរួច​ឡើយ​។ កន្លងមក​លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ថា​នឹង​បង្កើត​បញ្ហា​និង​កុប្បកម្ម បើសិនជា​គណបក្ស​សាធារណរដ្ឋ​មិន​ជ្រើសរើស​លោក​ជា​បេក្ខជន​តំណាង​គណបក្ស នៅពេលដែល​លោក​បានទទួល​ជ័យជម្នះ​បន្តបន្ទាប់​និង​បាន​សំឡេង​គ្រប់គ្រាន់​ហើយ​នោះ​។ 
 
​គេ​រំពឹងថា លោក ច​ន កា​សិ​ក ប្រហែលជា​អាច​ឈរឈ្មោះ​ប្រកួតប្រជែង​យក​តំណែង​អនុ​ប្រធានាធិបតី​។ លោក ច​ន កា​សិ​ក ផ្ទាល់​មិនបាន​បញ្ជាក់​ឬ​បកស្រាយ​បែបណា​ទេ ចំពោះ​ការ​ប្រជែង​យក​តំណែង​អនុ​ប្រធានាធិបតី​នេះ​។ ប៉ុន្តែ​លោក ដូ​ណា​ល់ ត្រាំ ដែល​នាំមុខគេ​និង​ជាក់ស្តែង​ក្លាយជា​តំណាង​របស់​បក្ស​ទៅហើយនោះ បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា លោក​ពេញចិត្ត​លោក ច​ន កា​សិ​ក ហើយ​លោក​ក៏​ចង់​ឲ្យ​លោក ច​ន កា​សិ​ក ក្លាយជា​អនុ​ប្រធានាធិបតី​នៅពេលដែល​លោក​ក្លាយជា​ប្រធានាធិបតី​៕
 

Tag:
 ចន កាសិក
  ថេត គ្រុស
  ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com